មន្ត្រីរដ្ឋាភិបាលយល់ថា តម្លៃលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គររយៈពេលជាង ២០ឆ្នាំមកនេះ គឺថោកជាងគេ បើប្រៀបធៀបទៅនឹងប្រទេសជាច្រើនក្នុងពិភពលោក ដែលលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានដែរនោះ។
ដោយសារតែរដ្ឋាភិបាលយល់ថាតម្លៃសំបុត្រចូលទស្សនារមណីយអង្គរថោកនេះ ទើបរដ្ឋាភិបាលប្រកាសដំឡើងថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរថែមទៀត។
មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងគ្រឹះស្ថានអង្គរ បានធ្វើសន្និសីទសារព័ត៌មានប្រកាសឲ្យសាធារណជនដឹងថា ថ្លៃលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសម្នាក់ចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្លាប់តែ ២០ដុល្លារក្នុងមួយថ្ងៃ ឥឡូវនេះបានដំឡើងទៅដល់ ៣៧ដុល្លារហើយ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ទទួលបន្ទុកផ្នែកលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរ ឲ្យដឹងថា តម្លៃលក់សំបុត្រចូលទស្សនាតំបន់អង្គររយៈពេលមួយថ្ងៃ ដែលពីមុនថ្លៃតែ ២០ដុល្លារ នឹងដំឡើងទៅ ៣៧ដុល្លារ ថ្លៃលក់សំបុត្រចូលទស្សនាអង្គររយៈពេល ៣ថ្ងៃ ដែលពីមុនតែ ៤២ដុល្លារ នឹងដំឡើងទៅ ៦២ដុល្លារ និងថ្លៃចូលទស្សនា ៧ថ្ងៃ ដែលពីមុនតែ ៦០ដុល្លារ នឹងដំឡើងទៅ ៧២ដុល្លារ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ គឺលោក ឈន សុភាព។ លោកថ្លែងនៅក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី៣១ ខែមករា ថា រដ្ឋាភិបាលបានកំណត់ឲ្យអនុវត្តការដំឡើងថ្លៃលក់សំបុត្រចូលទស្សនាតំបន់អង្គរ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ។ ការដំឡើងថ្លៃលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរនេះ គឺយោងទៅលើការសិក្សាផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ឃើញថា ថ្លៃលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គឺនៅថោកជាងប្រទេសដទៃទៀតក្នុងពិភពលោកនៅឡើយ៖ « មូលដ្ឋាននៃការដំឡើងថ្លៃប័ណ្ណចូលទស្សនាអង្គរនេះ យើងមានហេតុផលច្រើនជាលក្ខណៈបច្ចេកទេសផង និងជាការសិក្សាស្ទាបស្ទង់មតិផង »។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ លោក សុង តុងហាប់ មានប្រសាសន៍ថា រដ្ឋាភិបាលមានហេតុផលសំខាន់ៗជាច្រើនក្នុងការដំឡើងថ្លៃលក់សំបុត្រនេះ។ លោកបញ្ជាក់ថា ថ្លៃលក់សំបុត្រឲ្យភ្ញៀវបរទេសម្នាក់ចូលទស្សនាតំបន់អង្គរមួយថ្ងៃតម្លៃ ២០ដុល្លារ រយៈពេល ៣ថ្ងៃ ៤០ដុល្លារ និង ១អាទិត្យ ៦០ដុល្លារនោះ គឺជាគោលការណ៍ចាស់មានរយៈពេល ២២ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្ន តម្លៃនេះត្រូវតែដំឡើង ពីព្រោះតំបន់ទេសចរណ៍បានកើនឡើងមានផ្លូវល្អស្អាតច្រើនជាងពីពេលមុន ហើយបើគិតពីអតិផរណានៃប្រាក់ ២០ដុល្លារកាលពី ២២ឆ្នាំមុន មកដល់ឆ្នាំ២០១៦ គឺតម្លៃពិតរបស់វាចំនួន ៣២ដុល្លារទៅហើយ៖ « សំបុត្រ ២០ដុល្លារ ៣០ - ៤០ និង ៦០ដុល្លារកាលពីឆ្នាំ១៩៩៤ គាត់ទៅមើលរមណីយដ្ឋានអង្គរ បានតែវង់តូចទេ គឺ ១០ - ២០ប្រាសាទប៉ុណ្ណោះ ពីព្រោះអត់ទាន់មានផ្លូវចូលទៅដល់ប្រាសាទជាច្រើនទៀតទេ »។
ទោះជាយ៉ាងណា អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានរិះគន់ទៅលើរដ្ឋាភិបាលដែលសម្រេចចិត្តដំឡើងថ្លៃលក់សំបុត្រទស្សនាអង្គរនេះ។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា ភ្ញៀវទេសចរបរទេសដែលមកលេងស្រុកខ្មែរ គេមិនកំណាញ់ក្នុងការចាយលុយទិញសំបុត្រចូលមើលអង្គរនោះទេ ប៉ុន្តែលោកចង់សួរថា មុននឹងដំឡើងថ្លៃលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរនោះ តើរដ្ឋាភិបាលបានសិក្សាអំពីការប៉ះពាល់នានាបានសព្វជ្រុងជ្រោយ ព្រមទាំងពង្រឹងផ្នែកបម្រើសេវា និងគ្រប់គ្រងចំណូលនោះឲ្យចូលទៅក្នុងថវិកាជាតិបានត្រឹមត្រូវហើយឬនៅ?៖ « ការដែលគេបង់ គេទិញរបៀប Tour ជាក្រុម ហើយគេចាយជា Cheque ប័ណ្ណធនាគារ ឬក៏ Visa កាតអីហ្នឹង គឺនៅមានការលួចបំបាត់គេនៅឡើយទេ »។
លោក សុន ឆ័យ ឲ្យដឹងថា ការដំឡើងថ្លៃលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរនេះ គឺគណៈកម្មការរបស់លោកមានគម្រោងនឹងជួបសួរដេញដោលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក៏ចង់ធ្វើសវនកម្មជុំវិញការប្រមូលចំណូលពីការលក់សំបុត្រនោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
