កម្មករ​រោងចក្រ​អាយ​សោន​ខេត្ត​កំពង់ស្ពឺ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ

0:00 / 0:00

កម្មករ​រោងចក្រ​សម្លៀកបំពាក់ អាយ​សោន ខេប៊ល (I Sound Cable) ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​សួន​ឧស្សាហកម្ម​វ៉ាយ​សេវែន ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ប្រមាណ​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​១៩ កក្កដា នេះ បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​អត្ថប្រយោជន៍​ចំនួន ២១​ចំណុច និង​ទាមទារ​ឲ្យ​ថៅកែ​យក​តំណាង​ពួក​គេ​ម្នាក់​ចូល​ធ្វើ​ការ​វិញ។

កម្មករ​រោងចក្រ​សម្លៀកបំពាក់ អាយ​សោន ខេប៊ល ភូមិ​រំដួល ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ អះអាង​ថា ថៅកែ​រោងចក្រ​ដែល​ជា​ជនជាតិ​កូរ៉េ បាន​បញ្ឈប់​តំណាង​ពួក​គេ​ដោយ​ខុស​ច្បាប់ និង​រំលោភ​ច្បាប់​ការងារ​របស់​កម្មករ។

តំណាង​កម្មករ​រោងចក្រ អាយ​សោន ខេប៊ល លោកស្រី ខាត់ ម៉ូលីន ថ្លែង​នៅ​ថ្ងៃ​ទី​២០ កក្កដា ថា មូលហេតុ​ដែល​ថៅកែ​បញ្ឈប់​តំណាង​កម្មករ ១​នាក់ គឺ​ដោយសារ​ថៅកែ​ក្រុមហ៊ុន​នេះ​រើសអើង​សហជីព។ លោកស្រី​ថា ក្រៅ​អំពី​ការ​តវ៉ា​ឲ្យ​យក​តំណាង​ពួក​គេ ១​រូប​ឈ្មោះ តាត់ គឹមឆេង ដែល​ថៅកែ​បញ្ឈប់​គ្មាន​មូលហេតុ​នោះ ត្រូវ​អនុញ្ញាត​ឲ្យ​លោក​បាន​ចូល​ធ្វើ​ការ​វិញ។ ក្រៅ​ពី​នេះ កម្មករ​ក៏​ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​ដែរ។

តំណាង​កម្មករ​រូប​នេះ ស្នើ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ អន្តរាគមន៍ និង​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​សំណង​អតីតភាព​ការងារ និង​ចេញ​មក​ដោះស្រាយ​ចំពោះ​ការ​បញ្ឈប់​តំណាង​កម្មករ​ជា​បន្ទាន់៖ « បើ​រោងចក្រ​ចង់​បញ្ឈប់​តំណាង​កម្មករ ត្រូវ​មាន​ការ​ជូន​ដំណឹង ព្រោះ​ច្បាប់​ការងារ​បាន​ចែង​ច្បាស់ មិន​អាច​បញ្ឈប់​គាត់​ផ្ដេសផ្ដាស​បាន​ទេ អត់​មាន​ជូន​ដំណឹង​ទៅ​អធិការកិច្ច​ការងារ​អី គាត់​បញ្ឈប់​ឆៅ​តែ​ម្ដង »

តំណាង​កម្មករ​ដែល​ត្រូវ​បាន​ថៅកែ​រោងចក្រ​នេះ​បញ្ឈប់ កាល​ពី​ថ្ងៃ​ទី​២០ មិថុនា មក​នោះ លោក តាត់ គឹមឆេង ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​នេះ​បាន​បញ្ឈប់​លោក​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​ទាំង​លោក​គ្មាន​កំហុស និង​មិន​បាន​ជូន​ដំណឹង​បាន​ត្រឹមត្រូវ ថែម​ទាំង​បាន​ចោទ​លោក​ថា បាន​ជ្រៀតជ្រែក​ការងារ​ក្នុង​រោងចក្រ។ លោក​អះអាង​ដែរ​ថា កន្លង​មក​ថៅកែ​រោងចក្រ​នេះ​តែង​រំលោភ​ច្បាប់​ការងារ​កម្មករ ដូចជា កាត់​ប្រាក់​ខែ​កម្មករ​មិន​ឲ្យ​កម្មករ​ឈប់​សម្រាក​ពេល​ឈឺ មិន​បាន​ផ្តល់​ប្រាក់​អតីតភាព​ការងារ​កម្មករ ព្រម​ទាំង​បាន​គំរាម​កម្មករ​មិន​ឲ្យ​ធ្វើ​បាតុកម្ម ជាដើម៖ « គាត់​ថា​ខ្ញុំ​ហ្នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​គាត់​មាន​បញ្ហា។ ចឹង​គាត់​បញ្ឈប់​ខ្ញុំ​តែ​ម្តង។ គាត់​មិន​ជូន​ដំណឹង ហើយ​បើ​ខាង​មន្ទីរ​ការងារ​ខេត្ត គាត់​អត់​បាន​អន្តរាគមន៍​ជូន​ពួក​ខ្ញុំ​នោះ​ទេ។ ចឹង​ហើយ​បាន​ជា​ពួក​កម្មករ​មក​តវ៉ា​នៅ​ក្រសួង​ការងារ »

ការ​តវ៉ា​របស់​ក្រុម​កម្មករ​ដែល​តវ៉ា​ដោយ​លើក​បដា និង​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ មិន​មាន​ការ​រារាំង​ណា​មួយ​ឡើយ។

ក្រោយ​ការ​តវ៉ា​របស់​កម្មករ​អស់​រយៈពេល​ជាង ១​ម៉ោង​មក មន្ត្រី​ក្រសួង​ការងារ បាន​អញ្ជើញ​តំណាង​កម្មករ​ចូល​ជួប​ពិភាក្សា។

អនុប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ឃ្លាំ​មើល​ការងារ​តវ៉ា​នេះ និង​បាន​ចូល​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ការងារ លោក ម៉ាន់ សេងហាក់ ឲ្យ​ដឹង​ថា គណៈកម្មការ​ដោះស្រាយ​វិវាទ និង​កូដកម្ម​គ្រប់​មុខ​សញ្ញា​របស់​ក្រសួង​ការងារ សន្យា​យក​សំណើ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​អន្តរាគមន៍​ជូន​កម្មករ​នា​ពេល​ឆាប់ៗ៖ « គាត់​ថា​ពួក​គាត់​នឹង​យក​សំណើ​របស់​កម្មករ​ទាំង​ប៉ុន្មាន​ចំណុច​នេះ ទៅ​ដាក់​ជូន​រដ្ឋមន្ត្រី​ឲ្យ​ពិនិត្យ និង​ធ្វើ​លិខិត​ស្នាម ហើយ​ពួក​គាត់​នឹង​ចុះ​ទៅ​សម្របសម្រួល​ដល់​ខេត្ត​កំពង់ស្ពឺ តែ​ម្តង »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​តំណាង​រោងចក្រ អាយ​សោន ខេប៊ល ដើម្បី​បញ្ជាក់​បន្ថែម និង​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា។

ខ្លឹមសារ​ក្នុង​ញត្តិ និង​បដា​របស់​កម្មករ​រោងចក្រ​ដែល​តវ៉ា ដែល​បាន​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង សុំ​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​សុំ​ឲ្យ​ដោះស្រាយ​អត្ថប្រយោជន៍​ការងារ​ចំនួន ២១​ចំណុច​រួម​មាន ស្នើ​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មការិនី​ម្នាក់​ឈ្មោះ ទន សុភ័ណ ដែល​គ្រោះថ្នាក់​ការងារ​រហូត​ដល់​ស្លាប់ ផ្តល់​ប្រាក់​ខែ ៣​ខែ​មុន​ពេល​កម្មការិនី​សម្រាក​មាតុភាព ស្នើ​ឲ្យ​បើក​ប្រាក់ ៥% ចំពោះ​កម្មករ​ដែល​ចប់​កិច្ចសន្យា និង​រៀបចំ​បរិស្ថាន​នៅ​ក្នុង​រោងចក្រ ជាដើម។

ភាគី​កម្មករ​នៅ​តែ​អះអាង​ថា ពួក​គេ​នឹង​ដង្ហែ​ក្បួន​បន្ត​តវ៉ា​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​ស្ថានទូត​កូរ៉េ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ បើ​សិន​នៅ​តែ​គ្មាន​ដំណោះស្រាយ​ពី​ភាគី​ក្រុមហ៊ុន និង​គ្មាន​ការ​អន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។