រដ្ឋាភិបាល​ដាក់​ឲ្យ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​មាន​សុពលភាព​១០​ឆ្នាំ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្វើ​ការងារ​ពាក់ព័ន្ធ​ពលករ​ចំណាក​ស្រុក សាទរ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ប្រភេទ​ថ្មី និង​មាន​សុពលភាព ១០​ឆ្នាំ ជូន​ពលរដ្ឋ​ប្រើប្រាស់​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ត​ទៅ។ ប៉ុន្តែ មាន​ការ​រិះគន់​ថា តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​នេះ នៅ​មាន​តម្លៃ​ខ្ពស់​ហួសហេតុ​ពេក។

មន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​នេះ ក៏​តម្រូវ​ឲ្យ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ធ្វើ​លិខិត​ឆ្លង​ដែន​ប្រើប្រាស់​ដែរ គឺ​មិន​អនុញ្ញាត​ឲ្យ​បិត​រូបថត​ភ្ជាប់​លិខិត​ឆ្លង​ដែន​ជាមួយ​ឪពុក​ម្តាយ​ដូច​ពេល​មុន​ទៀត​ទេ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ការ​អបអរ​សាទរ​ដែល​រដ្ឋាភិបាល​បាន​ចេញ​លិខិត​ឆ្លង​ដែន​គំរូ​ប្រភេទ​ថ្មី មាន​រយៈពេល​ប្រើប្រាស់​យូរ​ឆ្នាំ​ក៏ដោយ។ ក៏ប៉ុន្តែ លោក​បាន​រិះគន់​ថា តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ប្រភេទ​ថ្មី​នេះ នៅ​មាន​តម្លៃ​ខ្ពស់​បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង​ដែល​មាន​តម្លៃ​មិន​ដល់ ៥០​ដុល្លារ​ផង។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ជូន​ពលរដ្ឋ​ខ្មែរ ឲ្យ​បាន​ទាប​ជាង​បច្ចុប្បន្ន ដើម្បី​បង្ក​ឲ្យ​ប្រជាជន​កម្ពុជា ពិសេស​ពលករ​ចំណាក​ស្រុក​មាន​លិខិត​ឆ្លង​ដែន​ប្រើប្រាស់​ទាំងអស់​គ្នា៖ «ខ្ញុំ​សុំ​ស្វាគមន៍ វិធានការ​របស់​រដ្ឋាភិបាល​ដែល​បាន​បញ្ចុះ​តម្លៃ​លិខិត​ឆ្លង​ដែន​មាន​តម្លៃ​ទាប និង​មាន​រយៈពេល​វែង​ជាង​មុន។ ប៉ុន្តែ​ទោះ​បី​យ៉ាង​ម៉េច​ក៏ដោយ យើង​សុំ​ឲ្យ និង​ជាពិសេស​ពលករ​ចំណាក​ស្រុក ឲ្យ​គាត់​អាច​ធ្វើ​លិខិត​ឆ្លង​ដែន​បាន​ដូច​ទៅ​តាម​អ្វី​ដែល​បាន​កំណត់​នៅ​ក្នុង​អនុក្រឹត្យ​អ៊ីចឹង គឺ​៤​ដុល្លារ ពីព្រោះ​ក្នុង​១​ថ្ងៃៗ យើង​ទទួល​បាន​ទូរស័ព្ទ​សួរ​នាំ​អំពី​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ហ្នឹង ហើយ​ពលករ​គាត់​មិន​ដឹង​ជា​ទៅ​ធ្វើ​តាម​រយៈ​ណា ដែល​អាច​អស់​តម្លៃ ៤​ដុល្លារ​ហ្នឹង?»

បន្ថែម​លើ​នេះ លោក យ៉ា ណាវុធ ក៏​បាន​ពេបជ្រាយ​ដល់​រដ្ឋាភិបាល​ដែល​ប្រកាស​ឲ្យ​ពលករ​ចំណាក​ស្រុក ធ្វើ​លិខិត​ឆ្លង​ដែន​មាន​តម្លៃ ៤​ដុល្លារ​ក្នុង​ម្នាក់ ថា​ជា​ការ​បោកប្រាស់ និង​ចង់​បាន​ប្រជាប្រិយភាព ប៉ុន្តែ​ធាតុ​ពិត ពលករ​ចំណាក​ស្រុក​ទាំង​នោះ​មិន​អាច​ធ្វើ​លិខិត​ឆ្លង​ដែន​ក្នុង​តម្លៃ​នេះ​បាន​ទេ។

យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​មហាផ្ទៃ បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​ប្រភេទ អ៊ី-ប៉ាសស្ព័រ (E-Passport) មាន​សុពលភាព ឬ​អាយុ​កាល​ចំនួន ១០​ឆ្នាំ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ត​ទៅ។

លោក កែ សុវ៉ាត អនុប្រធាន​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​របស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​នេះ​មាន​សុពលភាព ១០​ឆ្នាំ សម្រាប់​មនុស្ស​មាន​អាយុ​ចាប់​ពី ៦​ឆ្នាំ​ឡើង​ទៅ និង​មាន​តម្លៃ ១០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​បន្ត​ថា សម្រាប់​កុមារ​មាន​អាយុ​ក្រោម ៥​ឆ្នាំ ក៏​តម្រូវ​ឲ្យ​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ​ដែរ គឺ​មិន​អនុញ្ញាត​ឲ្យ​បិទ​រូបថត​ភ្ជាប់​លិខិត​ឆ្លង​ដែន​ជាមួយ​ឪពុក​ម្តាយ​ដូច​ពេល​មុន​ទៀត​ទេ និង​សុពលភាព​ប្រើប្រាស់ ៥​ឆ្នាំ​មាន​តម្លៃ ៨០​ដុល្លារ។

លោក កែ សុវ៉ាត បន្ថែម​ថា តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​នេះ មិន​ទាន់​បូក​បញ្ចូល​ថ្លៃ​ថតរូប ៤​ដុល្លារ​ទេ ហើយ​ពេល​វេលា​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ​មាន​រយៈពេល​ចន្លោះ​ពី ២០ ទៅ ៣០​ថ្ងៃ គឺ​ប្រហាក់​ប្រហែល​គ្នា​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​គំរូ​ចាស់​ដែរ។

លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​សម្រាប់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​មាន​កម្រាស់ ៣២​ទំព័រ និង​មនុស្ស​ចាស់​មាន​កម្រាស់ ៦៤​ទំព័រ ហើយ​ពេល​ផុត​កំណត់ គឺ​មិន​អនុញ្ញាត​ឲ្យ​ពន្យារ​ពេល​ទេ គឺ​ត្រូវ​ធ្វើ​ថ្មី៖ «ចំពោះ​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​ហ្នឹង សម្រាប់​កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ៥​ឆ្នាំ​ចុះ​នោះ គាត់​មាន​សុពលភាព ៥​ឆ្នាំ ហើយ​សម្រាប់​មនុស្ស​ធំ​ដែល​មាន​អាយុ​ចាប់​ពី ៦​ឆ្នាំ​ឡើង​ទៅ​ហ្នឹង គឺ​មាន​សុពលភាព ១០​ឆ្នាំ។ ចំពោះ​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​នេះ គឺ​មិន​មាន​បន្ត​សុពលភាព និង​គ្មាន​បិត​រូប​កូន​ដែល​ទៅ​រួម​ដំណើរ​ជាមួយ​ទៀត​ទេ។ ចំពោះ​ថវិកា​ដែល​គាត់​ត្រូវ​បង់​នោះ ចំពោះ​កូន​ក្មេង​មាន​អាយុ ៥​ឆ្នាំ​ចុះ​ហ្នឹង គាត់​បង់​តម្លៃ ៨០​ដុល្លារ។ រីឯ​មនុស្ស​ធំ​មាន​អាយុ​ចាប់​ពី ៦​ឆ្នាំ​ឡើង​ទៅ គឺ​គាត់​ត្រូវ​បង់ ១០០​ដុល្លារ»

ទោះ​ជា​បែប​ណា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាន​ថ្លែង​សាទរ​ចំពោះ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី មាន​សុពលភាព​ប្រើប្រាស់​រហូត​ដល់ ១០​ឆ្នាំ របស់​រដ្ឋាភិបាល​ពេល​នេះ។ ប៉ុន្តែ​បាន​ស្នើ​បញ្ចុះ​តម្លៃ​ឲ្យ​បាន​ទាប​ជាង​នេះ។

លោក កែ សុវ៉ាត អនុប្រធាន​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​ផ្តល់​ជូន​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ គឺ​មាន​ប្រជាពលរដ្ឋ​ជាង ៨០០​នាក់​ហើយ បាន​មក​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។