អតីត​អ្នក​បុរីកីឡា​សុំ​ឲ្យ​អនុ​ស្នងការ​អង្គការ​សហប្រជាជាតិ​ជួយ​ដោះស្រាយ​បញ្ហា​លំបាក

អតីត​អ្នក​បុរីកីឡា ដែល​ត្រូវ​បាន​ជម្លៀស​ទៅ​នៅ​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល សុំ​ឱ្យ​អនុ​ស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស គឺ​អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​លំបាក​របស់​ពួក​គាត់។

ការ​ស្នើសុំ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ប្រធាន​សហគមន៍​ភ្នំបាត លោក ទូច ខន ក្នុង​អំឡុង​ពេល​ដែល​អ្នកស្រី ហ្វ្លាវា ផាន់សៀរី ទៅ​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​អំពី​សហគមន៍​នេះ នៅ​ថ្ងៃ​ទី​១ ឧសភា ជាពិសេស គឺ​សុំ​ឱ្យ​មាន​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​កំពុង​រស់​នៅ៖ «គាត់​និយាយ​ជាមួយ​ខ្ញុំ​ច្រើន។ គាត់​សួរ​ខ្ញុំ​តាំង​ពី​បញ្ហា​ចាស់​ជរា ទាំង​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​សហគមន៍​ហ្នឹង​មាន​ប៉ុន្មាន អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​មាន​ប៉ុន្មាន គាត់​សួរ​ខ្ញុំ​ទាំងអស់។ គាត់​ឆ្លើយ​តប​ថា អូខេ ហើយ​ខ្ញុំ​សំណូមពរ​គាត់ គាត់​ថា​គាត់​នឹង​យក​រឿង​ហ្នឹង​ទៅ​ពិភាក្សា។ ហើយ​មួយ​ទៀត គាត់​នឹង​ពិភាក្សា​គ្នា​ពី​រឿង​ដី​ក្រុមហ៊ុន​ហ្នឹង តើ​ផ្ទេរ​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ដោះដូរ​ពី​បុរីកីឡា មក​ភ្នំបាត​នេះ។ ក្រុមហ៊ុន​គាត់​ភ្នំបាត តែ​តាម​ការ​ពិត​មិន​មែន​ភ្នំបាត ទេ គឺ​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ អ៊ីចឹង ក្រុមហ៊ុន​ហ្នឹង​និយាយ​ខុស មិន​មែន​ភ្នំបាត​ទេ។ អ៊ីចឹង​គាត់​ថា រឿង​ហ្នឹង​គាត់​នឹង​យក​ទៅ​ពិភាក្សា​គ្នា ហើយ​គាត់​នឹង​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល»

សហគមន៍​ភ្នំបាត ជាង ១០០​គ្រួសារ គឺ​ជា​អតីត​ពលរដ្ឋ​ដែល​រស់​នៅ​បុរីកីឡា រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ក្រុមហ៊ុន ផាន អ៊ីមិច (Phanimex) និង​រដ្ឋាភិបាល ជម្លៀស​ឱ្យ​ទៅ​នៅ​ទី​នោះ ដោយ​ការ​សន្យា​ដោះដូរ​ដី និង​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត។ លោក ទូច ខន ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល និង​ក្រុមហ៊ុន​មិន​បាន​ជួយ​អ្វី​ទេ ហើយ​ដី​ដែល​ពួក​គាត់​កំពុង​រស់​នៅ​នោះ មាន​តែ​លិខិត​កាន់​កាប់​បណ្ដោះ​អាសន្ន រីឯ​ប្លង់​រួម គឺ​ក្រុមហ៊ុន​ជា​អ្នក​កាន់​កាប់។

អ្នកស្រី ហ្វ្លាវា ផាន់សៀរី នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ឧសភា។ តាម​គម្រោង​មុន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា អ្នកស្រី​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​ស្ដី​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។