រដ្ឋាភិបាល​សម្រេច​បន្ត​ឲ្យ​ប្រើប្រាស់រថយន្ត​ចង្កូត​ស្ដាំ​តែ​ហាម​នាំ​ចូល

ប្រមុខ​រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​ឡាន​ចង្កូត​ស្ដាំ​ ប្រើប្រាស់​បាន​ជា​ធម្មតា ដោយ​មិន​តម្រូវ​ឲ្យ​កែ​ចង្កូត​ទៅ​ឆ្វេង​ឡើយ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ការ​នាំ​ចូល​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិចណូ ឬ​ហៅ​ស្ពាន​អាកាស​៥​មករា នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា បន្ទាប់​ពី​អ្នក​បើកបរ​រថយន្ត​ដឹក​ដី ចង្កូត​ស្ដាំ​ប្រមាណ​៤០០​នាក់ បាន​តវ៉ា ដើម្បី​ទទូច​ដល់​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ប្រើប្រាស់​ រថយន្ត​ទាំង​នោះ​ជា​ធម្មតា ដោយ​គ្រាន់​តែ​សុំ​បង់​ពន្ធ​ចូល​រដ្ឋ។

យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែនអំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ទាំងអស់ ត្រូវ​មក​បង់​ពន្ធ ដើម្បី​ទទួល​បាន​នូវ​ភាព​ស្រប​ច្បាប់៖ «ឯកភាព​មិន​ឲ្យ​ដូរ​ចង្កូត​ទេ គឺ​អនុញ្ញាត​ឲ្យ​ប្រើ​ចង្កូត​ស្ដាំ​ចុះ ព្រោះ ​ការ​ដូរ​ចង្កូត​នេះ វា​គ្រោះ​ថ្នាក់​ជាង​ចង្កូត​ស្ដាំ​ទៅ​ទៀត»។

លោក ហ៊ុន សែន ក៏​បញ្ជាក់​ថា ការ​បន្ត​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ គឺ​ជា​ការ​អំពើ​ល្មើស នឹង​ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។