រដ្ឋាភិបាល​ដក​កញ្ចប់​ថវិកា​ពី​មន្ទីរ​ស្ថាប័ន​នានា​ទៅ​ជួយ​សង្គ្រោះ​បន្ទាន់​ពលករ​ខ្មែរ

0:00 / 0:00

គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​មិថុនា នេះ ពលករ​ខ្មែរ​ជាង ២១​ម៉ឺន​នាក់​ហើយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ ចាប់​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា វិញ។ រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ប្រាក់ ៥​លាន​ដុល្លារ​ហើយ លើ​ការ​ហូប​ចុក ការ​ផ្តល់​សេវា​ថែទាំ​សុខភាព និង​ការ​ដឹក​ជញ្ជូន​ពលករ​ទាំងអស់​ទៅ​លំនៅឋាន​តាម​បណ្ដា​ខេត្ត​នានា​ដោយ​សុវត្ថិភាព។

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល បញ្ជាក់​ថា កម្ពុជា នៅ​តែ​ត្រូវ​ការ​ថវិកា​ច្រើន​បន្ថែម​ទៀត ដើម្បី​ត្រៀម​ចំណាយ​សង្គ្រោះ​បន្ទាន់​ដល់​ពលករ​ខ្មែរ​ទាំង​នោះ ខណៈ​ដែល​មាន​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ជាង ២០​ម៉ឺន​នាក់​ទៀត កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ នៅ​ឡើយ ហើយ​អាជ្ញាធរ​ខ្មែរ​នៅ​មិន​ច្បាស់​ថា រដ្ឋាភិបាល​យោធា​ថៃ នឹង​បញ្ជូន​ពួក​គេ​មក​កម្ពុជា វិញ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?

រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ដក​កញ្ចប់​ថវិកា​ពី​តាម​មន្ទីរ​ស្ថាប័ន​នានា​បន្ថែម​ទៀត ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលករ​ខ្មែរ​ច្រើន​ម៉ឺន​នាក់ ដែល​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​ពី​ប្រទេស​ថៃ យ៉ាង​តក់​ក្រហល់។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ត្រៀម​ថវិកា​បម្រុង​ទុក​គ្រប់គ្រាន់​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលករ​ដែល​ត្រូវ​ចាប់​បញ្ជូន​មក​ពី​ប្រទេស​ថៃ ទេ ដោយសារ​តែ​អាជ្ញាធរ​ថៃ ក៏​មិន​បាន​ជូន​ដំណឹង​ពី​វិធានការ​គ្រប់គ្រង​ពលករ​បរទេស​ជា​មុន​ដែរ។ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​យក​កញ្ចប់​ថវិកា​ដែល​មាន​នៅ​តាម​មន្ទីរ​ស្ថាប័ន​នានា ទៅ​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​អាហារ និង​ការ​ដឹក​ជញ្ជូន​ពលករ​ទាំង​នោះ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោកស្រី ជូ ប៊ុនអេង និង​ជា​អនុប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន ការ​គ្រប់គ្រង ការ​ថែទាំ​សុខភាព ជីវភាព សុវត្ថិភាព​របស់​ពលករ​ខ្មែរ មិន​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា រដ្ឋាភិបាល​នឹង​ត្រូវ​ការ​ប្រាក់​ប៉ុន្មាន​ឲ្យ​ច្បាស់​លាស់​សម្រាប់​សង្គ្រោះ​បន្ទាន់​ពល​ករ​ខ្មែរ ដែល​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​នោះ​ទេ។ ប៉ុន្តែ ថវិកា​ដែល​ត្រូវ​ចំណាយ ត្រូវ​ដក​ចេញ​ពី​ថវិកា​ដែល​មាន​ស្រាប់​នៅ​តាម​មន្ទីរ​ស្ថាប័ន​នានា។ លោកស្រី​បន្ត​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ មិថុនា ពលករ​ខ្មែរ​ដែល​ថៃ ចាប់​បញ្ជូន​មក​តាម​ព្រំដែន​ខ្មែរ បាន​កើន​លើស​ពី ២១​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ក្មេង​ជា​អនីតិជន​ប្រមាណ ២០​ភាគរយ ដែល​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ។

លោកស្រី ជូ ប៊ុនអេង បន្ត​ថា យ៉ាង​ហោច​ណាស់​ពលករ​ម្នាក់​ត្រូវ​ចំណាយ​ប្រមាណ ២០​ដុល្លារ​សម្រាប់​ការ​ផ្តល់​សេវា​អាហារ ការ​ផ្តល់​ថ្នាំ​សង្កូវ និង​ការ​ចំណាយ​សាំង​រថយន្ត ដឹក​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដោយ​សុវត្ថិភាព៖ «គឺ​យើង​ដក​យក​កញ្ចប់​ថវិកា​ដែល​យើង​មាន​នៅ​តាម​មន្ទីរ​ស្ថាប័ន បើ​និយាយ​ពី​ការ​ត្រៀម​មុន​មក គឺ​យើង​មិន​បាន​ត្រៀម អត់​បាន​ទំហំ​ធំ​ដល់​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ឥឡូវ​យើង​ត្រូវ​បន់​បែន​ទៅ​តាម​គម្រោង​ថវិកា​ដែល​យើង​មាន ទៅ​ប្រើប្រាស់​ទៅ​លើ​ផ្នែក​អី​មុន​សិន ពីព្រោះ​យើង​ជួយ​ពលករ​យើង​សិន»

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ប្រាក់​ប្រមាណ ៥​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​២​សប្ដាហ៍ ទៅ​លើ​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ពលករ​ពី​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ទៅ​កាន់​ស្រុក​កំណើត​នៅ​តាម​បណ្ដា​ខេត្ត​នានា ការ​ផ្តល់​ម្ហូប​អាហារ​ឥត​គិត​ថ្លៃ និង​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដល់​ពួក​គេ។

អ្នក​វិភាគ​សង្គម លោក កែម ឡី គិត​ថា ការ​ចំណាយ​សង្គ្រោះ​បន្ទាន់​ដូច​ករណី​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ ដែល​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​នេះ ត្រូវ​មាន​ផែនការ​ច្បាស់​លាស់ បើ​មិន​ដូច្នេះ នោះ​ការ​ចំណាយ​ភាគ​ច្រើន​ខុស​គោលដៅ។

លោក​បន្ត​ថា ការ​តម្រូវ​ដក​ខ្ទង់​ចំណាយ​ពី​មន្ទីរ​ស្ថាប័ន​នានា​ទៅ​សង្គ្រោះ​បន្ទាន់ មិន​មែន​ជា​វិធី​ល្អ​សម្រាប់​ដោះស្រាយ​បញ្ហា​ទេ។ មន្ត្រី​មន្ទីរ​ស្ថាប័ន​ទាំង​នោះ​អាច​ពន្លើស​ខ្ទង់​ចំណាយ​ជាក់ស្តែង យក​ចំណេញ​ដាក់​ក្នុង​ហោប៉ៅ។ មួយ​ទៀត ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នេះ គឺ​ជា​កាតព្វកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អង្គការ​កាក​បាទ​ក្រហម ហើយ​គួរ​មាន​ប្រាក់​បម្រុង និង​ផែនការ​ធ្វើ​សមាហរណកម្ម​បែប​នេះ​ជា​យូរ​មក​ហើយ មិន​មែន​គ្មាន​ផែនការ ហើយ​ចាប់​ផ្តើម​ដក​ថវិកា​ចេញ​ពី​មន្ទីរ​ស្ថាប័ន​នានា ទៅ​បំពេញ​តម្រូវ​ការ​សង្គ្រោះ​បន្ទាន់​បែប​នេះ​ទេ៖ «ការ​ដក​ពី​ខ្ទង់​តាម​មន្ទីរ​ស្ថាប័ន​នានា​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន​ណាស់​បើ​ទទួល​យក​ថវិកា ពិសេស​ទៅ​ធ្វើ​តែ​ម្តង​ល្អ​ជាង កុំ​ដក​ខ្ទង់​ចេញ​ពី​មន្ទីរ។ មន្ទីរ​នីមួយៗ​ដែល​គាត់​ត្រូវ​រៀបចំ​ផែនការ គាត់​ត្រូវ​ឈប់​ផែនការ​ហ្នឹង មិន​មែន​តែ​មួយ​ទេ ជួន​កាល​ដក​ត្រឹម​១០ តែ​ត្រូវ​ចំណាយ​១០០​ថែម​មក​ទៀត​ក៏​មាន»

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា រថយន្ត​ត្រៀម​ជាង ៣០០​គ្រឿង បាន​ដឹក​ជញ្ជូន​ពលករ​ប្រមាណ ៣​ពាន់​ជើង​រួច​មក​ហើយ និង​រថយន្ត​របស់​ក្រុម​សង្គ្រោះ​បន្ទាន់​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ ២០០​គ្រឿង​ថែម​ទៀត ក៏​ជួយ​ដឹក​ពលករ​ខ្មែរ​ទៅ​ស្រុក​កំណើត​ដែរ។ ប៉ុន្តែ​នៅ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត នៅ​តែ​មាន​ពលករ​យ៉ាង​ច្រើន​សន្ធឹក​ទៀត ដែល​ថៃ ចាប់​បញ្ជូន​តាម​រថយន្ត និង​រថភ្លើង​មក​ចាក់​ចោល​នៅ​តាម​ព្រំដែន​នោះ។ ច្រក​ព្រំដែន​ចាំយាម នៅ​ខេត្ត​កោះកុង និង​ច្រក​ព្រំដែន​នៅ​ខេត្ត​ប៉ៃលិន ក៏​មាន​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដូច​គ្នា​ដែរ តែ​មាន​ទ្រង់ទ្រាយ​តូច​ជាង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។

លោកស្រី ជូ ប៊ុនអេង អនុប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន ការ​គ្រប់គ្រង ការ​ថែទាំ​សុខភាព ជីវភាព សុវត្ថិភាព​របស់​ពលករ​ខ្មែរ បញ្ជាក់​ថា ​បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ជាង ២០​ម៉ឺន​នាក់​ទៀត កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ នៅ​ឡើយ ហើយ​អាជ្ញា​ខ្មែរ​នៅ​មិន​ច្បាស់​ថា រដ្ឋាភិបាល​យោធា​ថៃ នឹង​បញ្ជូន​ពួក​គេ​មក​កម្ពុជា វិញ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?៖ «យើង​មិន​ដឹង​ថា គោលការណ៍​របស់​រដ្ឋាភិបាល​ថៃ នឹង​បញ្ជូន​មក​ទៀត​របៀប​ណា​ទេ ព្រោះ​ឥឡូវ​គាត់​ប្ដូរ​វិធានការ ខាង​ណោះ​មាន​ចលនា​ឲ្យ​អ្នក​មុន​នឹង​មក​ទទួល​ការ​អប់រំ​ខ្លះ ទាក់ទង​នឹង​ការ​នៅ​ទី​នោះ ដើម្បី​បន្ត​ការងារ ក៏​ដូច​ជា​អ្នក​ដែល​អាច​ត្រឡប់​ទៅ​វិញ។ ប៉ុន្តែ​រឿង​សំខាន់ គឺ​យើង​មិន​អាច​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​តាម​វិធី​ចាស់​ទេ មាន​វិធី​ច្បាស់​លាស់ ហើយ​យើង​ក៏​ត្រូវ​មាន​ការ​ចរចា​គ្នា​ឲ្យ​ច្បាស់ ធានា​ថា ពលករ​យើង ទោះ​បី​ទៅ​វិញ​ក៏​មាន​សុវត្ថិភាព ហើយ​បើ​គាត់​នៅ ក៏​ត្រូវ​ធានា​ថា​មាន​ការងារ​ធ្វើ​ក្នុង​ស្រុក»

កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា ខក​ចិត្ត​ចំពោះ​មេ​ដឹក​នាំ​យោធា​ថៃ ដែល​បាន​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុក​កំណើត​វិញ​យ៉ាង​តក់​ក្រហល់ ដោយ​មិន​បាន​ជូន​ដំណឹង និង​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ករណី​នេះ ភាគី​ថៃ ត្រូវ​តែ​ទទួល​ខុស​ត្រូវ។ ក្នុង​ថ្ងៃ​ដដែល​នោះ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​ជួប​ជជែក​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការ​បរទេស​ថៃ ដោយ​ពិភាក្សា​គ្នា​សំខាន់​ផ្ដោត​លើ​មូលហេតុ​ដែល​ភាគី​ថៃ សម្រេច​បញ្ជូន​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ត្រឡប់​មក​កម្ពុជា វិញ។ ភាគី​ថៃ បញ្ជាក់​ថា មិន​មាន​គោលការណ៍ និង​ផែនការ​បណ្ដេញ​ពលករ​ខ្មែរ​ទេ ហើយ​ភាគី​ថៃ ចង់​ឲ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំងអស់​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់ ចៀសវាង​ការ​កេង​ប្រវ័ញ្ច​ជួញ​ដូរ​កម្លាំង​ពលកម្ម។ ភាគី​ថៃ ក៏​បាន​ស្នើសុំ​ឲ្យ​ពលករ​ខ្មែរ ដែល​ថៃ ចាប់​បញ្ជូន​មក​វិញ បើ​ចង់​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ថៃ វិញ ត្រូវ​រៀបចំ​ឯកសារ​ស្រប​ច្បាប់​ជា​មុន​សិន។

យ៉ាង​ណា​ក្តី ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​យ៉ាង​តក់​ក្រហល់​នេះ ត្រូវ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស រិះគន់​ថា ទាហាន​យោធា​ថៃ អនុវត្ត​មិន​បាន​គោរព​សិទ្ធិ​មនុស្ស ដោយ​ដឹក​ពលករ​ខ្មែរ​ប្រជ្រៀត​គ្នា​ដាច់​បាយ​ដាច់​ទឹក និង​ខ្លះ​ទៀត​ត្រូវ​ការ​សម្លុត​គំរាម​កំហែង​បំបាក់​ស្មារតី​ពលករ​ខ្មែរ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។