លោក ហ៊ុន សែន ចង់​ឲ្យ​លោក ទេព រិនដារ៉ូ យកប្រពន្ធ

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​តារា​ភាព​យន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​ម្នាក់​គឺ​លោក ទេព រិនដារ៉ូ ឆាប់​យកប្រពន្ធ​ដើម្បី​មាន​កូន សម្រាប់​បន្ត​ពូជ​ទៅ​ថ្ងៃ​អនាគត៖ «នេះ​ជា​តួកុន​ជើងចាស់​តាំងពី​ទសវត្ស​ទី​៨០។ ប៉ុន្តែ​ជា​ពី​លុត​(អ្នក)បើក​យន្តហោះ​ទេ។ បញ្ជូន​ទៅ​រៀន​បើក យន្តហោះ​មកវិញ​ដើរតួ​កុន។ ដូចជា​ពីរ​នាក់ ​ប៉ុន្តែ លោក ដារ៉ូ ឯង​ដើរតួ​យូរ​ជាងគេ។ ដើរ​ស្អី​ក៏​បាន​ដែរ​ឥឡូវនេះ។ ហើយ​មិន​ព្រម​យក​ប្រពន្ធ​។ គេ​នៅ​អ៊ីចឹង​ដើម្បី​គេច​វេច​អា​រឿង​អស្ចារ្យ​ណាស់ ប្ដី​ខ្ញុំ​នោះ។ វា​មិន​ស្រួល​នៅ​ម្នាក់ឯង​មាន​អ្នកណា​ចង​ជើង»។

ការ​ឈឺឆ្អាល​របស់​លោក ហ៊ុន សែន ទៅលើ​តារាភាពយន្ត​ខ្មែរ ដ៏​ចាស់​វស្សា​ម្នាក់​នេះ​ធ្វើឡើង​នៅ​ក្នុង​ការ​បើក​កម្មវិធី​អង្គរ​សង្ក្រាន្ត ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី១៤ មេសា។

ឆ្លើយតប​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ដែរ លោក ទេព រិនដារ៉ូ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​អង្គា​រថា លោក​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ ហើយ​ម្យ៉ាងទៀត ជីវិត​របស់​លោក​ក៏​ធ្លាប់​បាន​ឆ្លងកាត់ ការ​មើល​ថែរក្សា​ក្មួយៗ​គ្រប់គ្រាន់​ដែរ ដូច្នេះ​លោក​មិន​ចាំ​បាច់​យកប្រពន្ធ​នោះ​ទេ៖ «យើង​ក៏​ធ្លាប់​ឆ្លងកាត់​ការ​លំបាក​ច្រើន​មែនទែន មក​វា​ដូចជា​អត់​ចង់។ វា​ដូចជា​នៅ​ម្នាក់ឯង​វា​ស្រួល​ទៅ​ហើយ ស៊ាំ​ទៅ​ហើយ​។ ខ្ញុំ​ក៏​មាន​ក្មួយ​មាន​អី ចិញ្ចឹម​មក​ពីរ​បី​នាក់​ហើយ​ដែរ ហើយ​គាត់​ក៏​ជា​សាច់​ជា​ឈាមរបស់ខ្ញុំ​ដែរ ពី​ព្រោះ​ពួកគាត់​ជា​កូន​របស់​ប្អូនស្រី​របស់ខ្ញុំ។ ខ្ញុំ​គិត​ថា​គាត់​ក៏​ជា​ពូជ​អំបូរ​របស់ខ្ញុំ​បន្ត​ទៅ​ទៀត​ដែរ ខ្ញុំ​មិន​គិត​អ៊ីចឹង​ផង​បាទ»។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក ទេព រិនដារ៉ូ បាន​បង្ហាញ​សេចក្ដី​រីករាយ និង​ភាព​កក់ក្តៅ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្គាល់​លោក​ច្បាស់​ហើយ​បាន​និយាយ​ឈ្មោះ​របស់​លោក​ជា​សាធារណៈ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។