គម្រោង​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​ចាប់​ពី​ថ្ងៃ​៩​សីហា

ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​ចំនួន​៥ នឹង​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ឲ្យ​ដឹង​ថា អង្គការ​នេះ​នឹង​សម្រប​សម្រួល​ការ​ប្រារព្ធ​ខួប​ទី​១០ នៃ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​នៅ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៩ សីហា និង​នៅ​ខេត្ត​កោះកុង ព្រះវិហារ រតនគិរី និង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា។ លោក​បន្ត​ថា ពួក​គេ​ប្រារព្ធ​ពិធី​នេះ ដើម្បី​ឲ្យ​មហាជន​ជួយ​អនុវត្ត​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច ឲ្យ​យល់​ដឹង​ពី​ប្រពៃណី វប្បធម៌ ជំនឿ​របស់​ពួក​គេ ជាដើម។

លោក តឹក វណ្ណារ៉ា៖ «ជំរុញ​ការ​ទទួល​ស្គាល់ និង​ការ​គោរព​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​ឡើង ជាពិសេស​ការ​ទទួល​ស្គាល់​សិទ្ធិ​ដោយ​ឡែក​របស់​ជនជាតិ​ដើម​ភាគ​តិច ទៅ​លើ​ការ​គ្រប់គ្រង​ដី និង​ធនធាន​ធម្មជាតិ ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ទាក់ទង​នឹង​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច សុំ​ការ​ជួយ​គាំទ្រ​ទាំង​ថ្នាក់​ជាតិ ឲ្យ​អន្តរជាតិ ដើម្បី​ជំរុញ​ការ​យល់​ដឹង​អំពី​ស្ថានភាព​ទូទៅ​របស់​ជនជាតិ​ដើម​ភាគ​តិច ជាពិសេស​ការ​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​ដីធ្លី ព្រៃ និង​ការ​ចុះ​បញ្ជី​ដី ជួយ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង មាន​ឱកាស​អភិវឌ្ឍ​ទន្ទឹម​គ្នា​នឹង​ការ​ថែ​រក្សា​អត្តសញ្ញាណ និង​វប្បធម៌​របស់​ពួក​គាត់ ប្រកប​ដោយ​និរន្តរភាព ស្រប​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច»

លោក​បន្ត​ថា ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​នៅ​ខេត្ត​ក្រចេះ នឹង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ អាជ្ញាធរ​មូលដ្ឋាន ជនជាតិ​ដើម​ភាគ​តិច រួម​គ្នា​ដើរ​ហែ​ជា​ក្បួន ដោយ​មាន​អ្នក​ចូលរួម​ហែ​ជាង ១.០០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។