សមាគម​រោងចក្រ​កាត់​ដេរ​ថ្កោលទោស​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ថ្កោលទោស​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន ដោយ​ចោទ​ថា​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម​មិន​គោរព​តាម​នីតិវិធី​ច្បាប់។ ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ តំណាង​សហជីព​ឆ្លើយ​តប​ថា ការ​ចោទ​ប្រកាន់​នេះ​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ជីម៉ាក់ ចោទ​ថា មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន​ធ្វើ​ការ​ទាមទារ​ផ្លាស់ប្ដូរ​កិច្ចសន្យា​ការងារ​របស់​កម្មករ​ពី​រយៈពេល​វែង​ទៅ​រយៈពេល​ខ្លី ដែល​សកម្មភាព​នេះ​បង្ហាញ​ពី​ការ​មិន​ដឹង​ផ្នែក​ច្បាប់ និង​បំផ្លាញ​ផល​ប្រយោជន៍​កម្មករ​និយោជក​ក្នុង​រយៈពេល​វែង។

លិខិត​ដដែល​លើក​ករណី​ជាក់ស្តែង​នៅ​រោងចក្រ អេឃីន​ថិច (Akeentex Pte) ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម​តាំង​ពី​ដើម​ខែ​កក្កដា មក​ទល់​សព្វថ្ងៃ ទាមទារ​ប្ដូរ​កិច្ចសន្យា​ការងារ និង​ទាមទារ​ឲ្យ​និយោជក​ធ្វើ​សំណង។

ទោះ​បែប​នេះ​ក្តី ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឆ្លើយ​តប​ថា លោក​មិន​បាន​ដឹក​នាំ​ឲ្យ​តវ៉ា​ប្ដូរ​ប្រភេទ​កិច្ចសន្យា​ពី​រយៈពេល​វែង​មក​ខ្លី​ទេ ប៉ុន្តែ​កម្មករ​គ្រាន់​តែ​ទាមទារ​បើក​ប្រាក់​ឈ្នួល។ លោក​បន្ត​ថា សេចក្តី​ថ្លែងការណ៍​នេះ​គ្រាន់​តែ​បំភ្លៃ​ការ​ពិត និង​ចង់​ឲ្យ​សាធារណជន​យល់​ខុស​ពី​ទង្វើ​របស់​លោក៖ «អ្វី​ដែល ជីម៉ាក់ ចេញ​សេចក្តី​ថ្លែងការណ៍​វា​ហាក់​ដូចជា​ខុស​ពី​ការ​ពិត។ ខ្ញុំ​មើល​ឃើញ​ថា ការ​ទាមទារ​របស់​កម្មករ​មិន​មាន​អ្វី​ខុស​ច្បាប់​ទេ ព្រោះ​ជា​សិទ្ធិ​របស់​គាត់»

ទោះ​យ៉ាង​ណា​ក៏ដោយ​ចុះ លោក ប៉ាវ ស៊ីណា គ្មាន​គម្រោង​ធ្វើ​លិខិត​ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា នោះ​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក​នឹង​ដឹក​នាំ​កម្មករ​ជាង ៦០០​នាក់ ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្រសួង​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។