អ្នក​សេដ្ឋកិច្ច​បារម្ភ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​សហគមន៍​អឺរ៉ុប

0:00 / 0:00

សមាគម​រោងចក្រ​នៅ​កម្ពុជា និង​អ្នក​សេដ្ឋកិច្ច ​សំដែង​ក្ដី​បារម្ភ​ចំពោះ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ បន្ថែម​ពី​លើ​កត្តា​ប្រឈម​នានា ដែល​មាន​ស្រាប់​នៅ​បច្ចុប្បន្ន។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម និង​សហគមន៍​អឺរ៉ុប​ បាន​ព្រមព្រៀង​គ្នា​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ក្រោយ​ពី​ការ​ចរចា​អស់​ពេល​ជិត ៣​ឆ្នាំ​មក។

​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​សហគមន៍​អឺរ៉ុប ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា រង់ចាំ​តែ​ការ​សម្រេច​ចុង​ក្រោយ​ពី​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប និង​សភា​នៃ​សហភាព​អឺរ៉ុប បាន​ក្លាយ​ជា​កង្វល់​ថ្វី​មួយ​ទៀត​ដល់​សមាគម​រោងចក្រ​កាត់ដេរ និង​អ្នក​សេដ្ឋកិច្ច​នៅ​កម្ពុជា។

បើ​កិច្ចព្រមព្រៀង​នេះ​ទទួល​បាន​ការ​ឯកភាព​ពី​ក្រុមប្រឹក្សា និង​សភា​អឺរ៉ុប ទំនិញ​នាំចេញ​ចម្បងៗ​របស់​វៀតណាម ដែល​ក្នុង​នោះ​មាន​ផលិតផល​វាយនភណ្ឌ​ផង​នោះ នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​អឺរ៉ុប ដែល​បច្ចុប្បន្ន​ជា​ទីផ្សារ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​ដ៏​ធំ​បំផុត​របស់​កម្ពុជា។

តួលេខ​អំពី​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​កើន​ឡើង​ជា​លំដាប់ គឺ​មាន​ទំហំ​ទឹក​ប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក (១.៩២៩.០០០) នៅ​ឆ្នាំ​២០១៣ កើន​ដល់​ជិត ២.៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក (២.៤៥៨.០០០) នៅ​ឆ្នាំ​២០១៤។ តួលេខ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា សហគមន៍​អឺរ៉ុប​នៅ​តែ​ជាទី​ផ្សារ​ធំ​បំផុត​របស់​វិស័យ​កាត់ដេរ​កម្ពុជា នាំ​មុខ​ទីផ្សារ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ ក្នុង​រយៈពេល​បី​ខែ​ដើម​ឆ្នាំ​២០១៥​នេះ។

ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​សហភាព​អឺរ៉ុប​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច​នៅ​កម្ពុជា យល់​ថា ជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ខណៈ​វិស័យ​នេះ​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​វៀតណាម ស្រាប់។

យ៉ាង​ណា​ក៏ដោយ អ្នក​សេដ្ឋកិច្ច លោក ស្រី ចន្ធី យល់​ឃើញ​ថា នឹង​មិន​ទាន់​ហុច​ផល​ប៉ះពាល់​ភ្លាមៗ​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ឡើយ ប៉ុន្តែ​លោក​ថា ផល​ប៉ះពាល់​ក្នុង​ពេល​អនាគត​អាច​នឹង​មាន​ភាព​ធំធេង៖ «ខ្ញុំ​គិត​ថា វា​អាច​នឹង​មាន​វិសាលភាព​គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​ក្នុង​ឆ្នាំ​ក្រោយ ពីព្រោះ​ឥឡូវ​នេះ ថ្វី​ត្បិតតែ​កិច្ច​ព្រមព្រៀង​ហ្នឹង​បាន​សម្រេច​ចុះ​ហត្ថលេខា​អី​មែន ក៏ប៉ុន្តែ​ភាគី​ទាំង​សង​ខាង​ហ្នឹង​គាត់​ត្រូវ​ធ្វើ​កិច្ចការ​ដទៃ​ច្រើន​ទៀត​ដើម្បី​សម្រួល​ឲ្យ​ពាណិជ្ជករ​អាជីវករ​របស់​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ក៏​ដូចជា​វៀតណាម ហ្នឹង អាច​ធ្វើ​ការ​រក​ស៊ី​ជាមួយ​គ្នា​បាន»

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា លើក​ឡើង​ថា ឧស្សាហកម្ម​នេះ​កំពុង​ជួប​ប្រទះ​ភាព​ត្រដាបត្រដួស​ក្នុង​ការ​ប្រកួត​ប្រជែង​ដោយសារ​តែ​ផលិតភាព​មាន​កម្រិត​ទាប ចលាចល​ការងារ និង​សម្ពាធ​ប្រាក់​ឈ្នួល។

​ទិន្នន័យ​របស់​សមាគម​រោងចក្រ​កាត់ដេរ​បាន​បង្ហាញ​ថា ផលិតភាព​ការងារ​របស់​រោងចក្រ​នៅ​កម្ពុជា មាន​កម្រិត ៦០% ធៀប​នឹង​ផលិតភាព​ការងារ​របស់​រោងចក្រ​ក្នុង​ប្រទេស​ចិន ដែល​ត្រូវ​បាន​យក​មក​ប្រើ​ជា​និយាម​ការ​ប្រៀបធៀប​លើ​កម្រិត​ផលិតភាព ១០០%។ ផលិតភាព​ការងារ​របស់​កម្ពុជា ក្នុង​កម្រិត ៦០% នេះ គឺ​ទាប​ជាង​ផលិតភាព​ការងារ​របស់​រោងចក្រ​នៅ​ប្រទេស​វៀតណាម ដែល​មាន​កម្រិត ៨០%។

សមាគម​រោងចក្រ​កាត់ដេរ លើក​ឡើង​ដែរ​ថា កត្តា​ដែល​រួម​ចំណែក​ដល់​កម្រិត​ផលិតភាព​ទាប​របស់​រោងចក្រ​នៅ​កម្ពុជា គឺ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាង​ប្រទេស​វៀតណាម ពោល​គឺ​កម្មករ​កម្ពុជា ធ្វើ​ការ​តិច​ជាង​កម្មករ​នៅ​វៀតណាម ចំនួន ១៩​ថ្ងៃ។ បន្ថែម​លើ​នេះ ការ​ចំណាយ​លើ​ថ្លៃ​ថាមពល​នៅ​កម្ពុជា ខ្ពស់​ជាង​វៀតណាម ជិត​បី​ដង។

ទន្ទឹម​នឹង​នេះ ភាគី​ថៅកែ​រោងចក្រ​ក៏​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ទាមទារ​ប្រាក់ខែ​គោល​ថ្មី​សម្រាប់​ឆ្នាំ​២០១៦ ពី​សំណាក់​ភាគី​សហជីព​កម្មករ​បន្ថែម​ពី​លើ​ប្រាក់ខែ​គោល​បច្ចុប្បន្ន ១២៨​ដុល្លារ។ តាម​គម្រោង ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​នឹង​ជួប​ចរចា​ទ្វេភាគី​ស្ដីពី​ប្រាក់ខែ​គោល​ថ្មី​នេះ នៅ​ក្នុង​ខែ​សីហា ហើយ​ចរចា​ត្រី​ភាគី​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​រដ្ឋាភិបាល​ក្នុង​ខែ​កញ្ញា ដើម្បី​ឈាន​ទៅ​សម្រេច​កំណត់​យក​ប្រាក់​ខែ​គោល​ថ្មី​សម្រាប់​ឆ្នាំ​២០១៦ ក្នុង​ខែ​តុលា នេះ។ ការចរចា​នោះ​ត្រូវ​បាន​កំណត់​ថា ត្រូវ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​ផ្នែក​សង្គម ទន្ទឹម​គ្នា​នឹង​ផ្នែក​សេដ្ឋកិច្ច ពោល​គឺ​ត្រូវ​គិតគូរ​ទាំង​ស្ថានភាព​ជីវភាព​រស់​នៅ​របស់​កម្មករ ទាំង​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច ដូច​ដែល​មាត្រា ១០៧ នៃ​ច្បាប់​ការងារ​កម្ពុជា បាន​ចែង។

អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (C.CAWDU) លោក គង់ អាទិត្យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ថា ខាង​សហជីព​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ប្រាក់ខែ​គោល​ថ្មី​នេះ។ ដោយ​ឡែក​ខាង​ភាគី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គ្រោង​នឹង​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​សមាជិក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា នេះ។

បន្ថែម​ពីលើ​បញ្ហា​ទាមទារ​ប្រាក់​ឈ្នួល​នេះ សមាគម​រោងចក្រ​កាត់ដេរ​ចាត់​ទុក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វាង​វៀតណាម និង​សហគមន៍​អឺរ៉ុប ជា​ការ​គំរាមកំហែង​មួយ​ទៀត​ដល់​វិស័យ​នេះ ស្រប​ពេល​នឹង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ធ្លាក់​ចុះ ពី​បរិមាណ​នាំ​ចេញ​ដែល​មាន​តម្លៃ​ជាង ២​ពាន់​លាន​ដុល្លារ (២.០៦៨.០០០) ក្នុង​ឆ្នាំ​២០១៣ មក​នៅ​ជាង ១.៩០០​លាន​ដុល្លារ (១.៩៤៤.០០០) ក្នុង​ឆ្នាំ​២០១៤ ដូច​ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​នាំ​ចេញ​សរុប​នៃ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​កើន​ឡើង​ជា​លំដាប់​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៥.៣០០​លាន​ដុល្លារ (៥.៣២០.០០០) ក្នុង​ឆ្នាំ​២០១៣ ដល់​ជាង ៥.៨០០​លាន​ដុល្លារ (៥.៨១៧.០០០) ក្នុង​ឆ្នាំ​២០១៤។

វិស័យ​ឧស្សាហកម្ម​នេះ​ផ្ដល់​ការងារ​ដល់​កម្មករ​កម្ពុជា ប្រមាណ ៦០​ម៉ឺន​នាក់។ យ៉ាង​ណា​កំណើន​នេះ​ត្រូវ​បាន​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា យល់​ថា កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​នៅ​ឡើយ​ក្នុង​ពេល​អនាគត ដែល​លោក​ថា ទាមទារ​ឲ្យ​មាន​ការ​ពិចារណា​ល្អិតល្អន់។

លោក កាំង ម៉ូនីកា បន្ថែម​ដូច្នេះ៖ «ជា​ការ​ពិត​ហើយ ប្រាក់​ឈ្នួល​វា​ត្រូវ​តែ​មាន​ការ​កើន​ឡើង​ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប៉ុន្តែ​យើង​មិន​អាច​រុញ​សម្ពាធ​ហ្នឹង​មក​ឲ្យ​តែ​និយោជក​ដែល​ជា​ភាគី​ម្ចាស់​រោងចក្រ​បាន​ទេ វា​ទាមទារ​ការ​រួម​ចំណែក​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ក្នុង​ហ្នឹង​ដែរ​វា​មាន​រដ្ឋាភិបាល​ដែរ​ថា តើ​ត្រូវ​ជួយ​វិស័យ​ហ្នឹង​យ៉ាង​ម៉េច មាន​គោលនយោបាយ​លើក​ទឹក​ចិត្ត​យ៉ាង​ម៉េច ជួយ​សម្រួល​ពាណិជ្ជកម្ម​ហ្នឹង​យ៉ាង​ម៉េច​អ៊ីចឹង​ទៅ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​អាច​ពិនិត្យ​មើល​ហើយ​ពិចារណា»

​ដើម្បី​សម្រួល​ដល់​ការ​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​វិស័យ​នេះ នាយក​វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិក្សា​ការ​អភិវឌ្ឍ លោក កង ច័ន្ទតារារ័ត្ន លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ជួយ​សម្រួល​បន្ទុក​របស់​ភាគី​ក្រុមហ៊ុន​រោងចក្រ ចៀសវាង​ទម្លាក់​បន្ទុក​ដល់​កម្មករ​ដែល​ត្រូវ​ការ​ប្រាក់​ឈ្នួល​សម្រាប់​ផ្គត់ផ្គង់​សមាជិក​គ្រួសារ​ដែល​ភាគ​ច្រើន​រស់​នៅ​តាម​ជនបទ។

​លោក កង ច័ន្ទតារារ័ត្ន៖ «វា​មាន​កត្តា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​សម្រួល​ដើម្បី​បង្កើន​នូវ​កម្លាំង​ប្រជែង​របស់​យើង។ ខ្ញុំ​ទទួល​ស្គាល់​ដូចជា​ថ្លៃ​អគ្គិសនី ថ្លៃ​ដឹក​ជញ្ជូន ប្រព័ន្ធ​រត់ការ​ឯកសារ​អី​ផ្សេងៗ រហូត​តាំង​ពី​ការ​សុំ​ច្បាប់ វិនិយោគ​តាំង​ពី​ដើម​ឡើយ។ បើ​យើង​សម្រួល​អ៊ីចឹង​ទៅ គឺ​យើង​បាន​សន្សំសំចៃ​លុយ​ច្រើន។ ថៅកែ​ក៏​មាន​ផល​ល្អ​ច្រើន​ចេញ​ពី​ហ្នឹង ដើម្បី​ទៅ​ប្រជែង​ជាមួយ​គេ ឈាន​ទៅ​ដល់​មាន​ឱកាស​បន្ថែម​ប្រាក់​ខែ​ទៅ​ដល់​កម្មករ យើង​សម្រួល​អា​ខ្ទង់​ផ្សេង កុំ​ដាក់​បន្ទុក​មក​លើ​កម្មករ»

​របាយការណ៍​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដែល​បាន​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ​នៅ​រោងចក្រ​ចំនួន ៣៩៣ ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា បង្ហាញ​ថា លក្ខខណ្ឌ​ការងារ​របស់​រោងចក្រ​មាន​ការ​កែ​លម្អ​តិចតួច​ប៉ុណ្ណោះ។ ផ្ដើម​ចេញ​ពី​កត្តា​នេះ រូ​ម​ផ្សំ​នឹង​កត្តា​ដទៃ​ទៀត ធ្វើ​ឲ្យ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​លើស​ការ​ផ្ដល់​ឲ្យ​របស់​ភាគី​ថៅកែ នាំ​ឲ្យ​ការ​ចរចា​ប្រាក់​ឈ្នួល​កន្លង​មក​តែង​ជួប​ប្រទះ​ការ​ខ្វែង​គំនិត​គ្នា​រវាង​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព។ ជាក់ស្ដែង​ការ​មិន​យល់​ស្រប​គ្នា​នេះ បាន​ឈាន​ដល់​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ដែល​បណ្ដាល​ឲ្យ​បាតុករ​យ៉ាង​តិច ៤​នាក់​ស្លាប់។

ទន្ទឹម​នេះ នៅ​ស្រប​ពេល​សមាគម​កាត់​ដេរ ជីម៉ាក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សំដែង​ពី​ការ​ប្រឈម​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​កម្មករ​ក៏​ទាមទារ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ដែរ ដោយ​ពួកគាត់​អះអាង​ថា ប្រាក់​ឈ្នួល​បច្ចុប្បន្ន​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​បាន​នោះ​ទេ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។