ក្រុម​កីឡាករ​មក​ពី​អឺរ៉ុប​នឹង​បើក​ការ​ប្រកួត​ប្រជែង​កីឡា​ផ្សង​ព្រេង​នៅ​ខេត្ត​សៀមរាប

0:00 / 0:00

ក្លឹប​កីឡា​មក​ពី​ប្រទេស​អឺរ៉ុប កំពុង​សម្លឹង​ឃើញ​ថា តំបន់​ព្រៃ​របស់​ប្រាសាទ​បុរាណ និង​ទេសភាព​ផ្ទះ​បណ្ដែត​ទឹក​នៅ​បឹង​ទន្លេសាប នៃ​ខេត្ត​សៀមរាប គឺ​ជា​កន្លែង​ដែល​ពិភពលោក​មិន​ធ្លាប់​មាន​ទាល់​តែ​សោះ។

ការ​សម្លឹង​ឃើញ​ទេសភាព​ដ៏​កម្រ ជាមួយ​និង​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា រួសរាយ​រាក់ទាក់​ផង​នោះ ធ្វើ​ឱ្យ​ក្លឹប​កីឡា​នៃ​ប្រទេស​អឺរ៉ុប ជ្រើស​យក​ធ្វើ​ជា​កន្លែង​ប្រកួតប្រជែង​កីឡា​ផ្សង​ព្រេង​ដែល​ពុំ​ធ្លាប់​មាន​សោះ​នៅ​កម្ពុជា។

ព្រឹត្តិការណ៍​កីឡា​ផ្សង​ព្រេង​មួយ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា រ៉េដ​អាម៉ាហ្សូន (Raid Amazon) និង​ភាសា​បារាំង​ហៅ​ថា ឡាប​វែរ (L´arbe Vert) នឹង​រៀបចំ​ការ​ប្រកួតប្រជែង​នៅ​ខេត្ត​សៀមរាប រយៈពេល ៥​ថ្ងៃ នៅ​ចុង​ខែ​វិច្ឆិកា នេះ។

ក្រុម​កីឡាករ​ស្ត្រី​មក​ពី​សហរដ្ឋ​អាមេរិក ប្រទេស​បារាំង កាណាដា និង​អូស្ត្រាលី ចំនួន​ជាង ២៦០​នាក់ នឹង​មក​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ជាច្រើន​ទាំង​នៅ​លើ​ដី ក្នុង​ព្រៃ និង​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប។

ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​ជាតិ​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ គឺ​លោក ថោង ខុន។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​វិច្ឆិកា ថា ក្លឹប​កីឡា​នៃ​ប្រទេស​អឺរ៉ុប នឹង​រៀបចំ​ប្រកួត​កីឡា​ផ្សង​ព្រេង​ដែល​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ​នៅ​កម្ពុជា នៅ​ក្នុង​បរិវេណ​ប្រាសាទ​បុរាណ និង​ផ្ទៃ​ទឹក​ទន្លេ​សាប​របស់​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

លោក ថោង ខុន ឱ្យ​ដឹង​ថា កីឡា​ផ្សង​ព្រេង​ដែល​មាន​អ្នក​ចូលរួម​ប្រកួត​សុទ្ធតែ​ស្ត្រី​នោះ គឺ​មាន​វិញ្ញាសា​ច្រើន​ប្រភេទ ដូចជា ការ​អុំ​ទូក​កាត់​ឧបសគ្គ​នៅ​បឹង​ទន្លេសាប ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ដើម្បី​ស្វែងរក​របស់​លាក់​ទុក មាន​ការ​ជិះ​កង់​ប្រណាំង និង​រត់​នៅ​តំបន់​ជុំវិញ​អង្គរ ព្រម​ទាំង​មាន​សំណួរ​ចម្លើយ​ផ្សេងៗ ជាដើម។

លោក ថោង ខុន បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ក្លឹប​បរទេស​ជ្រើស​យក​ប្រទេស​កម្ពុជា ធ្វើ​ជា​កន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍ ដោយសារ​តែ​គេ​មើល​ឃើញ​ប្រាសាទ​អង្គរ គឺ​ជា​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ ថែម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​រួសរាយ​រាក់​ទាក់។ បន្ថែម​ពី​លើ​នេះ​ទៀត ផ្ទះ​បណ្ដែត​ទឹក​បឹង​ទន្លេសាប នៅ​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម គឺ​ជា​ទេសភាព​ល្អ​បំផុត​ដែល​ពិភពលោក​ពុំ​ធ្លាប់​មាន៖ «លើក​ទី​១​ហើយ​នៅ​ស្រុក​ខ្មែរ។ មោទនភាព​ទី​១ គឺ​ថា​គេ​បាន​ជ្រើស​រើស​យក​ប្រទេស​យើង​ធ្វើ​ជា​កន្លែង​ប្រារព្ធ​ពិធី​ហ្នឹង។ ទី​២ យើង​គិត​ថា ឆ្លង​កាត់​ព្រឹត្តិការណ៍​កីឡា​ហ្នឹង អាច​នឹង​ជួយ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន​ថែម​ទៀត​ពី​ទេសចរណ៍​កម្ពុជា ព្រោះ​ថា​កីឡា​អ៊ីចឹង គឺ​ផលិតផល​ទេសចរណ៍​មួយ​ដ៏​ល្អ ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា កាន់​តែ​ខ្លាំង​ថែម​ទៀត ពិសេស​ផ្សព្វផ្សាយ​ពី​តំបន់​អង្គរ តំបន់​ទន្លេ​សាប​យើង​ហ្នឹង​ឱ្យ​ទាក់ទាញ​ទេសចរ​អឺរ៉ុប កាន់​តែ​ច្រើន ព្រោះ​កម្មវិធី​ហ្នឹង​គេ​ផ្សព្វផ្សាយ​នៅ​ទូរទស្សន៍​បារាំង និង​ទូរទស្សន៍​អឺរ៉ុប ច្រើន​ណាស់»

អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​មក​ពី​អឺរ៉ុប ឱ្យ​ដឹង​ថា កីឡា​ផ្សង​ព្រេង​នេះ​មិន​ត្រឹម​តែ​ជា​ការ​ឈ្នះ​ចាញ់​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ជា​ការ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​អ្នក​ទេសចរ​បរទេស​បាន​យល់​ដឹង​ពី​ទេសភាព​ស្រស់​បំព្រង និង​វប្បធម៌​យូរ​អង្វែង​របស់​កម្ពុជា ផង​ដែរ។

ប្រធាន​ក្រុមហ៊ុន ស៊ី.ប៊ី.អូ (CBO) និង​ជា​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​បារាំង លោក អាឡិចហ្សង់ (Alexan) មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អ្នក​ចូលរួម​ប្រកួត​កីឡា​ផ្សង​ព្រេង​សុទ្ធតែ​ស្រី ពីព្រោះ​តែ​យើង​មិន​សូវ​គិត​ពី​រឿង​ឈ្នះ​ចាញ់​ប៉ុន្មាន​ទេ៖ «ព្រឹត្តិការណ៍​នេះ​វា​មិន​មែន​ត្រឹម​តែ​កីឡា​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ស្វែង​យល់​ពី​ប្រទេស​ថ្មី និង​វប្បធម៌​ថ្មី ដែល​កីឡាករ​ពុំ​ធ្លាប់​ស្គាល់​ដែរ។ ប្រសិន​បើ​ក្រុម​បុរស​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នេះ គឺ​ពួក​គេ​អាច​គិត​តែ​ការ​យក​ឈ្នះ​ចាញ់ ហើយ​មិន​ចាប់​អារម្មណ៍​ចំពោះ​អ្វី​ដែល​គេ​ឃើញ​នៅ​ជុំវិញ​ខ្លួន​ទេ»

កាល​ពី​ឆ្នាំ​មុន ព្រឹត្តិការណ៍​កីឡា​នេះ​ធ្លាប់​បាន​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។