HRW៖ ការ​រំលោភ​សិទ្ធិ​កម្មករ​ដោយ​ថៅកែ​រោងចក្រ​នៅ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ

0:00 / 0:00

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​ទី​១២ ខែ​មីនា បញ្ចេញ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា។

យូមែន រ៉ៃត៍ វ៉ច្ឆ មើល​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​កម្មករ​ដោយ​ថៅកែ​រោងចក្រ នៅ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ ចំណែក​រដ្ឋាភិបាល​វិញ ក៏​មិន​ទាន់​បាន​ចាត់​វិធានការ​ពេញ​លេញ ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​កម្មករ​នៅ​ឡើយ។

របាយការណ៍​ដែល យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ពេល​នេះ មាន​ចំណង​ជើង​ថា ធ្វើ​ការ​កាន់​តែ​លឿន ឬ​ដើរ​ចេញ។ របាយការណ៍​ជា​ភាសា​អង់គ្លេស​កម្រាស់​ប្រមាណ ១៤០​ទំព័រ​នេះ ត្រូវ​បាន​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) និង​មន្ត្រី​ស្រាវជ្រាវ​ជាន់​ខ្ពស់​សិទ្ធិ​នារី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អ្នកស្រី អារូណា ខាសយ៉ាប (Aruna Kashyab) ជា​អ្នក​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​ផ្សព្វផ្សាយ។

របាយការណ៍​សិក្សា​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​តុលា ឆ្នាំ​២០១៣ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៥ និង​បាន​ធ្វើ​ការ​សម្ភាស​ទៅ​លើ​មនុស្ស​ប្រមាណ ៣៤០​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​កាត់​ដេរ បង្ហាញ​ថា ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា បាន​កើត​ឡើង​ទាំង​ក្នុង​រោងចក្រ​មាន​ទិសដៅ​នាំ​ចេញ និង​ក្នុង​រោងចក្រ​ម៉ៅការ។

ការ​រំលោភ​សិទ្ធិ​ការងារ​ទាំង​នោះ​រួម​មាន ការ​ធ្វើ​ការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ ការ​សងសឹក​ប្រឆាំង​អ្នក​មិន​ព្រម​ធ្វើ​ការ​បន្ថែម​ម៉ោង កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើ​ការ ការ​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ ការ​ប្រើប្រាស់​មនុស្ស​មិន​គ្រប់​អាយុ​ឲ្យ​ធ្វើ​ការ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បំបែក​សហជីព ដើម្បី​ទប់ទល់​ជាមួយ​សហជីព​ឯករាជ្យ ការ​រើសអើង​ចំពោះ​កម្មការិនី​មាន​ផ្ទៃ​ពោះ ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ភេទ និង​ការ​បដិសេធ​អត្ថប្រយោជន៍​ក្នុង​ពេល​មាតុភាព ជាដើម។

ចំពោះ​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​នេះ របាយការណ៍​សិក្សា​ដែល​បាន​សម្ភាស​កម្មករ​មក​ពី​រោងចក្រ​ជាង ៧០ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ចាម និង​ខេត្ត​ព្រៃវែង លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ការ​គោរព​សិទ្ធិ​របស់​កម្មករ និង​ធានា​ថា នៅ​ពេល​ដែល​មាន​ការ​រំលោភ​បំពាន​កើត​ឡើង បញ្ហា​របស់​ពួក​គេ​ត្រូវ​ទទួល​បាន​ការ​ដោះស្រាយ។

យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​បន្ត​ថា ក្នុង​ឆ្នាំ​២០១៤ ក្រសួង​ការងារ បាន​បង្កើត​ក្រុម​អធិការកិច្ច​ការងារ​ចម្រុះ ដើម្បី​ធ្វើ​អធិការកិច្ច ឬ​ត្រួត​ពិនិត្យ​ទៅ​លើ​ដំណើរ​ការ​នៅ​តាម​បណ្ដា​រោងចក្រ​នានា។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​មួយ​នេះ​កត់​សម្គាល់​ថា អធិការដ្ឋាន​ការងារ​កម្ពុជា នៅ​តែ​គ្មាន​ប្រសិទ្ធភាព និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាច្រើន។

ទាក់ទង​បញ្ហា​ពុក​រលួយ​នេះ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ ក្នុង​ទីក្រុង​ភ្នំពេញ នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា បញ្ហា គឺ​នៅ​ត្រង់​ក្រសួង​ការងារ មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន ក្នុង​ការ​ជំរុញ​ឲ្យ​រោងចក្រ​អនុវត្ត​ច្បាប់​ការងារ​កម្ពុជា ឲ្យ​បាន​ពេញលេញ។ លោក​ថា ការ​ខកខាន​នេះ គឺ​ដោយសារ​មាន​ការ​ប្រតិបត្តិ​ប្រព័ន្ធ​ស្រោម​សំបុត្រ៖ «យើង​មាន​អ្នក​អធិការកិច្ច​រាប់​ពាន់​ចន្លោះ​ពី​ឆ្នាំ​២០១១ ដល់​២០១៣ ប៉ុន្តែ​មាន​រោងចក្រ​ចំនួន​១០ ប៉ុណ្ណោះ ដែល​ត្រូវ​គេ​រក​ឃើញ​ថា​មាន​កំហុស ហើយ​ផាក​ពិន័យ វា​មើល​ទៅ​មិន​គ្រប់គ្រាន់​ឡើយ ដែល​ធ្វើ​ឲ្យ​យើង​ចោទ​សួរ​ខ្លួន​ឯង​អំពី​ការងារ​របស់​ក្រសួង​ការងារ ដើម្បី​ជំរុញ​ការ​អនុវត្ត​ច្បាប់​ការងារ​កម្ពុជា។ ពួក​គេ​បន្ត​យក​លេស​អំពី​កង្វះ​សមត្ថភាព ឬ​ថា​គ្មាន​អ្នក​ត្រួត​ពិនិត្យ​គ្រប់គ្រាន់។ ខ្ញុំ​គិត​ថា វា​ជា​បញ្ហា​មួយ​ហើយ ប៉ុន្តែ​បញ្ហា​សំខាន់​នោះ គឺ​រដ្ឋាភិបាល​ខ្វះ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​រោងចក្រ​ដែល​រំលោភ​សិទ្ធិ​កម្មករ វា​ងាយ​ស្រួល​សម្រាប់​ក្រសួង​ការងារ ក្នុង​ការ​យក​លុយ​ជាង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ការងារ»

លោក ហ្វីល រ៉ូបឺតសុន ក៏​សង្ឃឹម​ដែរ​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ នឹង​ដាស់​រដ្ឋាភិបាល​ឲ្យ​ភ្ញាក់​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​កម្មករ។

ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​ចូលរួម​ស្តាប់​សន្និសីទ​កាសែត​ដែរ​នោះ មាន​ប្រសាសន៍​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ជា​របាយការណ៍​ច្បាស់លាស់ ហើយ​ថា បញ្ហា​ដែល​លើក​ឡើង​ក្នុង​របាយការណ៍ គឺ​ដូច​ទៅ​នឹង​អ្វី​ដែល​សហជីព​កំពុង​ជួប​ប្រទះ។ ស្រដៀង​ទៅ​នឹង លោក ហ្វីល រ៉ូបឺតសុន លោក ប៉ាវ ស៊ីណា យល់​ថា អំពើ​ពុក​រលួយ គឺ​ជា​កត្តា​ដែល​បង្អាក់​ដល់​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ការងារ​នៅ​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ការ​ទទួល​ខុស​ត្រូវ​ចម្បង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​កម្ពុជា គឺ​នៅ​តែ​ជា​ការងារ​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។