រដ្ឋាភិបាលសម្រេចលុបចោលកិច្ចព្រមព្រៀងទទួលសិទ្ធិលក់សំបុត្រចូលទស្សនាតំបន់អង្គរជាមួយក្រុមហ៊ុន សុខា អូតែល (Sokha Hotel) របស់ឧកញ៉ា សុខ គង់ នៅខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។ ដំណឹងនេះធ្វើឲ្យមន្ត្រីបក្សប្រឆាំងសប្បាយចិត្ត ព្រោះគណបក្សនេះបានព្យាយាមតស៊ូមតិប្រឆាំងនឹងកិច្ចព្រមព្រៀងនេះជាច្រើនឆ្នាំមកហើយ។
មន្ត្រីបក្សជំទាស់បានហៅសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាការបញ្ចប់ការកេងប្រវ័ញ្ចរបស់ក្រុមហ៊ុនឯកជនទៅលើមរតកដូនតាខ្មែររយៈពេលជិត ២០ឆ្នាំកន្លងមកហើយនោះ។
តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍នៅថ្ងៃទី៦ ខែវិច្ឆិកា ថា លោកសប្បាយចិត្តចំពោះដំណឹងដែលក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ លែងមានសិទ្ធិលក់សំបុត្រទៅឲ្យភ្ញៀវទេសចរចូលទស្សនាតំបន់អង្គរចាប់ពីដើមឆ្នាំ២០១៦ តទៅ ពីព្រោះបញ្ហានេះលោកបានតវ៉ាជាមួយរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៨ មក ដោយសារលោករកឃើញបញ្ហានេះធ្វើឲ្យបាត់បង់ថវិកាជាតិជាច្រើនក្នុងមួយឆ្នាំៗ។
ទន្ទឹមនឹងគ្នានេះ លោកក៏មានជំនឿដែរថា ក្រសួងពាក់ព័ន្ធក្នុងរដ្ឋាភិបាលមានក្រសួងទេសចរណ៍ និងក្រសួងហិរញ្ញវត្ថុ អាចមានសមត្ថភាពគ្រប់គ្រងការងារដែលក្រុមហ៊ុនធ្លាប់ធ្វើនោះបានល្អ ប្រសិនបើក្រសួងទាំងពីរនេះមានកិច្ចសហការគ្នាល្អ ធ្វើការដោយទទួលខុសត្រូវ និងមានតម្លាភាពនោះ៖ «ខ្ញុំមានជំនឿថា អ្វីដែលកើតឡើងពីពេលនេះទៅវានឹងប្រសើរជាងការគ្រប់គ្រងដោយក្រុមហ៊ុនសូគីម៉ិច កន្លងទៅ ដូចជាចំណូលចូលក្រុមហ៊ុនរាប់សិបលានក្នុងមួយឆ្នាំ នឹងចូលមកក្នុងខ្ទង់ថវិការបស់ជាតិវិញ»។
លោក សុន ឆ័យ បានបង្ហាញពីភាពល្អម្យ៉ាងទៀតថា កាលពីមុនរដ្ឋសភាអត់អាចលូកដៃចូលកិច្ចការរបស់ក្រុមហ៊ុនដែលកំពុងធ្វើជំនួញលើប្រាសាទបុរាណខ្មែរនោះបានទេ ប៉ុន្តែបើនៅថ្ងៃខាងមុខតំបន់ប្រាសាទអង្គរត្រូវគ្រប់គ្រង់ចំណូលដែលបានពីភ្ញៀវទេសចរដោយរដ្ឋាភិបាលផ្ទាល់នោះ គឺរដ្ឋសភាអាចកោះហៅមន្ត្រីដែលពាក់ព័ន្ធមកសាកសួរបាន បើសិនការគ្រប់គ្រងនោះមានភាពធូររលុង ឬគ្មានតម្លាភាពនោះ។
ទាក់ទងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ការទទួលយកការងារលក់សំបុត្រទៅឲ្យភ្ញៀវទេសចរចូលទស្សនាតំបន់អង្គរនោះ គឺជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៥។ លោកថា ការសម្រេចនេះស្របតាមការស្នើរបស់ក្រុមហ៊ុនសុខា អូតែល ដែលសុំមិនចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលបន្តទៀតនៅឆ្នាំខាងមុខនេះ។
លោក ថោង ខុន បានឲ្យដឹងទៀតថា ក្រសួងទេសចរណ៍មិនទាន់បានរៀបចំផែនការយ៉ាងណាដើម្បីទទួលការងារពីក្រុមហ៊ុននោះនៅឡើយទេ ដោយត្រូវការពិភាក្សាគ្នាលំអិតជាមុនសិនជាមួយក្រសួងហិរញ្ញវត្ថុ៖ «យើងត្រូវពិនិត្យមើលការងារនោះឡើងវិញ ដូចជាមិនមានការលំបាកអីទេ ប៉ុន្តែត្រូវការរៀបចំម៉ត់ចត់ដោយរង់ចាំស្តាប់ការណែនាំរបស់ក្រសួងហិរញ្ញវត្ថុ។ តើលោកគិតថា នឹងអាចចំណេញជាងទុកឲ្យក្រុមហ៊ុនគ្រប់គ្រងទេ យើងរង់ចាំមើលការងារនោះសិនថា តើការរៀបចំពីមុនមកយ៉ាងម៉េច ឥឡូវនេះយ៉ាងម៉េចយើងមិនអាចនិយាយបានទេ»។
ស្របពេលគ្នានេះដែរ រដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត នឹងសហការគ្នារៀបចំបទដ្ឋានគតិយុត្តិ ដើម្បីបង្កើត និងដាក់ឲ្យដំណើរការនូវសហគ្រាសសាធារណៈ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលមួយដើម្បីគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌអង្គរ រួមទាំងបុគ្គលិក និងចំណូលចំណាយផ្សេងៗផង។
អាជ្ញាធរជាតិអប្សរាធ្លាប់ប្រកាសថា ប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០១៥ នេះ មានការកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។
សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា កាលពីថ្ងៃទីដើមខែតុលា ឲ្យដឹងថា ក្នុងរយៈពេល ៩ខែក្នុងឆ្នាំនេះមានអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរសរុបចំនួនជាង ១,៥លាន (១.៥២៤.០៤៤) នាក់ គឺបានកើនឡើងជិត ២% បើប្រៀបធៀបនឹងឆ្នាំ២០១៤។ បើគិតជាប្រាក់ចំណូលវិញ មានចំនួនសរុបជាង ៤៣,៣លាន (៤៣.៣០០.០៤០) ដុល្លារ គឺបានកើនឡើងចំនួន ០,២៤%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។