កម្មកររោងចក្រក្បាលកោះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រមាណ ៣០០នាក់ នាំគ្នាតវ៉ាលើផ្លូវជាតិលេខ១ នៅថ្ងៃទី៣០ មករា។ ការលើកគ្នាចេញពីរោងចក្រមកតវ៉ាលើផ្លូវជាតិលេខ១ នេះ ដោយសារតែពួកគាត់ចង់បានអន្តរាគមន៍ឲ្យថៅកែរោងចក្របើកប្រាក់ឈ្នួលដល់ពួកគាត់ សម្រាប់ខែធ្នូ។
ក្រុមកម្មករឲ្យដឹងថា ការបិទផ្លូវនេះ ដោយសារតែពួកគាត់មិនបានទទួលព័ត៌មានថា មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនដោះស្រាយឲ្យពួកគាត់ទៀតទេ។
កម្មការិនីរោងចក្រក្បាលកោះម្នាក់ គឺកញ្ញា សួន ស្រីម៉ុច ថ្លែងថា ពួកគាត់នាំគ្នាមកតវ៉ាបិទផ្លូវជាតិដូច្នេះ ក៏ព្រោះតែគ្មានដំណោះស្រាយបញ្ហាប្រាក់ឈ្នួលជូនពួកគាត់ បន្ទាប់ពីរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធអាជ្ញាធរមួយចំនួនកាលពីសប្ដាហ៍មុន៖ « ទៅក្រសួងការងារ ក៏ទៅ ទៅការិយាល័យ ហ៊ុន សែន ក៏ទៅ ទៅទាំងអស់ តែអត់មានដំណោះស្រាយឲ្យពួកខ្ញុំទាំងអស់។ បានពួកខ្ញុំសម្រេចឡើងមកលើថ្នល់បិទផ្លូវហ្នឹង ។ អត់បានលទ្ធផលអីផង ! គេ មកពី ថ្ងៃសៅរ៍ ប្រាប់ឲ្យឡាយឡុងម៉ាស៊ីន តែពួក ខ្ញុំអត់ ព្រម »។
រោងចក្រកាត់ដេរសម្លៀកបំពាក់ក្បាលកោះ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ផ្ដើមតវ៉ានៅថ្ងៃទី១១ មករា ពេលដែលថៅកែរោងចក្រមិនបានបើកប្រាក់ឈ្នួលឲ្យពួកគាត់នៅថ្ងៃទី១០ មករា។ កាលពីថ្ងៃទី២៤ មករា ក្រុមកម្មកររោងចក្រនេះលើកគ្នាមកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរកអន្តរាគមន៍ ប៉ុន្តែមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបញ្ជូនករណីនេះទៅដោះស្រាយនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិញ។
កម្មការិនីផ្នែកបង្ហើយការម្នាក់ ដែលធ្វើការក្នុងរោងចក្រក្បាលកោះ រយៈពេល ១២ឆ្នាំ កញ្ញា អូន សំអាង ថ្លែងថា ពេលប្រជុំដោះស្រាយនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃដដែលនោះ មិនមានដំណោះស្រាយទេ ព្រោះភាគីតំណាងកម្មករ និងសហជីព មិនចរចាជាមួយមេធាវីដែលអះអាងថាជាអ្នកទទួលសិទ្ធិដោះស្រាយពីថៅកែរោងចក្រ។ ការមិនទទួលស្គាល់មេធាវីនោះ ព្រោះមេធាវីមិនបង្ហាញលិខិតផ្ទេរសិទ្ធិពីថៅកែ តាមការទាមទាររបស់កម្មករ ហើយកម្មករមិនទុកចិត្ត៖ «ពួកខ្ញុំចង់ថា ឲ្យក្រសួងចុះមកមើលមែន ប៉ុន្តែយើងសុំលិខិតបញ្ជាក់ឲ្យច្បាស់លាស់ពីថៅកែមែន កុំឲ្យពួកយើងចេះតែផ្ដិតមេដៃ ហើយគាត់អត់ឲ្យមើលលិខិតផ្ទេរសិទ្ធិរបស់ថៅកែ។ គាត់ចេះតែនិយាយអ៊ីចឹង ហើយពួកខ្ញុំផ្ទេរសិទ្ធិឲ្យគាត់ទៅ គាត់បើកលក់ ពួកយើងអត់មានសិទ្ធិអីទៅទេ ព្រោះយើងផ្ដិតមេដៃឲ្យគេហើយ។ ដល់អ៊ីចឹង ពួកខ្ញុំសុំទាមទារអត់ផ្ដិត តែឲ្យគាត់ចុះមកមើលលីស្ត (list) កម្មករ និងទ្រព្យសម្បត្តិរោងចក្រហ្នឹងមានប៉ុន្មាន ទូទាត់ទៅសមរម្យនឹងកម្មករទទួលយកបាន ពួកខ្ញុំនឹងយក តែបើថា មិនសមរម្យទេ ពួកខ្ញុំនឹងធ្វើបន្តទៅទៀត ទៅជួបឯកឧត្ដមនាយករដ្ឋមន្ត្រី»។
ប្រមាណមួយម៉ោងក្រោយមក ក្រុមកម្មករសម្រេចចិត្តរំសាយគ្នាពីការតវ៉ានៅលើផ្លូវ ហើយចូលប្រជុំដោះស្រាយជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ អាជ្ញាធរឃុំក្បាលកោះ និងតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្រោយកិច្ចប្រជុំសម្របសម្រួលដោះស្រាយក្នុងរោងចក្រជាមួយអាជ្ញាធរចម្រុះនេះ កម្មករសុខចិត្តផ្អាកការតវ៉ា រក្សាភាពស្ងៀមស្ងាត់មួយរយៈ ហើយរង់ចាំដំណោះស្រាយពីអាជ្ញាធរខណ្ឌ និងក្រសួងការងារ ដែលសន្យាថានឹងជំរុញឲ្យមានដំណោះស្រាយឆាប់ៗ។
ទន្ទឹមគ្នានេះ តំណាងសហជីពជាតិកម្មករកម្ពុជា លោក ប៊ិន សុខរម្យ បញ្ជាក់បន្ថែមថា ទោះជាកម្មករសុខចិត្តរង់ចាំជំហរដោះស្រាយបែបនេះក្ដី ក៏កម្មករមិនអាចរង់ចាំយូរពេកដែរ៖ «អាហ្នឹងពួកខ្ញុំអត់ទាន់និយាយទេ សំខាន់ខាងអាជ្ញាធរ និងក្រសួងហ្នឹង ល្បឿនគាត់កម្រិតណា បើយូរក៏ពួកខ្ញុំមិនអាចឈរចាំបានដែរ ដោយសារពួកយើងត្រូវការបាយ ត្រូវការលុយផ្ទះជួល សោហ៊ុយធ្វើដំណើរផ្សេងៗ គឺអត់មានទាំងអស់។ ឥឡូវខែ១២ វាផុតហើយ ឥឡូវវាផុតខែ១ ទៀតហើយ។ អ៊ីចឹងពីរខែជាប់គ្នាហើយ... ហើយម្ចាស់ផ្ទះជួលអីគាត់ប្រាប់ហើយ បងប្អូនកម្មករយើង គេនឹងលែងឲ្យនៅ គឺគេឲ្យចេញ ហើយសោហ៊ុយឡានផ្សេងៗ ដែលបងប្អូនយើងជិះឡានហ្នឹង គឺលែងដឹកមកហើយ ហើយអាហារហូបចុក គឺអត់មានទេ។ រៃគ្នាយាមក៏លែងបានដែរ អស់លទ្ធភាព។ ខ្វះខាតមែនទែនកម្មករយើង»។
លទ្ធផលពីកិច្ចប្រជុំនៅថ្ងៃទី៣០ មករា តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងប្រាប់កម្មករអំពីនីតិវិធីសម្រាប់ដោះស្រាយបញ្ហានេះ គឺត្រូវបង្កើតក្រុមការងារចម្រុះពិនិត្យសម្ភារ ជួបរដ្ឋបាលរោងចក្រ រៀបចំតារាងកម្មករ និងប្រាក់ខែ អតីតភាពការងារ ហើយចំណុចចុងក្រោយ គឺឲ្យកម្មករមានជំហរច្បាស់លាស់ ចៀសវាងការទាមទារតាមការនឹកឃើញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
