មន្ត្រីសហជីពបានច្រានចោលចំពោះការប្រកាសជំហររបស់សមាគមរោងចក្រកាត់ដេរ ដែលនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ឲ្យដល់ ១៣០ដុល្លារនោះ ថានឹងជំរុញឲ្យមានសន្ទុះតវ៉ារបស់កម្មករ ក្នុងពេលពួកគេកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃប្រាក់ដំឡើងនេះ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី២០ ធ្នូ ថា រយៈពេល ៥ឆ្នាំដំឡើងឲ្យដល់ ១៣០ដុល្លារនេះ គឺជាចំនួនមួយទាបពេក ដែលតាមការវាស់ស្ទង់ កម្មករមិនអាចទទួលយកបានទេ ព្រោះមិនអាចឆ្លើយតបទៅនឹងការរស់នៅសមរម្យរបស់ពួកគេ។ ក្រៅពីនេះ ក៏មិនអាចកាត់បន្ថយនូវជម្លោះនៅតាមរោងចក្រសហគ្រាស ឬដោះស្រាយបញ្ហាចំណាកស្រុក និងបង្កើនការលើកទឹកចិត្តឲ្យកម្មករបានដែរ។
លោក អាត់ ធន់៖ «បើការសម្រេចនោះមិនបានឆ្លើយតបទៅដល់កម្មករទេ គឺទាំងរដ្ឋាភិបាល ទាំងសហជីពហ្នឹង ក៏មិនអាចរកបញ្ហាសន្តិភាពក្នុងវិស័យឧស្សាហកម្មឃើញដែរ ទោះបីជាការប្រជុំហ្នឹងយូរ ឬក៏ឆាប់យ៉ាងណាក៏ដោយ ប៉ុន្តែសំខាន់រដ្ឋាភិបាលត្រូវតែថ្លឹងថ្លែងមើលអំពីចំនួនហ្នឹង បើតិចអ៊ីចឹងវាមិនអាចឆ្លើយតបទេ គឺឡើងហ្នឹងវាមិនអាចមានន័យទេ។ ក្រោយពេលសម្រេចហើយ ខ្ញុំគិតថាកម្មករ និយោជិក ឬក៏តំណាងសហជីព គេនឹងប្រជុំគ្នាបើសិនជាគេមិនពេញចិត្តការបាតុកម្ម កូដកម្មនឹងកើតមានហើយ ក្នុងករណីដែលផ្ដល់ឲ្យហ្នឹងតិចតួចពេក គឺសម្រេចពេលនោះហើយ ខ្ញុំគិតថានឹងអាចមានបញ្ហាហើយ»។
ប្រតិកម្មនេះ បានកើតឡើងបន្ទាប់ពីលិខិតរបស់សមាគមរោងចក្រកាត់ដេរ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បង្ហាញថា ជាលទ្ធផលពីការពិគ្រោះយោបល់ជាមួយសមាជិកសមាគម បានរកឃើញសំណើជាផ្លូវការចំពោះការដំឡើង គឺចំនួន ១០ដុល្លារជាប្រចាំឆ្នាំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដែលពេលនោះប្រាក់ឈ្នួលអប្បបរមាអាចកើនដល់ ១៣០ដុល្លារ។
លិខិតដដែលបានសរសេរថា រដ្ឋាភិបាលមានផែនការដំឡើងប្រាក់ឈ្នួលអប្បបរមានេះឲ្យបានដល់ ១៦០ដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ គឺត្រឹមឆ្នាំ២០១៨ ដែលការដំឡើងនេះអាចនិយាយបានថា មានអត្រា ២០% ក្នុងរយៈពេល ១ឆ្នាំៗធៀបទៅនឹងប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន។ លិខិតបញ្ជាក់ថា ក្នុងការរកអត្រានេះ មានកម្រិតខ្ពស់ណាស់ដោយសង្កេតឃើញថា ថ្លៃបញ្ជាទិញមិនបានកើនឡើងខ្ពស់ដូចអត្រានេះទេ ហើយវាកាន់តែពិបាកថែមទៀតចំពោះរោងចក្រតូចៗដែលមិនមានអ្នកបញ្ជាទិញល្អ និងមិនមានផលិតភាពផលិតកម្មខ្ពស់។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ លោក អ៊ិត សំហេង និងមន្ត្រីក្រសួងមួយចំនួនទៀត មិនអាចទាក់ទងសុំការបកស្រាយជុំវិញលិខិតរបស់សមាគមរោងចក្រកាត់ដេរបានទេ នៅថ្ងៃទី២០ ធ្នូ។
កាលពីថ្ងៃ១៨ ធ្នូ សហភាពសហជីពធំៗចំនួន៨ បានពិភាក្សាគ្នារកឃើញចំណុចរួម៣ ដែលនឹងដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាថ្ងៃទី២៤ ខែធ្នូ។
ចំណុចទី១ គឺសហជីពបានប្រកាន់ជំហរទាមទារប្រាក់ឈ្នួលចន្លោះពី ១៥៧ដុល្លារ ទៅ ១៧៧ដុល្លារ។ ចំណុចទី២នោះ គឺការសម្រេចយករូបមន្តរបស់ក្រសួងការងារ បានដាក់ឲ្យ គឺដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យដល់កម្រិត ១៦០ដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ និងយល់ស្របក្នុងការពិភាក្សាបន្តទៅលើអត្ថប្រយោជន៍បន្ថែមជារៀងរាល់ឆ្នាំ។ រីឯចំណុចទី៣នោះ គឺការដំឡើងប្រាក់ឈ្នួល គឺត្រូវដំឡើងឲ្យកម្មករទូទៅស្មើភាពគ្នាទាំងអស់ ដោយមិនបូកបញ្ចូលទៅលើប្រាក់ឈ្នួលថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជា សោហ៊ុយធ្វើដំណើរ ថ្លៃបាយ ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ឡើយ។
នៅក្នុងលិខិតរបស់សមាគមរោងចក្រ ក្រៅអំពីការបង្ហាញជំហរដំឡើងប្រាក់ឈ្នួលជូនកម្មករ សមាគមនេះក៏ទទូចឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានតឹងរ៉ឹងនូវច្បាប់បញ្ញត្តិទាំងឡាយ ស្ដីពីការងារដោយគ្មានការលើកលែងចំពោះទាំងភាគីនិយោជក និងសហជីពកម្មករ ជាពិសេសការធ្វើកូដកម្មតាមនីតិវិធីច្បាប់ ការបង្កឲ្យមានអំពើហិង្សា និងការបំពានលើសិទ្ធិធ្វើការងាររបស់កម្មករដែលមិនមែនជាកូដកម្ម និងជំរុញឲ្យសភាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពឲ្យបានឆាប់។ យ៉ាងណា មន្ត្រីសហជីពចាត់ទុកការស្នើនេះ គឺជាវិធីសាស្ត្រនៃការដាក់គំនាបលើកម្មករ និងសហជីពមិនឲ្យមានការតវ៉ា។
របាយការណ៍របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បង្ហាញថា ៩០% នៃវិវាទ គឺកម្មករទាមទារសិទ្ធិការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
