ជម្លោះ​ផ្ទៃ​ក្នុង​រវាង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ជា​ឧបសគ្គ​ដល់​ការ​នាំ​ចេញ​អង្ករ​១​លាន​តោន

0:00 / 0:00

សង្វាក់​ផលិត​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ត្រូវ​មើល​ឃើញ​ថា មាន​បញ្ហា​ច្រើន ដោយ​រាប់​តាំង​ពី​ហិរញ្ញប្បទាន​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ រហូត​ដល់​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ឈ្មួញ​អង្ករ។ អ្នក​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ដែល​ភាគ​ច្រើន​មាន​ងារ​ជា​ឧកញ៉ា តាំង​ខ្លួន​ជា​អ្នក​ខ្លាំង ឬ​មិន​ស្ដាប់​បង្គាប់​អ្នក​នាំ​ចេញ​ផ្សេង​ទៀត​ឡើយ។

បញ្ហា​នេះ បាន​ប៉ះពាល់​ដល់​គោលដៅ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​នៅ​ឆ្នាំ​២០១៥ រហូត​ដល់​មនុស្ស​ដែល​ជិតស្និទ្ធ​បំផុត​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​សម្រប​សម្រួល និង​ដោះស្រាយ​ឲ្យ​បាន​នូវ​បញ្ហា​ទាំងអស់​នេះ និង​ពាក្យ​ចចាមអារ៉ាម​ពី​សហគមន៍​អន្តរជាតិ រិះគន់​ថា អាជីវកម្ម​នាំ​ចេញ​អង្ករ​កម្ពុជា មាន​ភាព​មិន​ស្មោះ​ត្រង់។

ទោះ​បី​ជា​កម្ពុជា មាន​គោលដៅ​ជំរុញ​ការ​នាំ​ចេញ​អង្ករ ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ និង​ការ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល ដើម្បី​ជំរុញ​សកម្មភាព​នាំ​ចេញ​នេះ​ក្ដី ក៏​គោលដៅ​នេះ​មិន​អាច​ទទួល​ជោគជ័យ​ឡើយ។ ឧបសគ្គ​ទី​មួយ គឺ​ជម្លោះ​ផ្ទៃ​ក្នុង​សមាគម​រោង​ម៉ាស៊ីន និង​អ្នក​នាំ​ចេញ​អង្ករ។ ឧបសគ្គ​ទី​ពីរ ធនធាន​ហិរញ្ញវត្ថុ​ដែល​គាំទ្រ​ការ​នាំ​ចេញ​អង្ករ ក៏​នៅ​មាន​កម្រិត​ទាប ស្រប​ពេល​ដែល​អ្នក​នាំ​ចេញ​អង្ករ​មួយ​ចំនួន​មិន​មាន​ផែនការ​អាជីវកម្ម​ច្បាស់​លាស់ ឬ​ការ​រក​ស៊ី​មិន​មាន​ភាព​ស្មោះ​ត្រង់។

ជម្លោះ​ផ្ទៃ​ក្នុង​របស់​សមាគម​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា បាន​បង្អាក់​ដល់​ដំណើរ​ធ្វើ​សង្វាក់​ផលិតកម្ម​អង្ករ ដោយសារ​តែ​អ្នក​មាន​ងារ​ជា​ឧកញ៉ា​មួយ​ចំនួន ដែល​វិនិយោគ​លើ​វិស័យ​ផលិតកម្ម និង​នាំ​ចេញ​អង្ករ គិត​តែ​អំពី​ប្រយោជន៍​របស់​ក្រុមហ៊ុន​ខ្លួន ជា​ជាង​គិត​អំពី​ប្រយោជន៍​រួម​លើ​ការ​នាំ​ចេញ​អង្ករ។ ចាប់​តាំង​ពី​គោលដៅ​នាំ​ចេញ​អង្ករ បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០១០ ទីផ្សារ​អង្ករ​កម្ពុជា និង​ចំនួន​នៃ​ការ​នាំ​ចេញ​បាន​កើន​ឡើង ប៉ុន្តែ​ការ​កើន​ឡើង​នេះ មិន​ស្រប​ទៅ​តាម​សក្ដានុពល​ដែល​កម្ពុជា មាន​ឡើយ ដោយសារ​តែ​ផលិតកម្ម​ស្រូវ​ភាគ​ច្រើន នៅ​ហូរ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ដដែល ម៉ាស៊ីន​កែច្នៃ​នាំ​ចេញ​អង្ករ និង​ទុន​វិនិយោគ​លើ​វិស័យ​អង្ករ នៅ​តែ​មាន​តិចតួច។

រដ្ឋាភិបាល​កម្ពុជា បាន​ជួយ​សម្រួល​ចំពោះ​អ្វី​ដែល​ម្ចាស់​រោង​ម៉ាស៊ីន និង​អ្នក​នាំ​ចេញ​អង្ករ​បាន​ស្នើសុំ ប៉ុន្តែ​សង្វាក់​នៃ​ការ​នាំ​ចេញ​អង្ករ​នៅ​តែ​ជួប​បញ្ហា។ ទី​មួយ ម្ចាស់​រោង​ម៉ាស៊ីន​អះអាង​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​លើ​វិស័យ​នាំ​ចេញ​អង្ករ​មាន​តិចតួច និង​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អះអាង​ថា ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ មិន​មាន​ផែនការ​ច្បាស់​លាស់ ដោយ​ធ្វើ​អ្វី​ចាំ​តែ​អ្នក​ជួយ។ ទី​ពីរ ការ​រក​ស៊ី​របស់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន ហាក់​ជា​ការ​រក​ស៊ី​មិន​ស្មោះ​ត្រង់ ដូចជា ការ​ប្រគល់​ទំនិញ​មិន​ស្រប​ទៅ​តាម​កិច្ចសន្យា ឬ​ការ​ផ្ដល់​ទំនិញ​ដោយ​គ្មាន​គុណភាព។

អគ្គលេខាធិការ​រង​នៃ​សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ និង​នាំ​ចេញ​អង្ករ​កម្ពុជា លោក វ៉ាន់ ដេវីដ វិចិត្រ មាន​ប្រសាសន៍​ថា ក្រៅ​ពី​ឧកញ៉ា​មួយ​ចំនួន​ដែល​តាំង​ខ្លួន​ខ្លាំង​រៀង​ខ្លួន ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ហាក់​មាន​ការ​ប្រកួត​ប្រជែង​រវាង​អ្នក​នាំ​ចេញ​អង្ករ ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ដូច​គ្នា ជា​ជាង​ប្រកួត​ប្រជែង​ជាមួយ​បរទេស៖ «សំឡេង»។

បន្ថែម​លើ​នេះ សហភាព​អឺរ៉ុប ដែល​ទិញ​អង្ករ​កម្ពុជា ប្រមាណ ៦០% និង​ជា​ប្រទេស​លើក​លែង​ពន្ធ​នាំ​ចូល​អង្ករ​កម្ពុជា បាន​រក​ឃើញ​ថា បរិមាណ​នាំ​ចេញ​អង្ករ​មួយ​ចំនួន​មាន​លាយ​អង្ករ​របស់​វៀតណាម ដែល​សហភាព​អឺរ៉ុប នេះ បាន​ចេញ​សេចក្ដី​ព្រមាន រហូត​ដល់​ក្រសួង​ពាណិជ្ជកម្ម បាន​ដាក់​ឲ្យ​មាន​ក្រម​សីលធម៌​ចំពោះ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា កន្លង​មក។

ភាព​រកាំរកូស​ទាំងអស់​នេះ រាជ​រដ្ឋាភិបាល​បាន​លុប​ចោល​នូវ​សមាគម​នៃ​អ្នក​នាំ​ចេញ​អង្ករ​ទាំងអស់ ហើយ​បង្កើត​ជា​ក្រុម​តែ​មួយ​វិញ ដោយ​មាន​ការ​ដឹក​នាំ​ពី​មនុស្ស​ដែល​មាន​ឥទ្ធិពល​ពី​ជួរ​រដ្ឋាភិបាល ឬ​មនុស្ស​ដែល​ជិតស្និទ្ធ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក សុខ ពុទ្ធីវុធ ដែល​ជា​កូនប្រសា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​កូនប្រុស​បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សុខ អាន បាន​ប្ដេជ្ញា​ចិត្ត​លើក​កម្ពស់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ស្រប​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក នៅ​ឆ្នាំ​២០១៥ ដោយ​បាន​បង្កើត​ជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

សហព័ន្ធ​ស្រូវ​អង្ករ​នេះ បាន​ប្រមូល​ផ្ដុំ​អ្នក​នាំ​ចេញ​ទាំងអស់ ឲ្យ​ធ្វើ​ការ​រួម​គ្នា ដោះស្រាយ​បញ្ហា​រួម​គ្នា និង​សហការ​ជាមួយ​គ្នា ដើម្បី​ឈាន​ដល់​ការ​បង្កើត​សមត្ថភាព​ប្រកួត​ប្រជែង ការ​នាំ​ចេញ​អង្ករ​កម្ពុជា នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មួយ បាន​រក​ឃើញ​ថា មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​មិន​ស្រប​ទៅ​តាម​កិច្ចសន្យា។

បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ មាន​ប្រសាសន៍​ថា លោក​នឹង​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​នេះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់ ដើម្បី​លើក​ស្ទួយ​ការ​នាំ​អង្ករ​កម្ពុជា ឡើង​វិញ៖ «សំឡេង»។

លោក សុខ ពុទ្ធីវុធ បាន​បញ្ជាក់​ទៀត​ថា គោលដៅ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​នៅ​ឆ្នាំ​២០១៥ និង​ថា តើ​សហព័ន្ធ​ស្រូវ​អង្ករ​ដែល​ទើប​បង្កើត​ថ្មី​នេះ អាច​ជួយ​ជំរុញ​សមត្ថភាព និង​លើក​កម្ពស់​ជីវភាព​កសិករ​កម្រិត​ណា​នោះ គឺ​នៅ​មិន​អាច​ប៉ាន់ស្មាន​បាន​ឡើយ ដោយ​លោក​បញ្ជាក់​ថា លោក​ត្រូវ​ការ​ពេល​វេលា​មួយ​ឆ្នាំ ដើម្បី​វាយ​តម្លៃ​សកម្មភាព​របស់​ខ្លួន​ជា​មុន​សិន។

ទិន្នន័យ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា នៅ​ឆមាស​ទី​មួយ​ឆ្នាំ​២០១៤ នេះ កម្ពុជា បាន​នាំ​ចេញ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ចំនួន ១៧​ម៉ឺន​តោន ដែល​កើន​ឡើង​ប្រមាណ ១% បើ​ធៀប​នឹង​ឆ្នាំ​មុន។ អ្នក​វិភាគ​ស្រូវ​អង្ករ​បាន​អះអាង​ថា កំណើន​យឺត​នៃ​ការ​នាំ​ចេញ​អង្ករ​នៅ​ពេល​នេះ អាច​បណ្ដាល​មក​ពី​ការ​រង​ឥទ្ធិពល​ពី​កត្តា​ខាង​ក្រៅ ជាង​កត្តា​ខាង​ក្នុង​ស្រុក ដូច​ជា ការ​បញ្ចេញ​ស្តុក​ស្រូវ​អង្ករ​របស់​ថៃ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។