ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ លោក រុន រ័ត្នវាសនា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែមករា ថា ការបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ នឹងត្រូវធ្វើតាមប្រព័ន្ធធនាគារនៅពេលឆាប់ៗខាងមុខ។
លោកថា ការងាកមកប្រើប្រាស់ប្រព័ន្ធធនាគារវិញ គឺដើម្បីសម្រួលដល់ការគ្រប់គ្រងប្រាក់ផាកពិន័យ និងបង្កភាពងាយស្រួលដល់សាធារណជននៅឆ្ងាយពីទីតាំងទទួលប្រាក់ផាកពិន័យរបស់រដ្ឋ៖ «យើងកំពុងសម្រួលថា ធ្វើម៉េចឲ្យការបង់ហ្នឹងតាមប្រព័ន្ធធនាគារឲ្យស្រួលវិញ។ ការគ្រប់គ្រងទៅលើប័ណ្ណហ្នឹងតាមខេត្តនីមួយៗ វាប្រើពេលវេលា ដោយសារឯកសារមួយចំនួនពីខេត្តមួយទៅខេត្តមួយវាឆ្លងយូរ។ អ៊ីចឹងយើងកំពុងសិក្សាថា ធ្វើម៉េចដើម្បីឲ្យការបង់ប្រាក់ហ្នឹងតាមប្រព័ន្ធធនាគារ។ អ៊ីចឹងបងប្អូនដែលត្រូវពិន័យហ្នឹង គាត់គ្រាន់តែយកអាហ្នឹងទៅបង់នៅធនាគារដែលយើងកំពុងសិក្សាហ្នឹង អ៊ីចឹងវាចប់ហើយ អត់មានអីពិបាកទេ»។
យ៉ាងណាក៏ដោយ លោក រុន រ័ត្នវាសនា បារម្ភថា កិច្ចការនេះនឹងត្រូវចំណាយពេលវេលាយូរក្នុងការអប់រំសាធារណជនទូទៅ ឲ្យបានយល់ដឹងច្បាស់ និងដើម្បីធានាថា ការប្រើប្រាស់ប្រព័ន្ធធនាគារដំណើរការទៅដោយរលូន ព្រោះថា ការប្រើប្រាស់ប្រព័ន្ធធនាគារនៅតែជារឿងថ្មីនៅឡើយសម្រាប់ប្រជាជនកម្ពុជា ជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
