មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) អំពាវនាវសុំឲ្យមន្ត្រីស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ស៊ើបអង្កេតក្រុមហ៊ុនកាស៊ីណូមួយកន្លែង ដែលបើកលេងនៅតំបន់ព្រំដែនស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលគេសង្ស័យថា មិនបានបំពេញបែបបទត្រឹមត្រូវតាមផ្លូវច្បាប់។ បនល្បែងស៊ីសងនេះ ក៏មិនបានគោរពតាមបទដ្ឋានបច្ចេកទេសកាស៊ីណូ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់។
បនល្បែងស៊ីសងមានបៀ យ៊ូគី អាប៉ោង មួយកន្លែង ឋិតនៅចម្ងាយ ៥០០ម៉ែត្រពីច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចាប់បើកលេងដោយចំហប្រមាណមួយសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីទីតាំងនេះបានបិទឈប់លេងល្បែងប្រមាណជាង ១ឆ្នាំកន្លងទៅ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា បនល្បែងនេះជ្រកក្រោមលិខិតអនុញ្ញាតជាគោលការណ៍ពីទីស្ដីការគណៈរដ្ឋមន្ត្រី ក៏ប៉ុន្តែមិនមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មកាស៊ីណូ និងកំណត់បង់ពន្ធជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឡើយ។ លោកបន្តទៀតថា បនល្បែងនេះមានទីតាំងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជាកាស៊ីណូ ជាពិសេសបនល្បែងនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងនៅកន្លែងនោះទៀតផង៖ «យើងសុំអំពាវនាវធ្វើយ៉ាងណាឲ្យមានការចុះស៊ើបអង្កេតទីតាំងដែលបើកលេងល្បែង មិនមែនជាលក្ខណៈផ្លូវការជាកាស៊ីណូមានច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធទេ ជាពិសេសយើងឃើញប្រជាពលរដ្ឋខ្មែរពីខេត្តរតនគិរី ទៅលេង»។
បនល្បែងដែលកំពុងបើកលេងនោះមានឈ្មោះថា អេ.អេច្ឆ.អេស ឃីង គ្រុប (AHS King Group) ជាកម្មសិទ្ធិរបស់ឧកញ៉ា សុខ គឹមសាន្ត។ កាលពីឆ្នាំ២០១១ បានបើកលេងរហូតមក ដោយមិនបានសាងសង់ទីតាំងជាកាស៊ីណូត្រឹមត្រូវ និងគ្មានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ច។
ឆ្លើយតបការចោទប្រកាន់នេះ នាយកក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង គ្រុប លោក សុខ គឹមសាន្ត មានប្រសាសន៍ថា ក្រុមហ៊ុនបើកលេងល្បែងនេះមានច្បាប់អនុញ្ញាត ប៉ុន្តែលោកមិនបញ្ជាក់ពិស្ដារទាក់ទិនលិខិតបទដ្ឋានបែបណាខ្លះ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនបើកលេងល្បែងនោះឡើយ៖ «មានច្បាប់ហើយតើ! ច្បាប់កាស៊ីណូ។ ឥឡូវអាជ្ញាប័ណ្ណនៅខ្ញុំ អត់មានខ្មែរលេងទេ»។
តាមការពិនិត្យឃើញជាក់ស្តែង ទីតាំងលេងល្បែងសង់ជារោងប្រក់ស័ង្កសីទំហំប្រមាណ ២០០ម៉ែត្រការ៉េ ឋិតនៅលើដីទួលជាប់ខាងស្តាំផ្លូវជាតិលេខ ៧៨អា ពីក្រុងបានលុង ទៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។ ទីតាំងនោះ បើកលេងពីម៉ោង ១២ ដល់ម៉ោង ៥រសៀលរៀងរាល់ថ្ងៃ។
ទាក់ទិនការបើកធ្វើអាជីវកម្មបនល្បែងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីស្នងការប៉ូលិសខេត្តរតនគិរី លោក ងួន គឿន បាននៅឡើយ។ ក៏ប៉ុន្តែ អធិការប៉ូលិសស្តីទីស្រុកអូរយ៉ាដាវ លោក ងយ ដន បញ្ជាក់ថា លោកបានពិនិត្យកន្លែងលេងល្បែងនោះ និងឃើញមានលិខិតជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី (ស.ជ.ណ) ក៏ប៉ុន្តែលោកមិនប្រាកដថា បនល្បែងនេះមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មត្រឹមត្រូវ ឬយ៉ាងណាទេ៖ «អាហ្នឹងយើងឃើញមានក្រដាសមួយ តែច្បាប់ហ្នឹងទាល់តែសួរមេៗ ព្រោះគាត់ថាយកទៅឲ្យចៅហ្វាយខេត្តគាត់ប្រាប់អ៊ីចឹង។ គាត់ថាគាត់មានអាពីមុនមកហ្នឹង ហើយគាត់ធ្វើរហូតមក»។
អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមេសា ឆ្នាំ២០១១ បានធ្វើលិខិតជូនដំណឹងឲ្យក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង គ្រុប បញ្ឈប់សកម្មភាពអាជីវកម្មកាស៊ីណូ និងចូលខ្លួនទៅបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម និងធ្វើការកំណត់ពន្ធនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ប៉ុន្តែមិនមានប្រភពផ្លូវការបញ្ជាក់ថា ក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង គ្រុប បានបំពេញតាមលក្ខខណ្ឌក្រសួងតម្រូវ ឬយ៉ាងណា។
គោលការណ៍នៃការអនុញ្ញាតឲ្យធ្វើអាជីវកម្មកាស៊ីណូ ក្រុមហ៊ុនស្នើសុំពេលទទួលបានសេចក្តីសម្រេចជាគោលការណ៍ពីស្ដីការគណៈរដ្ឋមន្ត្រី ហើយត្រូវតម្កល់ប្រាក់ ១លានដុល្លារទៀតសម្រាប់ធានាការសាងសង់។ ពេលស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ត្រូវតម្កល់ប្រាក់នៅធនាគារជាតិចំនួន ១០ម៉ឺនដុល្លារ និងបង់ប្រាក់ពន្ធ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
