គ្រូ​បង្រៀន​នៅ​កំពង់ធំ​ចោទ​នាយក​សាលា​ថា​រើសអើង​បក្ខពួក

0:00 / 0:00

ក្រុម​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​សម្ដែង​ភាព​មិន​ពេញ​ចិត្ត​នឹង​ថ្នាក់​ដឹកនាំ​សាលា ដែល​គ្រប់គ្រង​បុគ្គលិក​មិន​មាន​ភាព​យុត្តិធម៌​ចំពោះ​ការ​វាយ​តម្លៃ​ទៅ​លើ​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​គ្រូ​បង្រៀន ប្រកាន់​បក្ខពួក ហើយ​កំណត់​ឡើង​លុយ​ទឹក​ចិត្ត ឬ​ហៅ​ថា​ដំឡើង​កាំ​ប្រាក់​ឲ្យ​តែ​បក្ខពួក​របស់​ខ្លួន​នោះ។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​គណៈ​គ្រប់គ្រង​សាលា​ច្រាន​ចោល​ទៅ​វិញ។

ក្រុម​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យលាក់ នៅ​សង្កាត់​អាចារ្យលាក់ ក្រុង​ស្ទឹងសែន បាន​ត្អូញត្អែរ​ថា ពួក​គាត់​ខិតខំ​ប្រឹង​ធ្វើ​ការ​អស់​ពី​លទ្ធភាព ប៉ុន្តែ​បែរ​ជា​ពួក​គាត់​មិន​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ដែល​ក្រសួង​ផ្ដល់​ឲ្យ​នោះ​ទៅ​វិញ។

គ្រូ​បង្រៀន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ មេសា ដោយ​ចោទ​ប្រកាន់​នាយក​គ្រប់គ្រង​សាលា​បឋម​សិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យលាក់ គឺ​អ្នកស្រី ហៃ ម៉ូលី ថា​ជា​អ្នក​គ្រប់គ្រង​មិន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​បុគ្គលិក ពីព្រោះ​ថា ប្រសិន​បើ​គ្រូ​ណា​ពូកែ​អែបអប​យក​ចិត្ត ទើប​គ្រូ​នាយក​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​ថា​ល្អ ហើយ​សរសេរ​របាយការណ៍​ទៅ​មន្ទីរ​អប់រំ ដើម្បី​ដំឡើង​កាំ​ប្រាក់ ឬ​ប្រាក់​លើក​ទឹក​ចិត្ត​ឲ្យ​ក្នុង​រយៈពេល ២​ឆ្នាំ​ម្ដង តែ​បើ​គ្រូ​ណា​មិន​ចេះ​អែបអប ទោះ​បី​ខំ​ធ្វើ​ការ​ល្អ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​ទទួល​បាន​ការ​ដំឡើង​កាំ​ប្រាក់​ក្នុង​រយៈពេល ២​ឆ្នាំ​ម្ដង​តាម​គោលការណ៍​របស់​ក្រសួង​នោះ​ទេ។

គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យលាក់ មាន​ជាង ៣០​នាក់ ទាំង​បង្រៀន​ថ្នាក់​មត្តេយ្យ និង​ថ្នាក់​បឋម​សិក្សា។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​សាលា​បឋម​សិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យលាក់ អ្នកស្រី ហៃ ម៉ូលី បាន​បដិសេធ​ថា ការ​គ្រប់គ្រង​សាលា​របស់​អ្នកស្រី មិន​បង្កើត​បក្ខពួក​អ្វី​ទេ។ អ្នកស្រី​បញ្ជាក់​ថា ការ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​នោះ គឺ​សាលា​បាន​បង្កើត​ក្រុម​ប្រឹក្សា​វិន័យ​ច្បាស់​លាស់​ក្នុង​ការ​វាយ​តម្លៃ​គ្រូ​ទាំងអស់ ក្នុង​ការ​ដំឡើង​កាំ​ប្រាក់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គ្រូ​បង្រៀន​មួយ​រូប​ទៀត​បាន​លើក​ឡើង​ថា ក្រុម​ប្រឹក្សា​វិន័យ​វាយ​តម្លៃ​នោះ​ជា​ក្រុម​បក្ខពួក​របស់​នាយក​សាលា។ ដូច្នេះ បើ​សិន​ជា​អ្នក​ណា​មិន​សូវ​ជិតស្និទ្ធ​ជាមួយ​គ្រូ​នាយក​នោះ ពួក​គាត់​ម្នាក់​ប្រមាណ ៣​ឆ្នាំ ទើប​ទទួល​បាន​ការ​ដំឡើង​កាំ​ប្រាក់។ អ្នកគ្រូ​ដដែល​អះអាង​ថា កាំ​ប្រាក់​ដែល​ខាង​ក្រសួង​ដំឡើង​ជូន​នោះ ក្នុង​មួយ​ខែ​ពី ២.៥០០​រៀល ទៅ ៣​ពាន់​រៀល។

បន្ថែម​ពី​លើ​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ភាព​អយុត្តិធម៌​នេះ​បាន​កើត​មាន​នៅ​តាម​សាលា​មួយ​ចំនួន​ទៀត​ដែរ ដែល​បញ្ហា​បង្កើត​បក្ខពួក​និយម​នេះ មិន​អាច​លុប​បំបាត់​អស់​នោះ​ទេ។ លោក​បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​ស្រឡាញ់​បុគ្គលិក​របស់​ខ្លួន​ដែល​ជា​អ្នក​ពូកែ​អែបអប​នេះ ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​នោះ​មិន​មាន​ប្រសិទ្ធភាព ហើយ​បញ្ហា​ធ្ងន់ធ្ងរ​នឹង​កើត​មាន ពិសេស​បញ្ហា​បាក់​ទឹក​ចិត្ត​របស់​គ្រូ​បង្រៀន​ដទៃ​ទៀត​ដែល​មិន​ចេះ​អែបអប​នោះ។

របាយការណ៍​ពី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ទាំងអស់​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៦​សែន​នាក់។

លោក រ៉ុង ឈុន បាន​អះអាង​ថា ក្នុង​ចំណោម​គ្រូ​បង្រៀន​ទាំង​នោះ មាន​គ្រូ​មួយ​ចំនួន​ដែល​ហ៊ាន​តវ៉ា ឬ​បញ្ចេញ​មតិ​ទាក់ទង​នឹង​ការ​ដឹកនាំ​មិន​ល្អ​របស់​គណៈ​គ្រប់គ្រង​សាលា​នោះ ត្រូវ​បាន​គណៈ​គ្រប់គ្រង​សាលា​ចោទ​ប្រកាន់​ថា មាន​និន្នាការ​ទៅ​គណបក្ស​ប្រឆាំង ហើយ​គ្រូ​បង្រៀន​ទាំង​នោះ​ទទួល​រង​នូវ​ការ​គាប​សង្កត់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។