សង្គម​ស៊ីវិល​យល់​ថា​មេ​ដឹក​នាំ​បក្ស​ទាំង​ពីរ​គួរ​តែ​រួម​គ្នា​ដោះស្រាយ​បញ្ហា​គុណភាព​អប់រំ

0:00 / 0:00

គុណភាព​សញ្ញាបត្រ​អប់រំ​ក្នុង​ស្រុក នៅ​តែ​ជា​ប្រធានបទ​មួយ​ដែល​មេ​ដឹក​នាំ​រដ្ឋាភិបាល និង​មេ​បក្ស​ប្រឆាំង​លើក​យក​មក​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ខាង​ផ្នែក​អប់រំ​យល់​ឃើញ​ថា មេ​ដឹក​នាំ​ទាំង​ពីរ​នេះ គួរ​តែ​បញ្ឈប់​បន្ទោស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​ត្រូវ​រួម​គ្នា​ទទួល​ស្គាល់​ការ​ពិត ហើយ​រួម​គ្នា​ដោះស្រាយ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​សញ្ញាបត្រ​នេះ​មាន​តម្លៃ​ជា​សកល។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​សម្ដី​របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ថា​សញ្ញាបត្រ​អប់រំ​ក្នុង​ស្រុក​អត់​តម្លៃ​នោះ ថា​ជា​ការ​ប្រមាថ​មួយ​ដល់​ស្ថាប័ន​អប់រំ​របស់​ជាតិ និង​អ្នក​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ស្ថាប័ន​ផ្សេងៗ រាប់​ទាំង​អ្នក​ដែល​កំពុង​ធ្វើ​ការ​បម្រើ​ឲ្យ​បក្ស​ប្រឆាំង​ផង។ លោក​ថា អ្នក​ទាំង​នោះ​មួយ​ចំនួន​ធំ សុទ្ធតែ​រៀន និង​ទទួល​បាន​សញ្ញាបត្រ​នៅ​ក្នុង​ស្រុក៖ «ត្រង់​កន្លែង​នេះ​សូម​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស និង​អ្នក​ដែល​កំពុង​នៅ​ក្នុង​បក្ស​ប្រឆាំង តើ​គួរ​នៅ​បម្រើ​គេ​ត​ទៅ​ទៀត ក្នុង​ពេល​ដែល​គេ​កំពុង​មើល​ងាយ​ថា យើង​ជា​មនុស្ស​អត់​តម្លៃ ឬ​ត្រូវ​បន្ត​បោះឆ្នោត​ឲ្យ​គេ​ត​ទៅ​ទៀត?»

ប្រតិកម្ម​តប​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា និង​បន្ទាប់​ពី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​រិះគន់​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា ថា​ខ្សោយ ហើយ​សញ្ញាបត្រ​នៅ​ប្រទេស​កម្ពុជា ភាគ​ច្រើន​គ្មាន​តម្លៃ។ លោក សម រង្ស៊ី ថ្លែង​បែប​នេះ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​អ្នក​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​កុំព្យូទ័រ និង​ភាសា​អង់គ្លេស នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា។ លោក​ថ្លែង​ទៀត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ គណបក្ស​នេះ​នឹង​រៀបចំ​ប្រព័ន្ធ​អប់រំ​ឡើង​វិញ។

ប្រសាសន៍​របស់ លោក សម រង្ស៊ី នេះ​ដែរ ក៏​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ប្រតិកម្ម និង​រិះគន់​តប​វិញ​ភ្លាមៗ​ថា លោក សម រង្ស៊ី មិន​ឲ្យ​តម្លៃ​លើ​ការ​អប់រំ​នៅ​កម្ពុជា ព្រោះ​គ្រួសារ​របស់​លោក និង​លោក សម រង្ស៊ី ផ្ទាល់ មិន​ដែល​រៀន​នៅ​កម្ពុជា ទេ ទើប​មាន​ការ​រិះគន់​បែប​នេះ។

ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ការ​ថ្លែង​របស់ លោក សម រង្ស៊ី គឺ​ក្នុង​ន័យ​ចង់​បង្ហាញ​ចំណុច​ខ្សោយ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហើយ​ជាទូទៅ អ្នក​គ្រប់​គ្នា​យល់​ច្បាស់​ណាស់​ពី​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ តុលា ថា ប្រសាសន៍​របស់ លោក សម រង្ស៊ី មិន​មែន​ជា​ការ​ប្រមាថ​ទៅ​លើ​អ្នក​ណា​ម្នាក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​លោក​បាន​បង្ហាញ​ដោយ​សុចរិត​ភាព​ពី​ទិដ្ឋភាព​ជាក់ស្តែង​ពី​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​ក្រុម​យុវជន និង​មាតា​បិតា​សិស្ស តែង​តែ​រអ៊ូរទាំ​ពី​ភាព​អសកម្ម​មួយ​ចំនួន​ក្នុង​វិស័យ​នេះ ដែល​ធ្វើ​ឲ្យ​គុណភាព​សិក្សា​របស់​សិស្ស​នៅ​មាន​កម្រិត៖ «សំខាន់​នៅ​ពេល​ដែល​ទទួល​ស្គាល់​ថា វិស័យ​អប់រំ​នៅ​មាន​បញ្ហា ហើយ​ឯកឧត្ដម​ប្រធាន លោក​បាន​មាន​ប្រសាសន៍​អំពី​សញ្ញាប័ត្រ​មួយ​ចំនួន​មិន​ទាន់​មាន​គុណភាព។ ចំណុច​ទាំង​អស់​នេះ​ដែល​ឯកឧត្ដម សម រង្ស៊ី គាត់​លើក​ឡើង ហើយ​អ្វី​ដែល​បាន​បញ្ជាក់​នោះ​ថា តើ​ប្រទេស​ណា​ខ្លះ​ដែល​បាន​ទទួល​ស្គាល់​សញ្ញាប័ត្រ​ស្រុក​យើង​ហើយ ឬ​នៅ? ចំណុច​ទាំង​អស់​នេះ​ដែល​លោក​តែងតែ​គិតគូរ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ ​អប់រំ»

ក្នុង​រឿង​នេះ​ដែរ ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ​នៃ​អង្គការ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា លោក កែវ សារ៉ាត់ មាន​ប្រសាសន៍​ថា ជម្រើស​ល្អ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នោះ មេ​ដឹក​នាំ​ទាំង​ពីរ​មិន​គួរ​លើក​យក​តែ​ពី​ប្រធានបទ​និយាយ​ពី​មាន​គុណភាព ឬ​គ្មាន​គុណភាព ជា​សារ​ឆ្លើយ​ឆ្លង​គ្នា​នោះ​ទេ។ លោក​ថា អ្នក​ទាំង​ពីរ​គួរ​តែ​ពិភាក្សា​គ្នា​កំណត់​ស្តង់ដារ​អប់រំ​មួយ ដែល​សមស្រប​សម្រាប់​ប្រទេស​កម្ពុជា ហើយ​នាំ​គ្នា​រក​យុទ្ធសាស្ត្រ​ដើម្បី​អនុវត្ត ឬ​ដើរ​ឲ្យ​ដល់​គោលដៅ​នោះ និង​ធ្វើ​បច្ចុប្បន្នភាព​ជា​បន្តបន្ទាប់​ទៀត​ទៅ​តាម​សម័យ​ទំនើប នោះ​ទើប​ជា​ការ​ប្រសើរ៖ «សំខាន់​ថា តើ​យើង​បបួល​គ្នា​ធ្វើ​អី? បើ​សិន​សាលា​មួយ​នៅ​ជនបទ​ដាច់ស្រយាល មិន​សូវ​មាន​គុណភាព​ដោយសារ​កត្តា​ផ្សេងៗ តើ​អ្នក​នយោបាយ ឬ​ក៏​អ្នក​ពាក់ព័ន្ធ​ផ្សេង​ត្រូវ​គិតគូរ​ជួយ​ពួកគាត់​យ៉ាង​ដូច​ម្ដេច? នេះ​ទើប​ប្រសើរ​ជាង​ការ​នាំ​គ្នា​និយាយ​តែ​ពី​រឿង​ពី​គុណភាព ឬ​មិន​គុណភាព»

ទាក់ទង​នឹង​វិស័យ​អប់រំ​នេះ​ដែរ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ខាង​មុខ ដើម្បី​សាកសួរ ពិនិត្យ​តាម​ដាន​អំពី​ការ​កែ​ទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា ជាពិសេស​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ឬ​នៅ​ទី​ជនបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។