មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) ព្រួយបារម្ភថា ការហូរចូលនូវផលិតផលកសិកម្ម និងចំណីអាហារពីប្រទេសផ្សេងៗ ជាការគំរាមកំហែងថ្មីសម្រាប់វិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា។ ដោយមើលឃើញពីបញ្ហានេះ អង្គការនេះបានពង្រីកទីផ្សារណាត់សហគមន៍កសិផលធម្មជាតិមួយបន្ថែមទៀតនៅក្នុងខេត្តកំពង់ស្ពឺ ដោយរំពឹងថា ផ្សារនេះនឹងក្លាយជាកម្មវិធីជំនួញបែបសង្គម ដែលអាចជួយផ្គត់ផ្គង់ចំណីអាហារប្រកបដោយសុវត្ថិភាពដល់អ្នកបរិភោគ និងផ្តល់ឱកាសដល់កសិករអ្នកផលិតកសិផលសរីរាង្គ ទទួលបានចំណូលខ្ពស់។
តើផ្សារណាត់កសិផលធម្មជាតិ នឹងផ្តល់ផលចំណេញអ្វីខ្លះទៀតដល់កសិករខ្នាតតូចនៅខេត្តកំពង់ស្ពឺ?
អង្គការសេដាក អះអាងថា ផ្សារណាត់សហគមន៍កសិផលធម្មជាតិ ដែលទើបតែបង្កើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ គឺជាចំណែកមួយឈានទៅកាត់បន្ថយការនាំចូលទំនិញដែលមានសារធាតុគីមី ពិសេសកាត់បន្ថយការលក់កសិផលសរីរាង្គរបស់កសិករទៅឲ្យឈ្មួញកណ្ដាល បានក្នុងតម្លៃទាបពេក។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការផ្សារណាត់សហគមន៍កសិផលធម្មជាតិជាលើកដំបូង នៅទីរួមខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ។
អ្នកសម្របសម្រួលផ្នែកកសិកម្ម និងគម្រោងផ្សារណាត់សហគមន៍កសិផលធម្មជាតិ ប្រចាំខេត្តកំពង់ស្ពឺ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោក វង្ស សាវឿន លើកឡើងថា នេះជាប្រវត្តិសាស្ត្រមួយដែលប្រជាកសិករនៅខេត្តកំពង់ស្ពឺ អាចទទួលបានផ្សារណាត់សរីរាង្គជាលើកដំបូង។ លោកថា ផ្សារនេះ គឺជាការលើកទឹកចិត្តដល់ក្រុមកសិករផលិតកសិផលកសិកម្មសរីរាង្គ និងជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ឲ្យងាកមកប្រើផលិតផលធម្មជាតិវិញ៖ « គឺយើងចង់ផ្សព្វផ្សាយផលិតផលធម្មជាតិ ដែលផលិតចេញពីធម្មជាតិសុទ្ធសាធ ពិសេសយើងចង់ឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ មានសុខភាព តាមរយៈការទិញបន្លែពីទីផ្សារណាត់សហគមន៍កសិផលធម្មជាតិ »។
លោកឲ្យដឹងដែរថា ក្នុងមួយថ្ងៃៗការនាំចូលបន្លែមកកាន់ខេត្តកំពង់ស្ពឺ ចាប់ពី ៣០តោន ទៅ ៥០ តោន ដែលភាគច្រើន បន្លែទាំងនោះនាំចូលស្ទើរតែទាំងស្រុងពីប្រទេសវៀតណាម។ ហេតុនេះ លោកយល់ថា ការដាក់ឲ្យដំណើរការផ្សារណាត់សហគមន៍ធម្មជាតិនេះ មិនត្រឹមតែជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ ដែលជាក្រុមគោលដៅរបស់អង្គការសេដាក ប៉ុណ្ណោះទេ វាក៏ជាចំណែកសំខាន់ ជួយកាត់បន្ថយផលប៉ះពាល់ពីការបរិភោគបន្លែដែលមានសារធាតុគីមីក្នុងខេត្តនេះផងដែរ ព្រោះបន្លែដែលកសិករដាំបាននោះ គឺមិនមានប្រើប្រាស់ជីគីមីឡើយ គឺកសិករប្រើជីកំប៉ុសដែលផលិតចេញពីធម្មជាតិប៉ុណ្ណោះ៖ « គុណសម្បត្តិនៃផ្សារនេះ គឺទាក់ទាញប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ទោះបីជាគាត់ស្ថិតនៅទីប្រជុំ មានដីតូចតាច គាត់ក៏អាចធ្វើការដាំដុះបានដែរ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ តាមរយៈការងារកសិកម្ម និងមានទីផ្សារច្បាស់លាស់ពីអង្គការសេដាក »។
បច្ចុប្បន្ន អង្គការសេដាក បង្កើតបានផ្សារណាត់សហគមន៍កសិផលធម្មជាតិបានចំនួន៥ មាននៅក្នុងខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ។ ផ្សារណាត់សហគមន៍កសិផលធម្មជាតិ ដែលទើបបង្កើតបានលើកដំបូងនៅខេត្តកំពង់ស្ពឺ នេះ បានរួមចំណែកជួយបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករចំនួន ២២គ្រួសារក្នុងឃុំកាហែង និងឃុំតាំងក្រូច ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
និយាយពីផលចំណេញរបស់ផ្សារណាត់សហគមន៍កសិផលធម្មជាតិនេះដែរ កសិករម្នាក់ដែលជាសមាជិករបស់ផ្សារសហគមន៍នេះ គឺលោកស្រី តន ស៊ន។ លោកស្រីនិយាយថា ផ្សារសហគមន៍កសិផលធម្មជាតិ ពិតជាមានផលប្រយោជន៍ច្រើនដល់កសិករខ្នាតតូច ព្រោះធ្វើឲ្យកសិករចំណាយដើមទុនតិច ទទួលបានចំណេះដឹងថ្មីៗ អាចដាំដំណាំត្រូវនឹងទីផ្សារត្រូវការ គេចផុតពីការបន្ទាបតម្លៃកសិផលពីឈ្មួញ ពិសេសជួយដោះស្រាយភាពតានតឹងនានាក្នុងអាជីពកសិករ៖ « កាលមុនពេលខ្ញុំដាំផ្ទី លក់បានតម្លៃថោកណាស់ ទោះជាមិនប្រើជីគីមីក៏ដោយ តែក្រោយខ្ញុំបានចូលផ្សារណាត់សហគមន៍កសិផលធម្មជាតិរួចមក ខ្ញុំអាចម្ចាស់ការលើខ្លួនឯងបាន ពិសេសខ្ញុំអាចគ្រប់គ្រងតម្លៃបាន »។
សមាជិករបស់ផ្សារសហគមន៍កសិផលធម្មជាតិម្នាក់ទៀត លោក ស៊ឹម រ៉ុម ឲ្យដឹងដែរថា កសិករខ្នាតតូចដែលមានដីតិចជាង ៥ហិកតារ ជួបប្រទះបញ្ហាជាច្រើនក្នុងវិស័យកសិកម្ម ក្នុងនោះមានបញ្ហាប្រព័ន្ធធារាសាស្ត្រ កង្វះទុន និងផលិតមិនត្រូវតម្រូវការទីផ្សារជាដើម។ កសិកររូបនេះអះអាងថា ក្រោយលោកបានចូលជាសមាជិកផ្សារណាត់សហគមន៍កសិផលធម្មជាតិ លោកអាចរកចំណូលបានពីការលក់ផលិតផលធម្មជាតិបានជិត ២០០ដុល្លារក្នុងមួយខែៗ៖ « ក្នុងមួយអាទិត្យ ខ្ញុំដឹកបន្លែមកកាន់ទីផ្សារសហគមន៍មួយអាទិត្យ ៣ជើង។ ចឹងក្នុងមួយខែដឹកបាន ១២ជើង ហើយបើខ្ញុំគិតទៅ ខ្ញុំអាចរកចំណូលសរុបពីការលក់បន្លែបាន ២០០ដុល្លារក្នុងមួយខែ។ មិនតែមិនប៉ុណ្ណោះទេ ខ្ញុំមានចំណេះដឹងថ្មី ផ្សព្វផ្សាយក្នុងសហគមន៍ខ្ញុំ មានលុយសន្សំ ខុសប្លែកកាលពីខ្ញុំមិនទាន់ចូលផ្សារសហគមន៍ »។
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងជំហានទី១ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមអ្នកជំនាញពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានឲ្យដឹងថា បច្ចុប្បន្ន ផលិតកម្មបន្លែនៅក្នុងប្រទេសកម្ពុជា យើង នៅមានភាពទន់ខ្សោយនៅឡើយ។ ប្រការនេះ បានធ្វើឲ្យកម្ពុជា ត្រូវការនាំចូលបន្លែមកពីប្រទេសជិតខាងបន្ថែមប្រមាណពី ២០០តោនទៅ ៤០០តោនក្នុងមួយថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ដោយយល់ដឹងពីគ្រោះថ្នាក់ពីការបរិភោគបន្លែដែលមានសារធាតុគីមី ខណៈមានលំហូរផលិតផលកសិកម្មពីប្រទេសជិតខាងមានចំនួនច្រើននេះដែរ ជាស្ត្រីមេផ្ទះមួយរូប លោកស្រី សុខ ស្រីអូន ដែលបានទិញបន្លែសរីរាង្គក្នុងផ្សារណាត់សហគមន៍កសិផលធម្មជាតិ លោកស្រីព្រួយបារម្ភពីគ្រោះថ្នាក់ដល់សុខភាព ព្រោះបន្លែ ត្រី សាច់ ដែលទិញពីទីផ្សារ ភាគច្រើនសម្បូរទៅដោយសារជាតិគីមី។ ហេតុនេះ លោកស្រីគាំទ្រផ្សារណាត់សហគមន៍កសិផលធម្មជាតិ៖ « ខ្ញុំគាំទ្រឲ្យមានការបង្កើតផ្សារលក់កសិផលធម្មជាតិឲ្យបានច្រើន ព្រោះវាការលើកទឹកចិត្តកសិករឲ្យដាំដុះឲ្យបានច្រើន »។
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពិសេសកសិករខ្នាតតូចដែលជាសមាជិកផ្សារណាត់សហគមន៍ធម្មជាតិ យល់ថា ទោះបីជាផ្សារណាត់សហគមន៍កសិផលធម្មជាតិ ពិតជាផ្តល់ការចំណេញច្រើនដល់កសិករ ពិសេសរួមចំណែកកាត់បន្ថយបញ្ហាប្រឈមក្នុងវិស័យកសិកម្មក៏ពិតមែន ប៉ុន្តែផ្សារណាត់សហគមន៍កសិផលធម្មជាតិ នៅតែមានចំនួនតិច និងកង្វះការគាំទ្រពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅឡើយ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា រដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព និងជាមុខព្រួញដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ហេតុនេះ ផ្សារណាត់សហគមន៍កសិផលធម្មជាតិ បច្ចុប្បន្ន ក្រសួងកំពុងខិតខំផ្សព្វផ្សាយឲ្យកសិករបង្កើនការដាំដុះបន្លែសរីរាង្គសំដៅជំរុញការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ប៉ុន្តែអ្នកនាំពាក្យក្រសួងកសិកម្ម រូបនេះ មិនអាចបញ្ជាក់ពីចំនួនទីផ្សារណាត់សហគមន៍កសិផលធម្មជាតិនៅកម្ពុជា មានចំនួនប៉ុន្មាននៅឡើយ៖ « ខ្ញុំលើកទឹកចិត្តឲ្យកសិករចូលរួមគ្នា បង្កើតជាផ្សារសហគមន៍មួយទៅ ដើម្បីបង្កើនទំនុកចិត្ត អាចឲ្យមាននិរន្តរភាពការផលិត និងជំរុញការអភិវឌ្ឍដំណើរការទីផ្សារសហគមន៍ »។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិករខ្នាតតូច ចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គាំទ្រផ្សារណាត់សហគមន៍កសិផលធម្មជាតិដែលមានស្រាប់ និងបង្កើតផ្សារសហគមន៍កសិផលធម្មជាតិថ្មីបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពកសិករចូលរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចជាតិទាំងមូល ពិសេសឈានទៅកាត់បន្ថយចំណាកស្រុកជនបទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
