បណ្ដាញ​ព្រះសង្ឃ​គ្រោង​ធ្វើ​បាតុកម្ម​ឲ្យ​បញ្ឈប់​ផែនការ​ជួល​អគារ​ពុទ្ធសាសនបណ្ឌិត្យ

0:00 / 0:00

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ប្រកាស​គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បញ្ឈប់​ផែនការ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សំណង់​អគារ​ពុទ្ធសាសនបណ្ឌិត្យ នៅ​រាជធានី​ភ្នំពេញ។ គម្រោង​របស់​ព្រះសង្ឃ​ឯករាជ្យ​នេះ កើត​ឡើង​បន្ទាប់​ពី​ខ្លោងទ្វារ​អគារ​ពុទ្ធសាសនបណ្ឌិត្យ​ត្រូវ​វាយ​កម្ទេច​រុះរើ​ចោល និង​លេច​ឮ​ព័ត៌មាន​ថា ដី​មួយ​ផ្នែក​នៅ​ក្នុង​បរិវេណ​អគារ​នេះ ក៏​ត្រូវ​ជួល​អោយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើល (Naga World)។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដឹក​នាំ​ដោយ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នឹង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដើម្បី​អោយ​ក្រសួង​នេះ​សន្យា​ជា​សាធារណៈ​ថា នឹង​មិន​ធ្វើ​អោយ​ប៉ះពាល់ ឬ​បាត់​បង់​អគារ​ពុទ្ធសាសនបណ្ឌិត្យ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​ជាច្រើន​អង្គ ពុទ្ធសាសនិក និង​អ្នក​សហគមន៍​មួយ​ចំនួន​ទៀត នឹង​ចូលរួម​ការ​តវ៉ា​នោះ ក្នុង​គោល​បំណង​ចូលរួម​រក្សា​សម្បត្តិ​រដ្ឋ ដែល​មិន​គួរ​លក់​ដូរ​ត​ទៅ​ទៀត៖ «សូម​អោយ​ក្រសួង​ធម្មការ បញ្ឈប់​ការ​ជួល​ដី ឬ​ការ​កម្ទេច​បំផ្លិចបំផ្លាញ​ពុទ្ធសាសនបណ្ឌិត្យ ដែល​ឃ្លាំង​ផ្ទុក​នូវ​គម្ពីរ​ព្រះពុទ្ធ​សាសនា ក៏​ដូច​ជា​ប្រពៃណី​វប្បធម៌​ខ្មែរ។ ទី​២ អោយ​ធ្វើ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ឆ្លើយ​ប្រាប់​ដល់​មតិ​សាធារណជន ក៏​ដូច​ជា​សាធារណជន​ថា ខ្លួន​អាច​មាន​លទ្ធភាព​ការពារ​ពុទ្ធសាសនបណ្ឌិត្យ ដោយ​មិន​ធ្វើ​អោយ​បាត់​បង់​អោយ​ទៅ​ណាហ្គាវើល»

ខ្លោងទ្វារ និង​របង​ខាង​ជើង​នៃ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​កម្មករ​វាយ​កម្ទេច​ចោល កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​ឧសភា ចំណែក​ដី​មួយ​ផ្នែក​មាន​ទទឹង​ប្រមាណ ៣០​ម៉ែត្រ និង​បណ្ដោយ​ជាង ១០០​ម៉ែត្រ ឋិត​នៅ​បរិវេណ​ខាង​ជើង ក៏​ត្រូវ​ហ៊ុមព័ទ្ធ​របង​ផ្ដាច់​ចេញ​ពី​បរិវេណ​ចាស់ ហើយ​កំពុង​សាងសង់​សំណង់​ថ្មី​មួយ​ទៀត។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ថា ការ​រុះរើ​ខ្លោងទ្វារ​នោះ ដើម្បី​បើក​ផ្លូវ​អោយ​ក្រុមហ៊ុន​ណាហ្គាវើល សង់​ផ្លូវ​ដើរ និង​ផ្សារ​ក្រោម​ដី។ ចំណែក​ដី​មួយ​ផ្នែក​នោះ គឺ​ត្រូវ​ជួល​ទៅ​អោយ​ក្រុមហ៊ុន​ដដែល​នេះ សាងសង់​អនុ​ស្ថានីយ​ចែកចាយ​អគ្គិសនី។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី មាន​ប្រសាសន៍​ថា ការ​រុះរើ​ខ្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ ជា​គម្រោង​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​រក​ឃើញ​ថា គ្រឹះ​សំណង់​របស់​ខ្លោងទ្វារ​នោះ​ចាំបាច់​ត្រូវ​កែ​សម្រួល ដើម្បី​ធានា​សុវត្ថិភាព​នៅ​ពេល​មាន​សំណង់​ក្រោម​ដី​នៅ​ក្បែរ​នោះ។ លោក សុមុនី បញ្ជាក់​ថា ក្រុមហ៊ុន​ណាហ្គាវើល នឹង​សាងសង់​ខ្លោងទ្វារ​ដដែល​នោះ​ឡើង​វិញ រក្សា​រចនាបថ​ដដែល​នៅ​ក្រោយ​ពេល​កែស​ម្រួល​គ្រឹះ​សំណង់​រួច។ ចំណែក​ដី​ម្ដុំ​ក្នុង​បរិវេណ​នោះ គឺ​ជា​សំណើ​គម្រោង​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​ត្រូវ​ការ​បង្កើត​អនុ​ស្ថានីយ​ចែកចាយ​អគ្គិសនី​ថ្មី​មួយ។ លោក​បញ្ជាក់​ថា ក្រសួង​ពុំ​បាន​ជួល​ដី​អោយ​ក្រុមហ៊ុន​ឯកជន​ឡើយ ប៉ុន្តែ​ជា​ការ​ចូលរួម​គម្រោង​អភិវឌ្ឍន៍​ក្រុង។

បើ​ទោះ​ជា​មាន​ការ​ពន្យល់​យ៉ាង​នេះ​ក្ដី ក៏​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅ​តែ​ប្រកាន់​ជំហរ​ជួប​ជុំ​តវ៉ា​នោះ​ដដែល ដោយ​សំអាង​ថា កន្លង​មក​ការ​លក់​ដូរ​សម្បត្តិ​រដ្ឋ​តែង​តែ​មាន​លេស​មក​បិទ​បាំង​ជានិច្ច៖ «អាត្មា​បាន​ដឹង​ថា រឿង​វាយ​វត្ត​ខ្ទរ​ក៏ដោយ រឿង​ដេញ​អ្នក​ស្រុក​ក៏ដោយ វា​ជា​រូបមន្ត​តែ​មួយ ដែល​យើង​មិន​អាច​អនុញ្ញាត​អោយ​រដ្ឋមន្ត្រី ជាពិសេស​នៅ​ក្នុង​ក្រសួង​ធម្មការ និង​សាសនា យក​ទ្រព្យ​សម្បត្តិ​សាសនា​ទៅ​ជួល​ទៅ​ដោះ​ដូរ​អ៊ីចឹង​ទេ»

ក្រុម​ព្រះសង្ឃ​ឯករាជ្យ​លើក​ឡើង​ដែរ​ថា នេះ​ជា​ករណី​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ករណី​លក់​ទីប៉ាឆា​ក្នុង​វត្ត​ខ្ទរ នៅ​សង្កាត់​ព្រែកលៀប ដែល​ធ្វើ​អោយ​ពុទ្ធសាសនិក​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ទាស់ កាល​ពី​ចុង​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។