តើ​ជប៉ុន​នឹង​បន្សល់​កេរ​ដំណែល​អ្វី​ខ្លះ​ពី​គម្រោង​ផលិត​កុលាលភាជន៍​នៅ​ខេត្ត​កំពង់ឆ្នាំង?

0:00 / 0:00

គម្រោង​ផលិត​សេរ៉ាមិច (Ceramic) ឬ​កុលាលភាជន៍​របស់​ប្រទេស​ជប៉ុន នៅ​ខេត្ត​កំពង់ឆ្នាំង នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​ផ្ដល់​សម្ភារៈ​ផលិត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​នេះ។

តើ​គម្រោង​នេះ​បាន​បន្សល់​កេរ​ដំណែល​អ្វី​ខ្លះ​ដល់​ក្រុម​អ្នក​ផលិត និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍?

អណ្ដូង​ឫស្សី គឺ​ជា​ភូមិ​មួយ​របស់​ខេត្ត​កំពង់ឆ្នាំង មាន​ការ​ផលិត​ក្អម ឆ្នាំង និង​សម្ភារៈ​ប្រើប្រាស់​អំពី​ដី​ច្រើន​ជាង​គេ។ អ្នក​ភូមិ​នាំ​គ្នា​ផលិត​សម្ភារៈ​ទាំង​នេះ​មិន​ដែល​អាក់​ខាន មិន​ថា​នៅ​រដូវ​ប្រាំង ឬ​រដូវ​វស្សា​រវល់​ធ្វើ​ស្រែ​ចម្ការ​យ៉ាង​ណា​ក្ដី។ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក មាន​ការ​ចងក្រង​ក្រុម​អ្នក​ផលិត ដោយ​មាន​គម្រោង​របស់​បរទេស​ដូចជា​អាល្លឺម៉ង់ (Germany) និង​ជប៉ុន (Japan) ជាដើម ដើម្បី​លើក​ស្ទួយ​សិប្បកម្ម​នៅ​ក្នុង​ភូមិ​នេះ។

ជាក់ស្ដែង​មូលនិធិ នេបផុន ហ្វោនដេសិន (Nippon Foundation) របស់​ជប៉ុន បាន​ផ្ដល់​ថវិកា​ដើម្បី​បង្កើត​គម្រោង​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកទេស​ផលិត​សេរ៉ាមិច ឬ​កុលាលភាជន៍​រយៈពេល ៣​ឆ្នាំ។ គម្រោង​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ពេញ ដើម្បី​សិក្សា​ពី​គុណភាព​ដី និង​វត្ថុ​ធាតុ​ដើម​សម្រាប់​ផ្សំ​ទឹក​ថ្នាំ​សាប​លើ​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារៈ​ប្រើប្រាស់​អំពី​ដី​ដែល​ត្រូវ​ផលិត មុន​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ។

ជំនួយ​ការ​គម្រោង លោក សួង សម្បត្តិ មាន​ប្រសាសន៍​ថា គម្រោង​បាន​ចំណាយ​ទឹក​ប្រាក់ និង​ពេលវេលា​យ៉ាង​ច្រើន​ក្នុង​ការ​បណ្ដុះ​អ្នក​ផលិត​ចំនួន ១០​នាក់ ពី​ចំណុច​សូន្យ​រហូត​ដល់​ពួក​គាត់​មាន​សមត្ថភាព​ផលិត ហើយ​ចែក​រំលែក​បទពិសោធន៍​ទៅ​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត។ លោក​ថា ក្រោយ​ពី​គម្រោង​បញ្ចប់​នា​ចុង​ឆ្នាំ​២០១៥ សម្ភារៈ និង​ឡ​ដុត​សង់​អស់​លុយ​រាប់​ម៉ឺន​ដុល្លារ នឹង​ប្រគល់​ឲ្យ​ពលរដ្ឋ៖ «នេបផុន ហ្វោនដេសិន បាន​បញ្ជូន​អ្នក​ជំនាញ​ពី​ខេត្ត​ម៉ាស៊ីកុ ប្រទេស​ជប៉ុន មក មាន​ជំនាញ​ខុសៗ​គ្នា មាន​ជំនាញ​ធ្វើ​ដី​ផង ជំនាញ​ទឹក​ថ្នាំ និង​ជំនាញ​ធ្វើ​ឡ​ផង ដើម្បី​ធ្វើ​ពែង ធ្វើ​ប៉ាន់តែ ធ្វើ​របស់​ទាំងអស់​ហ្នឹង គឺ​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន»

ជំនួយ​ការ​សម្រប​សម្រួល​នៃ​គម្រោង​ផលិត​សេរ៉ាមិច (Ceramic) ឬ​កុលាលភាជន៍​របស់​ប្រទេស​ជប៉ុន នៅ​ខេត្ត​កំពង់ឆ្នាំង លោក សួង សម្បត្តិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។
ជំនួយ​ការ​សម្រប​សម្រួល​នៃ​គម្រោង​ផលិត​សេរ៉ាមិច (Ceramic) ឬ​កុលាលភាជន៍​របស់​ប្រទេស​ជប៉ុន នៅ​ខេត្ត​កំពង់ឆ្នាំង លោក សួង សម្បត្តិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Chin Chetha)

លោក សួង សម្បត្តិ ជឿ​ថា ក្រុម​អ្នក​ផលិត​អាច​គ្រប់គ្រង​ការ​ផលិត និង​ទីផ្សារ​លក់​ចេញ​ដោយ​ខ្លួន​ឯង​បាន ព្រោះ​សេរ៉ាមិច ឬ​កុលាលភាជន៍​កំពុង​មាន​ទីផ្សារ​នៅ​តាម​ហាង និង​សណ្ឋាគារ​ទំនើបៗ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។ លោក​ថា ត្បិត​ពេល​ខ្លះ​មាន​បញ្ហា​ទីផ្សារ​លក់​ចេញ ក៏​អ្នក​ផលិត​ទាំង ១០​នាក់ អាច​ទទួល​បាន​ប្រាក់​កម្រៃ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ១០០​ដុល្លារ ទៅ ២០០​ដុល្លារ​ដែរ​ក្នុង ១​ខែៗ។

ចំណែក​អ្នក​ផលិត​វិញ​អះអាង​ថា ពួក​គាត់​មាន​សមត្ថភាព​ផលិត​ឲ្យ​តែ​មាន​សម្ភារៈ​គ្រប់គ្រាន់ និង​ឡ​ដុត​សេរ៉ាមិច ឬ​កុលាលភាជន៍​ក្នុង​កម្ដៅ​ខ្លាំង ដើម្បី​ឲ្យ​សម្ភារៈ​ដែល​ដុត​នោះ​មាន​គុណភាព និង​តម្លៃ​ខ្ពស់។

ក្នុង​វ័យ​ជាង ៥០​ឆ្នាំ ដៃ​ម្ខាង​កំពុង​កាន់​កុលាលភាជន៍ និង​ដៃ​ម្ខាង​ទៀត​កាន់​ជក់​លាប​ថ្នាំ គឺ​អ្នកស្រី អួន ពៅ មាន​ប្រសាសន៍​ថា ក្រៅ​ពី​ផលិត​នៅ​ក្នុង​រោង​សិប្បកម្ម​របស់​ជប៉ុន នេះ រូប​គាត់ និង​អ្នក​ភូមិ​ចំនួន ៩​នាក់​ផ្សេង​ទៀត បាន​ឆ្លៀត​ផលិត​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ដែរ។ អ្នកស្រី​ថា ការ​ផលិត​នៅ​តាម​ផ្ទះ​មិន​បាន​ល្អ​ដូច​នៅ​រោង​សិប្បកម្ម​ជប៉ុន ឡើយ ដោយសារ​គ្មាន​សម្ភារៈ​គ្រប់គ្រាន់ និង​ឡ​ដុត​ទំនើប៖ «ធ្វើ​នៅ​ទី​នេះ (រោង​សិប្បកម្ម​របស់​ជប៉ុន) ធ្វើ​របស់​ឯង​លក់​របស់​ឯង តែ​ពួក​ខ្ញុំ​ខ្សោយ​ខាង​ទីផ្សារ ពួក​គាត់​ជួយ។ បើ​អត់​ពី​ពួក​គាត់​ទៅ ពួក​ខ្ញុំ​មាន​គ្នា ១០​នាក់ ដូច​ថា​មាន​អ្នក​ចេះ​ខាង​លេខ​អក្សរ​អី​ត្រឹមត្រូវ ឲ្យ​ទៅ​ខាង​ទីផ្សារ​ទៅ មិន​មែន​ថា​អត់​ពី​ពួក​គាត់ ហើយ​បោះបង់​ការងារ​ហ្នឹង​ឈប់​ធ្វើ​ទេ»

ចំពោះ​វត្ថុ​ធាតុ​ដើម​ផលិត​ក្អម ឆ្នាំង សេរ៉ាមិច និង​កុលាលភាជន៍​ជាដើម ត្រូវ​សិប្បករ និង​មន្ត្រី​ជំនាញ​អះអាង​ថា កំពង់ឆ្នាំង គឺ​ជា​ខេត្ត​មួយ​អំណោយ​ផល​ខាង​ផលិត​សម្ភារៈ​អំពី​ដី ដោយ​សម្បូរ​វត្ថុ​ធាតុ​ដើម​ផ្សំ​ទឹក​ថ្នាំ និង​ដី​មាន​គុណភាព​ល្អ។ សម្រាប់​ក្រុម​ផលិត​សេរ៉ាមិច​របស់​ជប៉ុន បាន​ជ្រើស​យក​ដី​ប្រភេទ​ស​ល្បាយ​ខ្សាច់​ម៉ដ្ឋ ឋិត​នៅ​ឃុំ​ព្រៃខ្មែរ និង​ដី​ខ្មៅ​យក​ពី​តំបន់​វត្ត​ចាស់ នៅ​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ។

ជំនួយ​ការ​គម្រោង​ផលិត​សេរ៉ាមិច លោក សួង សម្បត្តិ បញ្ជាក់​ថា ដី​ប្រភេទ​ថ្ម ឬ​ខ្សាច់​ម៉ដ្ឋ​សម្រាប់​ផលិត​សេរ៉ាមិច នឹង​មិន​ងាយ​ប្រើប្រាស់​អស់​ឡើយ បើ​អាជ្ញាធរ​គ្រប់គ្រង​បាន​ត្រឹមត្រូវ។ លោក​ថា ចំពោះ​វត្ថុ​ធាតុ​ដើម​ដី​ដែល​មាន​គុណភាព​អាច​បាត់បង់ ប៉ុន្តែ​វត្ថុ​ធាតុ​ដើម​ផលិត​ទឹក​ថ្នាំ មិន​ងាយ​បាត់បង់​ឡើយ ព្រោះ​វត្ថុ​ធាតុ​ដើម​ទាំង​នោះ​អាច​រក​បាន​ពី​សម្បក​លៀស ផេះ​ឈើ ឬ​អង្កាម ជាដើម៖ «ដី​ហ្នឹង (ដី​សម្រាប់​ធ្វើ​កុលាលភាជន៍) យើង​ទិញ​គេ។ ដី​ខ្មៅ​តម្លៃ ២​ម៉ឺន និង​ដី​ស​តម្លៃ ៣​ម៉ឺន អា​ហ្នឹង​យើង​នៅ​បន្ថែម​ឈ្នួល​កម្លាំង​ពលកម្ម​ទាំងអស់​ដូចជា ១២​ម៉ឺន​រៀល»

សកម្មភាព​ផលិត​សេរ៉ាមិច ឬ​កុលាលភាជន៍​នៅ​រោង​សិប្បកម្ម​ជប៉ុន ឋិត​នៅ​ភូមិ​អណ្ដូង​ឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។
សកម្មភាព​ផលិត​សេរ៉ាមិច ឬ​កុលាលភាជន៍​នៅ​រោង​សិប្បកម្ម​ជប៉ុន ឋិត​នៅ​ភូមិ​អណ្ដូង​ឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Chin Chetha)

ទាក់ទង​នឹង​ការ​គ្រប់គ្រង​ធនធាន​ដី​ធ្វើ​កុលាលភាជន៍ ឬ​សេរ៉ាមិច​នេះ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ទិត្យ ណាន បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ បាន​ហាម​ប្រាម​រាល់​សកម្មភាព​ជីក​យក​នៅ​តាម​ទីតាំង​ដែល​មាន​ដី​អាច​ផលិត​កុលាលភាជន៍​បាន ទៅ​ប្រើប្រាស់​អ្វី​ផ្សេង ក្រៅ​ពី​ទុក​ផ្គត់ផ្គង់​ជូន​ក្រុម​អ្នក​ផលិត​ក្នុង​ខេត្ត ឬ​ក្នុង​សហគមន៍​ភូមិ​អណ្ដូង​ឫស្សី នោះ​ទេ៖ «បច្ចុប្បន្ន​យើង​កំពុង​តែ​ខិតខំ ទាំង​ការិយាល័យ​ជំនាញ​ក៏​បាន​ចុះ​ទៅ​ជួយ​គាត់​ទាំង​ផ្លូវ​ច្បាប់ ដូច​ពេល​ដែល​ថា គម្រោង​បញ្ចប់​ទៅ​ទាក់ទង​នឹង​ទុន យើង​អាច​ផ្ដល់​ច្បាប់​មួយ​ឲ្យ​គាត់​មាន​លំនឹង​ខ្ចី​ប្រាក់ ដើម្បី​ទ្រទ្រង់​ការ​ផលិត​របស់​គាត់»

អាជ្ញាធរ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​ថា ក្រោយ​ពី​បញ្ចប់​គម្រោង​ផលិត​សេរ៉ាមិច ឬ​កុលាលភាជន៍​របស់​ជប៉ុន នេះ​ទៅ ក្រុមហ៊ុន​ឯកជន​របស់​ចិន គ្រោង​បោះ​ទុន​វិនិយោគ​ធំ​លើ​ការ​ផលិត​សម្ភារៈ​ប្រើប្រាស់​អំពី​ដី​នៅ​ភូមិ​អណ្ដូង​ឫស្សី ដើម្បី​លក់​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ ក្រុមហ៊ុន​ដែល​នឹង​បោះ​ទុន​រាប់​លាន​ដុល្លារ​នេះ មាន​មូលដ្ឋាន​នៅ​ក្រុង​ជីងទ័រជិន (Jing De Zhen) ខេត្ត​ជាំងស៊ី (Jaingxi) ប្រទេស​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។