លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួង និងស្ថាប័នជាតិមួយចំនួន បន្តសកម្មភាពលើកកម្ពស់ជីវភាពអតីតយុទ្ធជនក្រីក្រលំបាក រួមមានការសាងសង់គេហដ្ឋាន វាស់វែងដី និងផ្តល់ប្រាក់របបសន្តិសុខសង្គមឲ្យបានទៀងទាត់ជូនអតីតយុទ្ធជន។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដែលមានអតីតយុទ្ធជនចូលរួមជិត ៣ពាន់នាក់។
ក្នុងតួនាទីជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោក ហ៊ុន សែន ជំរុញឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាគមអតីតយុទ្ធជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងការងារកសាងលំនៅឋានរបស់អតីតយុទ្ធជននៅតាមសហគមន៍នានា ឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពួកគេ។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវវាស់វែងដីជូនអតីតយុទ្ធជនទៅតាមការស្នើសុំរបស់ពួកគេ៖ «អតីតយុទ្ធជន និងគ្រួសារ គឺទីមួយស្រាវជ្រាវ និងមានវិធានការសមស្របចំពោះអ្នកដែលបានទទួលផ្ទះ និងដីសម្បទានរួចហើយ ប៉ុន្តែពុំបានរស់នៅ និងថែទាំដែលអាចចាត់ទុកថាជាចេតនាបោះបង់ចោល។ ទីពីរ ប្រគល់ផ្ទះ និងដីសម្បទានឲ្យចំមុខសញ្ញាដែលក្រីក្រពិតប្រាកដ និងទីបី ត្រូវបន្តផ្តល់ដីសម្បទានសង្គមកិច្ចដល់អ្នកដែលបានដាក់ពាក្យស្នើសុំនៅតាមបណ្ដាខេត្ត»។
ក្រៅពីនេះ លោក ហ៊ុន សែន ណែនាំដល់ក្រសួងអប់រំ និងក្រសួងសង្គមកិច្ច ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ឲ្យពិនិត្យមើលលទ្ធភាពនៃការផ្តល់អាហារូបករណ៍ជូនកូនចៅអតីតយុទ្ធជន ដែលត្រូវការការសិក្សា និងជំនាញច្បាស់លាស់៖ «ក្រសួងសង្គមកិច្ច ក្រសួងអប់រំ សមាគមអតីតយុទ្ធជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពិនិត្យលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ឬបង្កលទ្ធភាពឲ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញជាអាទិភាពដល់កូនអតីតយុទ្ធជនដែលក្រីក្រ និងមានបំណងចង់បន្តការសិក្សា ឬចង់មានជំនាញវិជ្ជាជីវៈ»។

អតីតយុទ្ធជនសរុបនៅទូទាំងប្រទេសមានចំនួនជាង ៨ម៉ឺននាក់ (៨៦.១៥៦នាក់) ហើយអ្នកនៅក្នុងបន្ទុកមានជាង ១៣ម៉ឺននាក់ (១៣៤.៦៨១នាក់)។ របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជនមានចំនួនចាប់ពី ៣០ម៉ឺនរៀលដល់ជាង ១លានរៀល អាស្រ័យទៅតាមតួនាទី និងពិការភាពរបស់ពួកគាត់។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន សាទរចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា បើសិនជាអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធអាចអនុវត្តបានតាមប្រសាសន៍នេះមែន អតីតយុទ្ធជននឹងអាចកែប្រែជីវភាពរបស់ខ្លួនបាន។ លោក ងិន សៅរ័ត្ន កត់សម្គាល់ថា បញ្ហាប្រឈមរបស់អតីតយុទ្ធជននាពេលបច្ចុប្បន្ននេះ គឺមិនមានមុខរបរពិតប្រាកដ ខ្វះដីបង្កបង្កើនផល ការរំលោភយកដីធ្លី និងភាពមិនប្រក្រតីមួយចំនួនជុំវិញការបើកប្រាក់បៀវត្សរបស់ពួកគាត់។ ប្រធានអង្គការរូបនេះយល់ឃើញថា ការផ្តល់ការអប់រំ និងជំនាញដល់កូនចៅអតីតយុទ្ធជន គឺជារឿងមួយដ៏ចាំបាច់សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជន ដើម្បីពួកគេអាចជ្រោងអនាគតគ្រួសារបានទៅថ្ងៃមុខ។
បន្ថែមពីលើនេះ លោក ងិន សៅរ័ត្ន ស្នើឲ្យរដ្ឋាភិបាលគិតគូរបន្ថែមអំពីការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ដើម្បីពួកគាត់អាចមានដើមទុនសម្រាប់បង្កបង្កើនផលលើដីដែលរដ្ឋបានចែកឲ្យ៖ «ដើម្បីកាត់បន្ថយភាពក្រីក្របាន ខ្ញុំគិតថាការផ្តល់កម្ចីការប្រាក់កម្រិតទាបមួយជូនដល់បងប្អូនយោធិនពិការ ដើម្បីចាប់ផ្ដើមមុខរបរ ឬក៏ចាប់ផ្ដើមធ្វើកសិកម្មតាមរយៈការផ្តល់ដីធ្លីពីប្រមុខរដ្ឋាភិបាល គឺជារឿងមួយដ៏ចាំបាច់»។
លោកនាយករដ្ឋមន្ត្រីអះអាងថា កម្ពុជា មានដីប្រមាណជា ២ម៉ឺន ៧ពាន់ហិកតារ សម្រាប់ជាដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន។
ទោះបីជាយ៉ាងណា អតីតយុទ្ធជនជាច្រើនរយគ្រួសារនៅតាមបណ្ដាខេត្ត ដូចជានៅតំបន់តេជោអភិវឌ្ឍន៍ជាដើម មិនទាន់ទទួលបានដីកសិកម្មតាមការសន្យារបស់អាជ្ញាធរនៅឡើយ។ ចំណែក គេហដ្ឋានដែលរដ្ឋាភិបាលបានសាងសង់ និងប្រគល់ជូនអតីតយុទ្ធជនវិញ ក៏មិនសូវមានអតីតយុទ្ធជនទៅរស់នៅដែរ ពីព្រោះខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង និងគ្មានចរន្តសេដ្ឋកិច្ច ជាដើម៕
វីដេអូ៖ លោក ហ៊ុនសែន ប្រកាសលើកកម្ពស់អតីតយុទ្ធជន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
