កម្មករ​រោងចក្រ​មួយ​នៅ​ខេត្ត​កណ្ដាល​ទាមទារ​ប្រាក់​អតីតភាព​ក្រោយ​រោងចក្រ​ដូរ​ឈ្មោះ

ដោយ អ៊ុង សេរីវុទ្ធ
2016.03.04
កម្មករ​រោងចក្រ​តម្បាញ​ហ្គ្រេត អននើរ ខេត្ត​កណ្ដាល ៨៥៥ កម្មករ​រោងចក្រ​តម្បាញ​ហ្គ្រេត អននើរ (Great Honour) ឡើង​តវ៉ា​នៅ​មុខ​សាលាខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Uon Chhin

កម្មករ​រោងចក្រ​តម្បាញ​នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​ប្រមាណ​៣​០០នាក់ ឡើង​តវ៉ា​នៅ​មុខ​សាលាខេត្ត​កណ្ដាល ដើម្បី​ឲ្យ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ដែល​ពួកគេ​ចោទ​ថា បាន​ប្ដូរ​ឈ្មោះ​រោងចក្រ រួម​នឹង​ការ​ធ្វើ​បាប និង​បណ្ដេញ​ពួកគេ ដោយ​មិន​ផ្ដល់​សំណង​អតីតភាព​ជាដើម។ តែ​តំណាង​រោងចក្រ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​​រក្សា​ជំហរ​ផ្ដល់​សំណង​អតីតភាព​ជូន​កម្មករ​ដដែល បើ​ទោះបីជា​ដូរ​ឈ្មោះ​រោងចក្រ​ក្ដី។

កម្មករ​រោងចក្រ​តម្បាញ​ហ្គ្រេត អននើរ (Great Honour) នៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយរលំ ដែល​តវ៉ា ​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​យ៉ាងណា ​ដាក់​សម្ពាធ​លើ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អតីតភាព​ការងារ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ឲ្យ​ពួកគេ បើ​រោងចក្រ​នេះ​គ្មាន​ការងារ​ឲ្យ​ធ្វើ ហើយ​ប្ដូរ​ឈ្មោះ​រោងចក្រ​ទៀត​នោះ។

រោងចក្រ​នេះ​ពី​ដើម​ឈ្មោះ​វីននើរ (Winner) ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ហ្គ្រេត អននើរ នៅ​ឆ្នាំ​២០១១។

តំណាង​ប្រធាន​​ក្រុម​​ក្នុង​ចំណោម​កម្មករ​ប្រមាណ​១​ពាន់​នាក់ ធ្វើការ​ក្នុង​រោងចក្រ​នេះ លោកស្រី ស៊ិន គឹមស៊ បញ្ជាក់​ថា លោកស្រី​ត្រូវ​បាន​រដ្ឋបាល​រោងចក្រ​បញ្ឈប់ ទាំង​ដែល​លោកស្រី​អះអាង​ថាគ្មាន​កំហុស៖ «រឿង​ខ្ញុំ​សុំ​អាវ​ពីអាចេ​មក​ធ្វើ ដោយ​ចង្អុល​អាវ តែ​ក្រុមហ៊ុន​ថា​ខ្ញុំ​ចង្អុល​មុខចិន ហើយ​ក៏​បណ្ដេញ​ខ្ញុំ​ចេញ​តែ​ម្ដង»

ចំណែក​តំណាង​កម្មករ​តវ៉ា​ម្នាក់​ទៀត​ធ្វើការ​ក្នុង​ផ្នែក​តម្បាញ លោកស្រី ឃុន តាំងអឿន អះអាង​ថា ក្រុម​របស់​លោកស្រី​គ្មាន​ការងារ​ធ្វើ​ពេញ​លេញ​នឹង​គេ ហើយ​បណ្ដា​ឲ្យ​ពួកគេ​ខ្វះ​លុយកាក់ សម្រាប់​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ៖ «សំណូមពរ​ដល់​សម្ដេច ឯកឧត្តម​ ជួយ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់បំណាច់​ផ្សេងៗ ហើយ​បើ​សិន​មាន​ការងារ​ពេញ​លេញ​ឲ្យ​ធ្វើ​ខ្ញុំ​ក៏​ព្រម​ដែរ»

ឆ្លើយ​តប​នឹង​ការ​ចោទ​នេះ​ប្រធាន​រដ្ឋបាល​រោងចក្រ លោក លឹម វេញ បដិសេធ​ព័ត៌មាន​ដែល​ថា​រោងចក្រ​ធ្វើ​ទុក្ខ​ម្នេញ​កម្មករ ដើម្បី​ជា​លេស​ឲ្យ​ពួកគេ​បាត់​បង់​អតីតភាព​ការងារ​នោះ​ទេ។ មួយ​វិញ​ទៀត​រោងចក្រ​ក៏​មិន​បិទ​ទ្វារ​ដែរ ហើយ​រោងចក្រ​រក្សា​ជំហរ​ផ្ដល់​សំណង​អតីតភាព ជូន​កម្មករ​ប្រមាណ​៣០​ភាគរយ ដែល​ធ្វើការ​តាំង​ពី​ឆ្នាំ​១៩៩៨ មក បើទោះបីជា​រោងចក្រ​ប្ដូរ​ឈ្មោះ​ក្ដី ដូច្នេះ​រោងចក្រ​នឹង​មិន​ផ្ដល់​ប្រាក់​អតីតភាព​តាម​ការ​ទាមទារ​ទេ។

លោក​បន្ត​ថា បច្ចុប្បន្ន​រោងចក្រ​ជួប​បញ្ហា​ដោយ​ខ្វះ​អ្នក​បញ្ជា​ទិញ ជា​ហេតុ​ធ្វើ​​ឲ្យ​រោងចក្រ​ផ្អាក​ដំណើរការ​មួយ​រយៈ ដោយ​មាន​ផ្ដល់​ប្រាក់​ខែ​៥០​ភាគរយ រួម​នឹង​អត្ថ​ប្រយោជន៍​មួយ​ចំនួន​​ដល់​កម្មករ​ផងដែរ ៖ «សំណូម​ឲ្យ​កម្មករ​យើង​ដាក់​ចិត្ត​ធ្វើការ​ឡើង កុំ​យើង!!! ពួកគាត់​គិត​តែ​ម៉្យាង​គុណ​លុយ​ឲ្យ​គាត់​ទៅ​ផ្ទះ ការពិត​ខ្ញុំ​ក៏​ធ្វើ​ការ​ឲ្យ​គេ​ដែរ បើ​គេ​គិត​លុយ​ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ។ ប៉ុន្តែ​យើង​ត្រូវ​មើល​ទិដ្ឋភាព​រួម ព្រោះ​យើង​បង្ខំ​គេ​បិទ​ទ្វារ​ម៉េច? ខ្ញុំ​ក៏​ចង់​ដែរ​តែ​យើង​ទៅ​បង្ខំ​គេ​បាន​ទេ បើ​គេ​ចង់​បិទ គេ​​គង់​នឹង​ឲ្យ​យើងទេ»

រោងចក្រ​តម្បាញ​ហ្គ្រេត អននើរ (Great Honour) នៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល រូបថត​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៦។
រោងចក្រ​តម្បាញ​ហ្គ្រេត អននើរ (Great Honour) នៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល រូបថត​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Uon Chhin

យ៉ាងណាក៏ដោយ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មើល​ឃើញ​ថា ថៅកែ​រោងចក្រ​ភាគ​ច្រើន​មិន​ទទួល​ខុស​ត្រូវ​អតីតភាព​​កម្មករ​របស់​កម្មករ​ទេ ពេល​ដូរ​ឈ្មោះ​ពី​មួយ​ទៅ​មួយ។ បើ​ទោះបីជា​ថៅកែ​នោះ​សន្យា​រក្សា​អតីតភាព​នេះ​ក្ដី ហើយ​លោក​ពន្យល់​ថា កម្មករ​មាន​សិទ្ធិ​ទាមទារ​សំណង​ប្រាក់​អតីតភាព និង​អត្ថប្រយោជន៍​របស់​ខ្លួន ដើម្បី​ជៀសវាង​ការ​បោកប្រាស់​ពី​ថៅកែ។

ចំណែក​ឯ​ភាគី​កម្មករ​វិញ​អះអាង​ថា ពួកគេ​នឹង​បន្ត​តវ៉ា​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត​បើ​គ្មាន​ដំណោះស្រាយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។