ក្រសួង​បញ្ចប់​ការ​ស៊ើប​អង្កេត​បណ្ដឹង​ចោទ​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី​ជុំវិញ​រឿង​អាស្រូវ

0:00 / 0:00

ក្រុម​ការងារ​មក​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ក្រុម​ការងារ​ខេត្ត​រតនគិរី បញ្ចប់​ការ​ស៊ើប​អង្កេត​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​រឿង​អាស្រូវ​របស់​ប្រធាន​ពន្ធនាគារ​ខេត្ត​ហើយ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ក៏ប៉ុន្តែ​លទ្ធផល​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ឡើយ។

សាក្សី​ជា​ទណ្ឌិត​ម្នាក់ និង​មន្ត្រី​ពន្ធនាគារ​មួយ​រូប ត្រូវ​បាន​ក្រុម​ការងារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នាំ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន ដើម្បី​ធានា​សុវត្ថិភាព និង​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព ជុំវិញ​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​របស់​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី។

អស់​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ រហូត​ថ្ងៃ​ទី​១៦ ខែ​ធ្នូ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ រួម​ជាមួយ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​បើក​ការ​ស៊ើប​អង្កេត​បណ្ដឹង​ចោទ​ប្រកាន់​ប្រធាន​ពន្ធនាគារ​ខេត្ត លោក ទិន សុវណ្ណនី ជុំវិញ​រឿង​អាស្រូវ ១៤​ចំណុច។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ថា ការ​ផ្ទេរ​សាក្សី និង​ដើម​បណ្ដឹង​ពី​កន្លែង​កើត​ហេតុ​ជា​បណ្ដោះអាសន្ន ធ្វើ​ឡើង​ដើម្បី​ធានា​ការ​ស៊ើប​អង្កេត​ឲ្យ​មាន​ភាព​សុក្រឹត តម្លាភាព និង​ចៀសវាង​កុំ​ឲ្យ​មាន​ការ​គាប​សង្កត់ ឬ​ការ​ភ័យ​ខ្លាច​ណា​មួយ​ទៅ​លើ​សាក្សី​នៃ​អង្គ​ហេតុ។ លោក​បន្ត​ថា ក្រុម​ការងារ​ស៊ើប​អង្កេត មិន​ទាន់​វិល​មក​ដល់​រាជធានី​ភ្នំពេញ​ទេ។ ហេតុ​នេះ លទ្ធផល​យ៉ាង​ណា​នោះ ក្រុម​ការងារ​នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​ពេល​បញ្ចប់​បេសកកម្ម៖ «ការ​ណែនាំ​របស់​ឯកឧត្តម​អគ្គនាយក ក្នុង​ការ​ស៊ើប​អង្កេត​ដើម្បី​ឲ្យ​មាន​តម្លាភាព ចៀសវាង​ការ​គំរាម​កំហែង​នានា។ យើង​ផ្ទេរ​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​ទៅ​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព អាច​ឆ្លើយ​ដោយ​គ្មាន​ការ​គំរាម​កំហែង​បាន»

ទណ្ឌិត​ដែល​ត្រូវ​បញ្ជូន​ទៅ​ភ្នំពេញ គឺ​ស្ត្រី​ឈ្មោះ ទីង ប៉េក និង​អនុប្រធាន​ពន្ធនាគារ គឺ​អ្នកស្រី ឆោម ស្រីពេជ្រ។

កាល​ពី​ដើម​សប្ដាហ៍​នេះ ពាក្យ​ប្ដឹង​របស់​មន្ត្រី​ពន្ធនាគារ​ខេត្ត​រតនគិរី ចំនួន ៣២​នាក់ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ហើយ​ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់។ ពាក្យ​ប្ដឹង​របស់​មន្ត្រី​ពន្ធនាគារ​ទាំង ៣២​នាក់ ប្ដឹង​ទៅ​អគ្គនាយក​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី រឿង​អាស្រូវ​ចំនួន ១៤​ចំណុច រួម​មាន ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ នាំ​អ្នក​ទោស​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ​ពន្ធនាគារ និង​នាំ​អ្នក​ទោស​ជា​ស្ត្រី​ទៅ​រួមរ័ក​ក្រៅ​ពន្ធនាគារ ជាដើម។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ដើម​បណ្ដឹង​ពីរ​រូប​ជា​មន្ត្រី​ពន្ធនាគារ គឺ​លោក ថ្វើ ថញ និង​អ្នកស្រី ឆោម ស្រីពេជ្រ ដើម្បី​សុំ​អធិប្បាយ​ពី​ការ​ចោទ​ប្រកាន់ ក៏ប៉ុន្តែ​មិន​អាច​ទាក់ទង​មន្ត្រី​ទាំង​ពីរ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។

ដោយឡែក​ប្រធាន​កង​ការពារ​ពន្ធនាគារ លោក កយ ព្រេល កត់​សម្គាល់​ថា ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ពន្ធនាគារ​ទាំង ៣២​រូប មិន​មាន​ភស្តុតាង​ជាក់លាក់​ឡើយ៖ «ខ្ញុំ​នៅ​ធ្វើ​ការ​ហ្នឹង​សឹង ២៤​ម៉ោង អត់​ដែល​លេច​ឮ​សកម្មភាព​ហ្នឹង​ផង។ ស្រាប់​តែ​ផ្ទុះ​ឡើង​អ៊ីចឹង ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​ប្រាកដ​ទេ»

កំណត់​ហេតុ​សាកសួរ​របស់​មន្ត្រី​ពន្ធនាគារ​ខេត្ត​រតនគិរី ទៅ​លើ​សាក្សី​ជា​ស្ត្រី​ទណ្ឌិត​ឈ្មោះ ទីង ប៉េក ដែល​ដើម​ចោទ​បាន​ប្ដឹង​ថា នាង​ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​នាំ​ចេញ​ក្រៅ​ដើម្បី​រួម​ភេទ ឃើញ​មាន​ស្នាម​មេដៃ និង​បញ្ជាក់​ថា ប្រធាន​ពន្ធនាគារ​មិន​បាន​រួមរ័ក​ជាមួយ​នាង​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ស្នើសុំ​ឲ្យ​មន្ត្រី​ស៊ើប​អង្កេត​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គូភាគី​រឿង​ក្តី៖ «ទាល់​តែ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ស៊ើប​អង្កេត​ឲ្យ​ដឹង​មូលហេតុ​ពិត ថា​អ្នក​ណា​ខុស? អ្នក​ណា​ត្រូវ? ហើយ​ហ៊ាន​អារ​កាត់​ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់ បាន​មាន​ប្រសិទ្ធភាព»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី លោក ទិន សុវណ្ណនី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំងអស់​របស់​មន្ត្រី​ក្រោម​ឱវាទ។ លោក​បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​ដែល​ប្ដឹង​រូប​លោក​នោះ​វិញ​ថា ជា​អ្នក​ដែល​មិន​បាន​បំពេញ​ការងារ​តាម​តួនាទី។ លើស​ពី​នោះ មន្ត្រី​ខ្លះ​បាន​ជក់​គ្រឿង​ញៀន និង​ដើរ​រក​ស៊ី​ជា​ឯកជន មិន​មក​ធ្វើ​ការ។ លោក​ថា ពួក​គេ​ខឹង ហើយ​ប្រឌិត​រឿង​ប្ដឹង​រូប​លោក បន្ទាប់​ពី​លោក​បាន​ហៅ​ពួក​គេ​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​គោរព​វិន័យ​អង្គភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។