រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ថវិកាជាង ៣៣ម៉ឺនដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលមួយនៅកម្ពុជា សម្រាប់គម្រោងផលិតផលសរីរាង្គរបស់សហគមន៍កសិកម្មក្នុងខេត្តចំនួន២ គឺខេត្តព្រះវិហារ និងខេត្តស្វាយរៀង។ រដ្ឋាភិបាលជប៉ុន រំពឹងថា ជំនួយនេះនឹងជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងជប៉ុន ពិសេសឈានទៅកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
តំណាងរដ្ឋាភិបាលជប៉ុន អះអាងថា ថវិកា ៣៣៨.៩៦៣ដុល្លារអាមេរិកនេះ គឺជាជំនួយឧបត្ថម្ភឥតសំណងសម្រាប់អនុវត្តសកម្មភាពនៅក្នុងខេត្តព្រះវិហារ និងខេត្តស្វាយរៀង ដែលជាខេត្តមានអត្រានៃភាពក្រីក្រខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។
ថវិការដ្ឋាភិបាលជប៉ុន បានប្រគល់ឲ្យអង្គការក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិរបស់យ៉ាម៉ាហ្គាតា (International Volunteers of Yamagata) ហៅកាត់ I.V.Y សម្រាប់អនុវត្តគម្រោងផលិតផលសរីរាង្គរបស់សហគមន៍កសិកម្មក្នុងខេត្តទាំង២នេះ។
ការលើកឡើងរបស់តំណាងរដ្ឋាភិបាលជប៉ុន ធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាជំនួយឧបត្ថម្ភសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលរៀបចំឡើងនៅថ្ងៃទី៤ ខែមីនា។
ឯកអគ្គរាជទូតវិសាមញ្ញរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា លោក គូម៉ាម៉ារ៉ូ យូជិ (KUMAMARU Yuji) មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន យល់ថា ការហូរចូលនូវផលិតផលកសិកម្ម និងចំណីអាហារពីប្រទេសផ្សេងៗ ជាការគំរាមកំហែងថ្មីសម្រាប់វិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា។ ហេតុនេះ ជំនួយនេះ នឹងជួយបង្កើតទីផ្សារផលិតផលសរីរាង្គដល់កសិករដើម្បីលើកទឹកចិត្តដល់ក្រុមកសិករផលិតកសិផលកសិកម្មសរីរាង្គមកលក់ក្នុងទីផ្សារសរីរាង្គនោះ ពិសេសជួយសម្រួលផលិតផលកសិករអាចដាក់លក់ក្នុងផ្សារទំនើប នៅរាជធានីភ្នំពេញ ផងដែរ។
នាយិកាអង្គការក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិរបស់យ៉ាម៉ាហ្គាតា ដែលជាអង្គការទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន ជាង ៣៣ម៉ឺនដុល្លារអាមេរិក អ្នកស្រី ម៉ាត់ស៊ូអ៊ូវ៉ា អាយូមិ (AYUMI MATUURA) មានប្រសាសន៍ថា ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តព្រះវិហារ និងខេត្តស្វាយរៀង រកចំណូលបានក្រោម ២ដុល្លារក្នុងមួយថ្ងៃ។ អ្នកស្រីឲ្យដឹងថា អង្គការអ្នកស្រីនឹងចាប់ផ្ដើមភ្ជាប់កសិករជាច្រើនទៅកាន់ទីផ្សារស្រូវសរីរាង្គនៅក្នុងខេត្តព្រះវិហារ។ ដោយឡែក ក្នុងខេត្តស្វាយរៀង នឹងសាងសង់មជ្ឈមណ្ឌលវេចខ្ចប់សម្រាប់ដឹកជញ្ជូនដល់សហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង ហៅកាត់ថា សាក់។
តំណាងសង្គមស៊ីវិលរូបនេះជឿជាក់ថា គម្រោងដែលនឹងអនុវត្តចាប់ពីខែមីនា តទៅ នឹងជួយរួមចំណែកកាត់បន្ថយចំណាកស្រុកនៅខេត្តទាំងពីរនេះផងដែរ៖ «នៅក្នុងខេត្តស្វាយរៀង យើងកំពុងមានសកម្មភាពបង្កើតឲ្យមានមជ្ឈមណ្ឌលវេចខ្ចប់ និងដឹកជញ្ជូនបន្លែ ដែលក្នុងមួយថ្ងៃអាចវេចខ្ចប់ និងដឹកជញ្ជូនបន្លែបាន ៥០០គីឡូក្រាមក្នុង១ថ្ងៃ ហើយយើងរំពឹងថា តាមរយៈមជ្ឈមណ្ឌលនេះក្រុមគោលដៅនឹងក្លាយជាអ្នកម្ចាស់ការលើខ្លួនឯង ហើយអាចដឹកនាំសកម្មភាពកាន់តែប្រសើរឡើង»។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលជប៉ុន ក៏រំពឹងថា គម្រោងនេះនឹងបង្កើតសហគមន៍កសិកម្មចំនួន៤ បន្ថែមទៀត ដែលអាចជួយបង្រៀនពីបច្ចេកទេសគ្រប់គ្រងទៅដល់សហគមន៍កសិករទាំង ១២សហគមន៍ ហើយនឹងជំរុញឲ្យមានទីផ្សាររួមគ្នាមួយសម្រាប់ដាក់លក់ស្រូវសរីរាង្គ និងបន្លែ ដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករនៅក្នុងខេត្តព្រះវិហារ។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជា តាំងឆ្នាំ២០០២។ មកដល់ពេលនេះរដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ២៤លានដុល្លារអាមេរិក ដល់គម្រោងចំនួន ៩១ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
