អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល នៅមិនទាន់រកឃើញចំណុចរួមមួយនៃការកំណត់ទីតាំងរស់នៅអចិន្ត្រៃយ៍របស់អ្នកភូមិបណ្ដែតទឹក ក្នុងក្រុងកំពង់ឆ្នាំង ជិត ១ពាន់គ្រួសារ (៩៩៦គ្រួសារ) នៅឡើយទេ។ មន្ត្រីសិទ្ធិមនុស្សខ្លះអះអាងថា រដ្ឋាភិបាលអាចផ្លាស់ទីអ្នករស់នៅលើទឹកឡើងគោកបាន បើគិតពីទំហំនៃផលប៉ះពាល់បរិស្ថានទឹក និងគ្មានហេតុផលពីបក្សនយោបាយណាមួយនោះ។
ក្រុមអ្នកយកព័ត៌មានអន្តរជាតិ និងមន្ត្រីការពារសិទ្ធិមនុស្សប្រដាប់ដោយអាវពោង និងម៉ាស៊ីនថត បានធ្វើដំណើរតាមទូកឆ្ពោះទៅកាន់ផ្ទះបណ្ដែតទឹកជិត ១.៥០០ខ្នង ដែលភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម។ ផ្ទះទាំងនេះ ទើបប្ដូរទីតាំងពីកន្លែងចាស់ក្បែរកំពង់ផែផ្សារក្រោម ទៅកាន់តំបន់ខាងលិចស្ថានីយទឹកស្អាតអានកូ (Anco) មានចម្ងាយពីទីតាំងចាស់ប្រមាណ ៣គីឡូម៉ែត្រ។
ការប្ដូរទីតាំងទៅរស់នៅលើផ្ទៃទឹកដដែលនេះ ត្រូវប្រជាពលរដ្ឋខ្មែរ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល រិះគន់ថា ធ្វើឡើងគ្រាន់តែល្អមើល ប៉ុន្តែការបំពុលបរិស្ថាន និងសុខភាពមនុស្ស នៅតែបន្តកើតមាន។ ស្របពេលគ្នានេះ អាជ្ញាធរបញ្ជាក់ថា សកម្មភាពរស់នៅលើទឹក ត្រូវបញ្ចប់នៅថ្ងៃអនាគត ហើយរយៈពេល ៥ឆ្នាំនៃការអភិវឌ្ឍច្រាំងទន្លេ ពលរដ្ឋត្រូវរកទិញដីសង់ផ្ទះរស់នៅលើគោកខ្លួនឯងបណ្ដើរៗ។
អាជ្ញាធរ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលប្រកាសថា ជម្រើសនាំយកអ្នករស់នៅលើទឹកទៅរស់នៅលើគោក គឺមានផលចំណេញជាងនៅក្នុងទឹក ប៉ុន្តែមិនទាន់រកឃើញទីតាំងលើគោកសមស្រប ឬគោលនយោបាយជាក់លាក់ចំពោះអ្នកទាំងនោះនៅឡើយទេ។
មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិជនជាតិភាគតិច (Miro) ប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ ថ្លែងថា បើទោះបីអាជ្ញាធរចលនាឲ្យជនជាតិវៀតណាម រកទិញដីសង់ផ្ទះរស់នៅលើគោកដោយខ្លួនឯងរយៈពេល ១០ ទៅ ២០ឆ្នាំទៀត ក៏មិនអាចទៅរួចដែរ ព្រោះពួកគាត់មិនទាន់មានសញ្ជាតិកម្ពុជា ដែលអាចរកទិញដីបាន។ លោកថា រដ្ឋាភិបាលជៀសមិនផុតពីការរិះគន់របស់ពលរដ្ឋខ្មែរ ឬបក្សប្រឆាំងឡើយ ប៉ុន្តែគប្បីគិតពីសិទ្ធិជាមូលដ្ឋានរបស់មនុស្សម្នាក់ៗ ហើយត្រូវរកទីតាំងសមស្របណាមួយ រៀបចំដីជួលឲ្យពួកគាត់សង់ផ្ទះរស់នៅលើគោក ដើម្បីបញ្ចៀសការបំពុលទឹក៖ «ខ្ញុំគិតថា គួរយកជម្រើសរកដីណាធ្វើជាកន្លែងជួលឲ្យគាត់ក្នុងរយៈពេលមួយកំណត់។ ឧទាហរណ៍ រយៈពេល ៧ឆ្នាំ ដែលគាត់អាចចូលសញ្ជាតិបាន អាហ្នឹងគួរតែធ្វើអ៊ីចឹងល្អដែរ។ បើនិយាយតាមអាជ្ញាធរថា ពួកគាត់មានដី ខ្ញុំសូមបដិសេធថា ពួកគាត់ពុំមានទេ។ ជាក់ស្ដែង អ្នកដែលមានដី គឺពួកគាត់ដែលនៅសេសសល់ភូមិកណ្ដាលបួនប្រាំគ្រួសារហ្នឹង ប៉ុន្តែដីដែលគាត់មានហ្នឹង ដោយសារគាត់ដាក់ឈ្មោះគេ ឬមួយពឹងចិត្តភក្ដីឲ្យទិញឲ្យគាត់»។
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញបរិស្ថាន បញ្ជាក់ជាញយដងថា អ្នករស់នៅលើផ្ទៃទឹកក្នុងខេត្ត មានលិខិតស្នាមស្នាក់នៅត្រឹមត្រូវ ហើយអ្នកទាំងនោះ ភាគច្រើនមានដីនៅលើគោក។ អាជ្ញាធរតម្រូវឲ្យជនជាតិវៀតណាម ចាម និងខ្មែរសរុបជិត ១ពាន់គ្រួសារនៅសង្កាត់ផ្សារឆ្នាំង ត្រូវរក្សាទុកបែរត្រីនៅក្នុងទឹក ហើយរុះផ្ទះទៅរស់នៅលើគោក ដោយមិនដាក់អវសានវាទនៃការចាកចេញនោះទេ។
អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពមាត់ទន្លេ លោក ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ការផ្លាស់ទីអ្នករស់នៅលើទឹក មិនបានរើសអើងជាតិសាសន៍ ឬនយោបាយឡើយ ព្រោះអ្នករស់នៅលើទឹកមានចម្រុះជាតិសាសន៍។ លោកថា ក្នុងករណីដែលពលរដ្ឋពុំមានលទ្ធភាពទិញដីនៅលើគោក អាជ្ញាធរនឹងមានគោលការណ៍ពិសេសមួយ៖ «ការបម្លាស់ទីនេះជាជំហានទី២ ហើយគោលការណ៍របស់យើងមាន ៧ជំហានក្នុងរយៈពេលផែនការប្រាំឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។ អ៊ីចឹងការផ្លាស់ទីនេះ គ្រាន់តែបណ្ដោះអាសន្នទេ មិនមែននៅជាអចិន្ត្រៃយ៍ទេ នៅពេលដល់ជំហានទី៣ ឬទី៤ បានជោគជ័យ យើងបម្លាស់ទីឲ្យគាត់ឡើងគោកដោយខ្លួនឯង»។

យ៉ាងណា លោកមិនអាចបញ្ជាក់ពីយុទ្ធសាស្ត្រចុងក្រោយរបស់អាជ្ញាធរ ក្នុងការនាំយកជនជាតិចាម ជនជាតិវៀតណាម និងខ្មែរ ដែលគ្មានលទ្ធភាពទិញដីរស់នៅលើគោកដោយខ្លួនឯងយ៉ាងណានោះទេ ប៉ុន្តែលោកថា ពលរដ្ឋទាំងនេះត្រូវបានយកចិត្តទុកដាក់ និងគាំពារលើគ្រប់វិស័យកាន់តែប្រសើរ ដូចប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យដែរ ចាប់ពីឆ្នាំ២០១៥ តទៅ។
ជនជាតិវៀតណាម ម្នាក់ដែលទទួលបានសញ្ជាតិខ្មែរ គឺលោក តាំង ហោរិទ្ធ ឲ្យដឹងថា គ្រួសារលោក និងអ្នកភូមិភាគច្រើន ពុំមានលទ្ធភាពទិញដីរស់នៅលើគោកដោយខ្លួនឯងឡើយ ដោយសារចំណូលពីការនេសាទកាន់តែទាប។ លោកថា ក្នុងកាលៈទេសៈដែលអាជ្ញាធរបង្ខំឲ្យអ្នករស់នៅលើទឹកឡើងគោក ក្រុមពលរដ្ឋនឹងធ្វើសំណើសុំជំនួយពីរដ្ឋាភិបាល ឬស្ថាប័នជាតិនានារបស់កម្ពុជា៖ «បើសិនជាឲ្យយើងរៀបចំក្នុងនាមឲ្យប្រជាពលរដ្ឋវៀតណាម ជួលដីនៅ មិនមែនជាលក្ខណៈរៀបចំសណ្ដាប់ធ្នាប់នៃអាជ្ញាធរទន្លេមេគង្គទេ មិនអាចមានលទ្ធភាពជួលដីនៅទេ ព្រោះអីថា សេដ្ឋកិច្ចរាល់ថ្ងៃដុនដាបទៅៗ»។
ក្រុមជនជាតិវៀតណាម អះអាងថា ពួកគាត់មានដើមកំណើត និងរស់នៅប្រទេសកម្ពុជា តាំងពីមុនរបបខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងរបបនោះ ពួកគាត់បានគេចទៅប្រទេសវៀតណាម មួយរយៈ ហើយបានត្រឡប់មករស់នៅលើផ្ទៃទឹកក្នុងប្រទេសកម្ពុជា វិញ នៅក្រោយឆ្នាំ១៩៧៩។
បញ្ហាជនជាតិវៀតណាម រស់នៅកម្ពុជា បានក្លាយជាមុខព្រួញនៃការរិះគន់របស់គណបក្សប្រឆាំង និងប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលធ្វើឲ្យអាជ្ញាធរ ឬរដ្ឋាភិបាល ញញើតញញើមក្នុងការដោះស្រាយបញ្ហាជនជាតិវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
