ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលសិស្ស ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យចូលរួមក្នុងការអប់រំកូនចៅ ដើម្បីឲ្យពួកគេក្លាយជាពលរដ្ឋល្អមានចំណេះដឹង និងសីលធម៌ក្នុងសង្គម។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏ចង់ឲ្យក្រសួងអប់រំ ផ្តល់ការបណ្តុះបណ្តាលឲ្យបានពេញលេញដល់សិស្សនិស្សិតនូវជំនាញបច្ចេកទេស និងជំនាញទន់ ដើម្បីឲ្យពួកគេអាចមានសមត្ថភាពក្នុងការជួយអភិវឌ្ឍសង្គម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ក្រសួងអប់រំ ក្នុងការបំពាក់បំប៉នជំនាញបច្ចេកទេស និងជំនាញទន់ ដល់សិស្សនិស្សិតគ្រប់រូប ដើម្បីបើកឱកាសឲ្យពួកគេក្លាយជាអ្នកដែលមានសមត្ថភាពអាចជ្រោងប្រទេសជាតិបានទៅថ្ងៃមុខ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងវីដេអូសុន្ទរកថាបើកបវេសនកាលឆ្នាំសិក្សា២០១៥-២០១៦ កាលពីព្រឹកថ្ងៃទី១ វិច្ឆិកា ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោក៖ «លើកទឹកចិត្តចំពោះក្រុមស្រាវជ្រាវអប់រំ ដែលជាធនាគារខួរក្បាលនៃការកែទម្រង់ការអប់រំ អភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់សម្រាប់យុវជន និងការកែទម្រង់ការអប់រំកាយ និងកីឡា ហើយសូមបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យអប់រំរបស់យើងឲ្យឈានឆ្ពោះទៅមុខទៀត»។
លោក ហ៊ុន សែន ក៏បានលើកសរសើរដល់ក្រសួងអប់រំ គ្រូបង្រៀន មាតាបិតា សិស្ស និស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែង និងបំពេញតួនាទីរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
ទាក់ទងនឹងការផ្តល់ជំនាញបច្ចេកទេស និងជំនាញទន់ ដល់សិស្សនិស្សិត អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មើលឃើញថា សិស្សនិស្សិតនៅកម្ពុជា មិនទាន់ទទួលបានការបណ្តុះបណ្តាលស្មើគ្នាលើមុខជំនាញទាំងពីរនៅឡើយ។ លោក កែម ឡី បន្តថា ភាគច្រើនការសិក្សាផ្ដោតតែទៅលើជំនាញបច្ចេកទេស ឬជំនាញរឹង ជាជាងជំនាញទន់៖ «អត់បានបញ្ចូលច្រើនទេនៅថ្នាក់វិទ្យាល័យ ថ្នាក់សាកលវិទ្យាល័យ យើងអត់ឃើញមានសិក្ខាសាលាបង្រៀនពីភាពជាអ្នកដឹកនាំបង្រៀនអំពីគំនិតផ្ដួចផ្ដើម បង្រៀនអំពីការគិតបែបស៊ីជម្រៅ យើងអត់ទទួលបានទេ»។
ជុំវិញការបណ្តុះបណ្តាលជំនាញទាំងពីរនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់ខ្លួនដែរ។ យុទ្ធសាស្ត្រទី៦ នៃគោលនយោបាយស្ដីពីចក្ខុវិស័យឧត្តមសិក្សា ២០៣០ របស់ក្រសួងអប់រំ យុវជន និងកីឡា ចែងពីការធានាចំពោះ “និស្សិតបញ្ចប់ការសិក្សាទទួលបានចំណេះដឹង និងជំនាញ ដែលអាចឲ្យពួកគេរួមចំណែកពេញលេញដល់ការអភិវឌ្ឍជាតិ ក្នុងការផ្លាស់ប្ដូរបរិយាកាសដ៏ឆាប់រហ័ស”។ ចំណុចសំខាន់នៃយុទ្ធសាស្ត្រទី៦ នេះ រួមមាន គ្រឹះស្ថានឧត្តមសិក្សាត្រូវធានាថា ការអភិវឌ្ឍកម្មវិធី ត្រូវបានបញ្ចូលជំនាញទន់ ដូចជា ការគិតប្រកបដោយការពិចារណា ការវិភាគ និងភាពជាអ្នកដឹកនាំ។
យ៉ាងនេះក្តី លោក កែម ឡី លើកឡើងថា លោកមិនទាន់មើលឃើញថា សិស្សនិស្សិតកម្ពុជា គ្រប់រូប អាចទទួលបានការអប់រំ និងសមត្ថភាពដូចអ្វីដែលមានចែងនៅក្នុងគោលនយោបាយនេះនៅឡើយ។ លោក កែម ឡី អះអាងថា ដើម្បីឲ្យពួកគេទទួលបានជំនាញបច្ចេកទេស និងជំនាញទន់គ្រប់គ្រាន់ លុះណាតែក្រសួងអប់រំ ចាប់ផ្ដើមអនុវត្តសកម្មភាពនៅថ្នាក់វិទ្យាល័យ រួចធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ៖ «បំបែកនៅថ្នាក់ទី១០-១២ ជាបី វិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម និងថ្នាក់វិជ្ជាជីវៈ។ អ្នកណារៀនវិទ្យាសាស្ត្រពិត ប្រឡងតែវិទ្យាសាស្ត្រពិត អ្នកណារៀនវិទ្យាសាស្ត្រសង្គម ប្រឡងតែវិទ្យាសាស្ត្រសង្គមទៅ អ្នកណារៀនបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឡងតែវិជ្ជាជីវៈទៅ ហើយចាប់ផ្ដើមពីឆ្នាំ២០១៦-២០១៧ ទៅ អាហ្នឹងល្អហើយ ហើយទៅដល់សាកលវិទ្យាល័យ យើងត្រូវមានជំនាញឯកទេសតម្រង់ឯកទេសឲ្យច្រើន កំណត់ឯកទេសណាដែលត្រូវនឹងតម្រូវការទីផ្សារការងារ ហើយយើងធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍ តាមវិទ្យុ តាមបណ្ដាញសង្គមហ្វេសប៊ុក។ នេះខ្ញុំគិតថាវាទៅរួច»។
ដើម្បីក្លាយខ្លួនជាបុគ្គលដែលមានសមត្ថភាពពេញលេញ និងអាចជួយដល់ការអភិវឌ្ឍជាតិ លោក កែម ឡី លើកឡើងពីចំណុចប្រាំប្រការ ដែលសិស្សនិស្សិតត្រូវតែចេះ។ ចំណុចទាំងនោះមានដូចជា ជំនាញឯកទេស ជំនាញវិជ្ជាជីវៈ ជំនាញអន្តរវប្បធម៌ ភាសាបរទេស និងជំនាញបច្ចេកវិទ្យាព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
