កម្មករ​រោងចក្រ​មួយ​កន្លែង​នៅ​ក្រុង​តាខ្មៅ​ដេក​តវ៉ា​មុខ​រោងចក្រ​ទាំង​យប់​ថ្ងៃ

ដោយ អាស៊ីសេរី
2017.10.21
កម្មករ តាខ្មៅ តវ៉ា ២០១៧ ៦២២ កម្មករ និង​កម្មការិនី នាំ​គ្នា​សម្រាក​ក្រោម​តង់ នៅ​មុខ​រោងចក្រ ហ្គាវ័ន អាភែរឹល (GAWON APPAREL) លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ២១ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០១៧។ RFA
RFA

ក្រុម​កម្មការិនី​រោងចក្រ ហ្គាវ័ន អាផារៀល (GAWON APPAREL) ស្ថិត​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​នាំគ្នា​ធ្វើបាតុកម្ម និង​ដេក​មុខទ្វារ​រោងចក្រ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ជាមួយ​ម្ចាស់​រោងចក្រ។ ក្រុម​កម្មការិនី​ទាំងនោះ អះអាង​ថា ថៅកែ​រោងចក្រ​នេះ​បាន​ធ្វើ​ខុសច្បាប់​ការងារ និង​កេងប្រវ័ញ្ច​លើ​អត្ថប្រយោជន៍​របស់​កម្មករ ទើប​ពួកគាត់​ធ្វើបាតុកម្ម​នៅមុខ​រោងចក្រ​បែបនេះ។

ការ​តវ៉ា​ដោយ​បាតុកម្ម​មិន​ចូល​ធ្វើ​ការងារ​នេះ ត្រូវ​បាន​ក្រុម​កម្មករ​អះអាង​ថា បាន​ធ្វើឡើង​រយៈពេល ១២​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​ភាគី​មាន​សមត្ថកិច្ច​រដ្ឋ​មក​ជួយ​កម្មករ ឬ​សម្របសម្រួល​ជាមួយ​ភាគី​ថៅកែ​រោងចក្រ​នោះ​ទេ។ រយៈពេល​១០​ថ្ងៃ នៃ​ការ​តវ៉ា​ដំបូង គឺ​ក្រុម​កម្មករ​តវ៉ា​នៅមុខ​រោងចក្រ តែ​ពេល​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ក្រោយ​១០​ថ្ងៃ​ហើយ នៅតែ​គ្មាន​ដំណោះស្រាយ ពួកគាត់​បាន​នាំគ្នា​ដេក​មុខ​រោងចក្រ ទាំង​ថ្ងៃ​ទាំង​យប់។

កម្មការិនី​ម្នាក់ ឈ្មោះ គឹម អូន អះអាង​ថា ប្រសិនបើ​រាល់​សំណើ​របស់​កម្មករ មិន​ត្រូវ​បាន​ថៅកែ​រោងចក្រ​ដោះស្រាយ​ជូន​ទេ ពួកគាត់​នឹង​បន្ត​ដេក​នៅមុខ​រោងចក្រ​នេះ រាល់​យប់​តទៅ​ទៀត។ កម្មការិនី​រូប​នេះ​បន្ត​ថា ការ​ជ្រើស​យក​ជម្រើស​ដេក​តវ៉ា​មុខ​រោងចក្រ ក៏​ព្រោះតែ​ពួកគាត់ នឹង​មិន​មាន​លទ្ធភាព​បង់ថ្លៃ​បន្ទប់​ជួល​ឡើង ក្រោយពេល​ថៅកែ​រោងចក្រ​មួយ​នេះ បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​មិន​ទៀត​ទាត់។

រោងចក្រ ហ្គាវ័ន អាផារៀល ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២១ ឆ្ពោះ​ពី​រង្វង់​មូល​អ្នក​តាខ្មៅ ក្នុង​ក្រុង​តាខ្មៅ ដល់​ព្រំដែន​កម្ពុជា-វៀតណាម​ជ្រៃធំ។ កម្មការិនី​នាំគ្នា​ចែក​ជា​ពីរ​ក្រុម ដើម្បី​ដេក​តវ៉ា នៅ​ចំ​ពីមុខ​ទ្វារ​រោងចក្រ ទាំង​ទ្វារ​មុខ និង​ទ្វារ​ក្រោយ។

លក្ខខណ្ឌ​ការងារ​ដែល​កម្មករ ស្នើ​ជាមួយ​ថៅកែ​រោងចក្រ ហ្គាវ័ន អាផារៀល គឺ​ស្នើ​ឲ្យ​និយោជក​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ ឲ្យ​កម្មករ​នៅ​កំឡុង​ពេល​កូដកម្ម ចាប់ពី​ថ្ងៃ​ទី​១០ ខែ​តុលា រហូតដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ។ ស្នើ​និយោជក​ឯកភាព​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិក យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១០ នៃ​ខែ​នីមួយៗ និង​ឲ្យ​បាន​រួចរាល់​ត្រឹម​ម៉ោង​១៦៖០០​នាទី។ ស្នើ​ឲ្យ​និយោជក​បង់​វិភាគទាន ដែល​កាត់​ពី​កម្មករ ទៅ​បេឡាជាតិ​របប​សន្តិសុខ​សង្គម (..)។ ស្នើ​ឲ្យ​និយោជក​ត្រូវ​អនុញ្ញាត​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ចាប់ពី ៣​ខែ​ឡើង​ទៅ ចេញ​ធ្វើការ​មុន ១៥​នាទី និង​ចំពោះ​កម្មករ កម្មការិនី ដែល​ប្ដូរ​ឈ្មោះ​កន្លង​មក​ស្នើ​ឲ្យ​និយោជក​រក្សា​អតីតភាព​ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល ឲ្យ​ស្របតាម​សេចក្ដី​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល។

កម្ម​ការិនី​ម្នាក់ទៀត ឈ្មោះ ឡូញ ផាត មិន​ពេញចិត្ត​ចំពោះ​ថៅកែ​រោងចក្រ ដែល​បើក​ប្រាក់ខែ​មិន​ទៀតទាត់​ឲ្យ​អ្នកស្រី និង​មាន​ខែ​ខ្លះ រោងចក្រ​មិន​ព្រម​បើក​ប្រាក់ខែ​ទាំងអស់​ឲ្យ​កម្មករ​ទេ ដោយ​បើក​ត្រឹមតែ​ពាក់កណ្ដាល​ឲ្យ​កម្មករ។

កម្មករ​អះអាង​ថា ក្នុង​ការ​តវ៉ា​ជាមួយ​រោងចក្រ​នេះ ពួកគេ​មិន​មាន​សហជីព​ជា​តំណាង​ទេ ដោយសារ នៅ​ពេល​តវ៉ា ក្រុម​សហជីព ដែល​កម្មករ​បាន​បង់​លុយ​ឲ្យ​រាល់​ខែ នៅ​រោងចក្រ​នេះ បាន​ប្រាប់​ពួកគាត់​ថា ដល់​ថ្ងៃ​ចប់​អាណត្តិ​របស់​សហជីព​ហើយ។ ទោះ​យ៉ាង​ណា ពួកគាត់​មួយ​ចំនួន មិន​បាន​ស្គាល់​ឈ្មោះ​សហជីព នោះ​នៅឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​រោងចក្រ និង​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កណ្ដាល បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែ​តុលា។

កម្មការិនី​ម្នាក់ទៀត ឈ្មោះ ថូ ណៃយៀប ដែល​ត្រូវ​បាន​កម្មករ​ជ្រើសតាំង​ឲ្យ​ធ្វើជា​តំណាង​កម្មករ​ដើម្បី​ចូល​ចរចា​ជាមួយ​ថៅកែ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា នៅ​ក្នុង​រោងចក្រ បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ជំនួប​ថា ការ​ចរចា​គ្នា​នៅ​មិនទាន់​ត្រូវរ៉ូវ​គ្នា​ទេ។ អ្នកស្រី​អះអាង​ថា កម្មករ​នៅ​រោងចក្រ​នេះ មាន​ចំនួន ៩០០​នាក់ ប៉ុន្តែ​បាន​ដាក់​វេន​គ្នា​ដើម្បី​ដេក​យាម​តវ៉ា​មុខ​រោងចក្រ។ លក្ខខណ្ឌ​២ ដែល​អ្នកស្រី​ប្រាប់​ថា នៅ​មិនទាន់​ចរចា​គ្នា​ត្រូវ គឺ លក្ខខណ្ឌ​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​កម្មករ​នៅ​កំឡុង​ពេល​កូដកម្ម និង​សុំ​បើក​លុយ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១០ នៃ​ខែ​បន្ទាប់ និង​មុន​ម៉ោង ៤​ល្ងាច។

ក្រុម​កម្មករ​រោងចក្រ ហ្គាវ័ន អាផារៀល បាន​អះអាង​ថា ពួកគេ​នៅតែ​បន្ត​ធ្វើ​កូដកម្ម ដោយ​ដេក​តវ៉ា​មុខ​រោងចក្រ ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​ប្រើ​តង់​កៅស៊ូ​ចង់​ជា​ដំបូល ក្រាល​កន្ទេល​ដេក​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ ជា​បន្ត​ទៀត លុះ​ណា​ថៅកែ​រោងចក្រ យល់ព្រម​លក្ខខណ្ឌ​ទាំងឡាយ ដែល​ស្នើ​ដោយ​កម្មករ​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។