ស្ថានទូតអាមេរិក និងសមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិកបានរៀបចំសន្និសីទថ្នាក់ជាតិមួយ ដើម្បីចែករំលែកបទពិសោធន៍ទទួលអាហារូបករណ៍ទៅបរទេសដល់យុវជនកម្ពុជា នៅថ្ងៃទី២៦ ខែតុលា នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ ក្នុងរាជធានីភ្នំពេញ។ អតីតនិស្សិតទទួលបានអាហារូបករណ៍មានមតិថា និស្សិតខ្មែរដែលទទួលបានអាហារូបករណ៍នៅមានកម្រិតតិចតួច និងកង្វះព័ត៌មានពីការផ្ដល់អាហារូបករណ៍ទាំងនោះ។
និស្សិតធ្លាប់ទទួលអាហារូបករណ៍ទៅសិក្សានៅបរទេសអះអាងថា ការចេះភាសាបរទេស ការទទួលបានព័ត៌មានគ្រប់គ្រាន់ពីប្រភេទអាហារូបករណ៍ ការសិក្សាស្រាវជ្រាវចំណេះដឹងទូទៅ និង បទពិសោធន៍ការងារស្ម័គ្រចិត្ត គឺជាកត្តាគន្លឹះដែលធ្វើឲ្យសិស្សនិស្សិត ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស។
ការលើកឡើងអំពីបទពិសោធន៍ស្វែងរកអាហារូបករណ៍នេះធ្វើឡើងក្នុងពេលមានការជួបជុំ យុវជនមកពីសាកលវិទ្យាល័យនានាជាង៧រយនាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នាយកកម្មវិធីនៃសមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិកហៅកាត់ថា ហ្វូហ្សេក (FUSAAC) និងជានិស្សិតឆ្នាំទី៤ផ្នែកសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ឡាវ សុខងីម ថ្លែងថា អតីតនិស្សិតដែលបានជាប់អាហារូបករណ៍ជាច្រើននាក់នឹងចែករំលែកបទពិសោធន៍ជូនយុវជន ថែមទាំងពាំនាំនូវព័ត៌មានអំពីអាហារូបករណ៍ដែលនឹងជ្រើសរើសទៅសិក្សានៅប្រទេសជប៉ុន ទីក្រុងហុងកុង និងប្រទេសអឺរ៉ុបមួយចំនួនទៀតផង។ កញ្ញាបន្តថា វាគួរឲ្យសោកស្ដាយចំពោះយុវជនដែលបាត់បង់ឱកាសដោយសារតែខកខានមិនបានទទួលដំណឹងនៃការផ្ដល់អាហារូបករណ៍ពីកម្មវិធីមួយចំនួន៖ «ទី១សំខាន់ជាងគេសមត្ថភាពអង់គ្លេស យល់ល្អគាត់អាចប្រឡងជាIL ឬក៏ ថស់ហ្វល (Toefl) ឲ្យ ហើយត្រៀមខ្លួនឲ្យស្រេច អ៊ីចឹងហើយបើមានឱកាសគឺគាត់ដាក់តែម្ដង។ ទី២វិញគឺគាត់ត្រៀមស៊ីវី(CV) ឲ្យហើយឲ្យច្បាស់ថាយើងបានធ្វើអីគេខ្លះ យើងមានបទពិសោធន៍អីគេខ្លះឲ្យស្គាល់ខ្លួនយើងឲ្យច្បាស់សិន មុននឹងដាក់អ៊ីចឹងណា។ បើសិនជាធ្លាក់យើងអាចដាក់បានទៀត ព្រោះអីដូចជាខ្ញុំបានទៅគ្រាន់តែ៣ប្រទេសក៏ដោយតែខ្ញុំបានដាក់ច្រើនជាង៣ប្រទេសអី ទៀត»។
កញ្ញាថ្លែងបែបនេះនៅក្នុងសន្និបាតថ្នាក់ជាតិឆ្នាំ២០១៤ ស្ដីពីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅបរទេសដែលរៀបចំដោយសមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក និងស្ថានទូតអាមេរិក។
សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិកហ្វូហ្សេក បានបង្កើតឡើងក្នុងឆ្នាំ២០១០ គឺបានប្រែក្លាយពីសមាគមអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជា ដែលបានចងក្រងតាំងពីឆ្នាំ២០០០។ សមាគមនេះមានសមាជិកជាង២រយនាក់ ដែលជាអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក។
និស្សិតមួយរូបដែលបានចូលរួមក្នុងកម្មវិធីនេះ យុវជន សុខ លីហៃ ដែលបច្ចុប្បន្នសិក្សាផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យន័រតុន និងមុខវិជ្ជាភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេសអាយហ្វេសអិល (IFL) បាននិយាយថា រូបគាត់មិនធ្លាប់បានដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនោះទេ ពីព្រោះតែខ្វះព័ត៌មានពីអាហារូបករណ៍។ ប៉ុន្តែនៅពេលនេះជាឱកាសល្អដែលរូបគាត់បានទទួលបទពិសោធន៍ជាច្រើនពីនិស្សិតដែលជោគជ័យបានទៅសិក្សានៅបរទេស៖ «ចំណេះដឹងនៅកម្ពុជារបស់យើងគឺថា មានកម្រិតហើយតែយើងបានធ្លាប់ដឹងធ្លាប់ស្គាល់ទៅក្រៅប្រទេសយើង អាចស្គាល់ ឬក៏ដឹងនូវចំណេះដឹងថ្មីៗ ស្គាល់មនុស្សថ្មី ស្គាល់ពីវប្បធម៌ ពីជាតិសាសន៍របស់គេច្រើនជាងដែលយើងនៅក្នុងប្រទេស»។
អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតអាមេរិក លោក អ៊ុយ អក្ខរា មានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងការផ្ដល់អាហារូបករណ៍ឲ្យសិស្សនិស្សិតកម្ពុជា គឺស្ថានទូតអាមេរិកចង់បង្កើតទំនាក់ទំនងល្អនិងការយោគយល់គ្នារវាងពលរដ្ឋនៃប្រទេសទាំងពីរ។ មួយវិញទៀត កិច្ចសហការគ្នានាពេលនេះគឺជាការបង្ហាញការយកចិត្តទុកដាក់និងការជ្រោមជ្រែងដល់និស្សិតដែលទទួលបានអាហារូបករណ៍ឲ្យធ្វើសកម្មភាពផ្សេងៗដើម្បីចូលរួមចំណែកក្នុងសហគមន៍និងប្រទេសជាតិនៅពេលពួកគេត្រឡប់មកវិញ។ លោកថាមានគន្លឹះសំខាន់ៗមួយចំនួនដែលស្ថានទូតមានតម្រូវការសម្រាប់ផ្ដល់អាហារូបករណ៍ដល់និស្សិត៖ «អ្វីដែលសំខាន់គឺយើងធ្វើយ៉ាងកុំមានកង្វះខាតទៅតាមកម្មវិធីមួយៗ តម្រូវការចំពោះកម្មវិធីមួយៗ គឺមាននៅក្នុងសេចក្ដីប្រកាសលើព័ត៌មាននៅក្នុងគេហទំព័ររបស់ស្ថានទូតអាមេរិកទៅតាមកម្មវិធីមួយៗ ការបំពេញនូវរាល់អ្វីដែលយើងត្រូវការនោះ គឺជារឿងសំខាន់បំផុតដូចជាការបំពេញសេចក្ដីថ្លែងការណ៍អំពីខ្លួនឯង បានន័យថាយើងត្រូវបង្ហាញអំពីខ្លួនឯង ពីអ្វីដែលយើងមានហើយបង្ហាញទៅអ្នកជ្រើសរើសថាតើយើងមានសមត្ថភាពអ្វីគ្រប់គ្រាន់ហើយមានលក្ខណៈបែបណា ពិសេសបែបណាដើម្បីបង្ហាញដល់អ្នកជ្រើសរើសឲ្យគាត់មានចំណាប់អារម្មណ៍ឲ្យជ្រើសរើសយើងចូលក្នុងកម្មវិធីនោះបាន»។
មន្ត្រីស្ថានទូតបានឲ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ១៩៩២ និងឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្នមានយុវជនកម្ពុជាជាង១ពាន់នាក់ដែលបានទទួលអាហារូបករណ៍ពីស្ថានទូតទៅសិក្សានៅសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
