"ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​មាន​ការ​រំលោភ​បំពាន​គ្រប់​ទម្រង់"

0:00 / 0:00

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល សម្ដែង​ការ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដែល​មិន​ទាន់​អាច​កាត់​បន្ថយ​បាន។ ពួកគាត់​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​វិធានការ​ថ្មី​ទៀត​សម្រាប់​ឆ្នាំ​២០១៦ នេះ ក្នុង​ការ​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​តែ​ធ្វើ​ចំណាកស្រុក ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​វិញ​បង្ហាញ​ថា ខ្លួន​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​សង្គ្រោះ និង​អប់រំ​ពួកគាត់​កុំ​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន។

អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ឃ្លាំមើល​បញ្ហា​ចំណាក​ស្រុក​បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ថ្មី​ទៀត​ចំពោះ​ហានិភ័យ​នៃ​ពលករ​ចំណាកស្រុក​ដែល​នៅ​មាន​អត្រា​មួយ​ខ្ពស់​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​បញ្ហា​ពលករ​ចំណាក​ស្រុក​ចូល​ទៅ​ក្នុង​កម្មវិធី​យុទ្ធសាស្ត្រ​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​លំហូរ​ចេញ​នូវ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រកប​ដោយ​គ្រោះថ្នាក់​ដូច​សព្វថ្ងៃ​នេះ៖ «ក្រសួង​សំខាន់ៗ​របស់​រដ្ឋាភិបាល បើ​អាច​ធ្វើ​ទៅ​បាន គឺ​ត្រូវ​រៀបចំ​នយោបាយ​ដោយ​ដាក់​បញ្ហា​ចំណាក​ស្រុក​ហ្នឹង​ចូល​ទៅ​ផែនការ​នយោបាយ​របស់​ខ្លួន​នីមួយៗ ដោយ​ធ្វើ​យ៉ាងម៉េច​អាច​បង្កើត​ការងារ​ជូន​ពលរដ្ឋ​នៅ​ទី​ជនបទ មាន​ប្រាក់​ចំណូល​សមរម្យ​អាច​ចិញ្ចឹម​គ្រួសារ​បាន»

​លោក យ៉ា ណាវុធ បន្ត​ថា វិធានការ​អប់រំ​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ចំណាកស្រុក​តែមួយ​មុខ​របស់​រដ្ឋាភិបាល​នោះ មិន​អាច​ធ្វើ​ឲ្យ​ពួកគាត់​បំភ្លេច​បំណង​ចេញ​ធ្វើ​ការ​ក្រៅ​ប្រទេស​ប្រឈម​នឹង​គ្រោះថ្នាក់​ក្នុង​ដំណាក់កាល​ពួកគាត់​រស់​នៅ​នឹង​ភូមិ​កំណើត​ដោយ​គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់​ចំណូល​នោះ​ទេ៖ «ចំណាក​ស្រុក​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​គាត់ ព្រោះ​បញ្ហា​ជីវភាព​គឺ​ជា​បញ្ហា​សំខាន់​ណាស់ គាត់​មិន​អាច​សុខ​ចិត្ត​ស្លាប់​ដោយ​អត់​អាហារ​នោះ​ទេ គឺ​គាត់​ត្រូវ​តែ​ធ្វើ​ចំណាក​ស្រុក»

ក្តី​បារម្ភ​របស់​អង្គការ ខារ៉ាម នៅ​ពេល​នេះ បន្ទាប់​ពី​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦ នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ជួយ​ពលករ​ខ្មែរ​រងគ្រោះ ដែល​ជួប​ការ​លំបាក និង​រង​ការ​រំលោភ​បំពាន​នៅ​ពេល​ធ្វើការ​នៅ​ប្រទេស​នេះ ឲ្យ​បាន​វិល​មក​កម្ពុជា វិញ​ជា​បន្តបន្ទាប់។

ក្រសួង​ការបរទេស​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ថា ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៥ ពល​ការិនី ៤​នាក់​បន្ថែម​ទៀត ក្នុង​នោះ ២​នាក់ នៅ​ទីក្រុង​ភ្នំពេញ និង ២​នាក់​ទៀត​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់ ត្រូវ​បាន​ជួយ​អន្តរាគមន៍​ដោយ​ស្ថានទូត​កម្ពុជា និង​បញ្ជូន​តាម​ជើង​យន្តហោះ​មក​កម្ពុជា​វិញ។

របាយការណ៍​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បង្ហាញ​ថា ទន្ទឹម​នឹង​ការ​កើត​ឡើង​នូវ​ការ​រំលោភ​បំពាន កម្ពុជា​នៅ​តែ​មាន​ការ​បញ្ជូន​ពលករ​ជា​បន្តបន្ទាប់​ទៅ​ក្រៅ​ប្រទេស ដូចជា​ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ថៃ ជាដើម។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​មិន​ទាន់​មាន​ចំនួន​ពលករ​ដែល​រងគ្រោះ​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា អ្នក​ដែល​រងគ្រោះ​ហើយ​សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​នោះ អាច​នៅ​មាន​ចំនួន​ច្រើន​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំនួន​ពលករ​ចំណាក​ស្រុក​ចេះ​តែ​កើន​ឡើង​ជានិច្ច ទោះ​បី​ពលករ​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា រង​គ្រោះ​ដោយ​ថៅកែ​ធ្វើ​ទារុណកម្ម​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ទម្រាំ​បាន​សមត្ថកិច្ច​រក​ឃើញ​ហើយ​ជួយ​សង្គ្រោះ​បញ្ជូន​មក​ផ្ទះ​វិញ​យ៉ាង​ណា​ក្តី។

លោក​បាន​បញ្ជាក់​ហេតុផល​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិន​រួញរា​នឹង​គ្រោះ​នេះ គឺ​ដោយ​បញ្ហា​ក្រពះ ដោយសារ​ចំណូល​ដែល​បាន​ពី​ការងារ​ក្នុង​ស្រុក​មិន​អាច​ឆ្លើយ​តប​នឹង​ចំណាយ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​បាន៖ «បញ្ហា​ចម្បង​ផល​កសិកម្ម​របស់​ពួកគាត់​ធ្វើ​បាន​ពុំ​មាន​ទៅ​ផ្សារ ប្រាក់​កម្រៃ​ដែល​ទទួល​បាន​ពី​ទីផ្សារ​ការងារ​បាន​ទាប ដូច្នេះ​ទើប​ពួកគាត់​ត្រូវ​តែ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន»

ទាំង​លោក អំ សំអាត និង​លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ សង្គម​ស៊ីវិល​បាន​ផ្ដល់​អនុសាសន៍​ជា​ច្រើន​ដល់​រដ្ឋាភិបាល ប៉ុន្តែ​ការ​អនុវត្ត​ហាក់​មាន​ការ​យឺតយ៉ាវ ចំណែក​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ហាក់​ដើរ​មិន​ទាន់​នឹង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ។

​លោក យ៉ា ណាវុធ បង្ហាញ​ថា ចំណុច​សំខាន់​មួយ​ដែល​អាច​ទប់​ស្កាត់​លំហូរ​ពលករ​ចំណាក​ស្រុក​ដែល​គ្រោះថ្នាក់​បាន គឺ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ត្រូវ​អនុម័ត​ឲ្យ​បាន​ឆាប់​លើ​អនុសញ្ញា​នៃ​កិច្ច​ការពារ​ពលករ​ចំណាក​ស្រុក ដែល​រដ្ឋ​ជា​សមាជិក​បាន​ធ្វើ​សេចក្ដី​ព្រាង​នោះ​រួច​ហើយ៖ «យើង​ចង់​ឲ្យ​អនុម័ត​ឲ្យ​បាន​ឆាប់​ដើម្បី​ពង្រឹង​ការពារ​ពលករ បន្ទាប់​មក​ប្រទេស​ទាំង​នោះ​រួម​គ្នា​ធ្វើ​ច្បាប់ កតិកា​សញ្ញា​រួម​គ្នា​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ពលករ​ចំណាក​ស្រុក»

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង គឺ​រដ្ឋាភិបាល​កំពុង​អនុវត្ត​យ៉ាង​សកម្ម មុន​មាន​អនុសាសន៍​របស់​សង្គម​ស៊ីវិល​លើក​ឡើង​នោះ​ទៅ​ទៀត។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា អ្វីៗ​គ្រប់​យ៉ាង​មិន​អាច​សម្រេច​បាន​ភ្លាម​នោះ​ទេ៖ «តាម​ពិត​ទៅ​យើង​មាន​គោលនយោបាយ​គ្រប់គ្រង​លំហូរ​នាំ​ពលករ​ចេញ ដោយ​យើង​កំពុង​រៀបចំ​ឲ្យ​មាន​តុល្យភាព​រវាង​កម្លាំង​ពលកម្ម​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ប៉ុន្តែ​យើង​អត់​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ពលករ​ចំណាកស្រុក​ទេ យុទ្ធសាស្ត្រ​របស់​យើង​វា​មាន​អា​យូរ​អង្វែង និង​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ»

អ្នកស្រី​ទទួល​ស្គាល់​ថា ការ​ទប់ស្កាត់​ពលករ​ចំណាកស្រុក​បាន​លុះ​ត្រា​តែ​មាន​កិច្ចសហការ​ពី​ប្រទេស​ពាក់ព័ន្ធ ប៉ុន្តែ​បើ​គ្មាន​កិច្ច​សហការ​គ្នា​នេះ​ទេ ទោះ​បី​មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណា​ក៏​ធ្វើ​ទៅ​អត់​រួច​ដែរ។

កន្លង​មក​ថ្មីៗ​នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​លិខិត​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ចំពោះ​ពលករ​ខ្មែរ​ក្នុង​ការ​តាមដាន​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នានា នៅ​ពេល​ដែល​ពលករ​ជួប​បញ្ហា​រំលោភ​សិទ្ធិ​ការងារ និង​ការ​បិទ​សិទ្ធិ​សេរីភាព​នៃ​ការ​រស់​នៅ​ពី​ថៅកែ​នៅ​បរទេស។

របាយការណ៍​របស់​ស្ថាប័ន​ដដែល​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ប្រមាណ ៧០​ម៉ឺន​នាក់​ផ្សេង​ទៀត កំពុង​ធ្វើ​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។