ពលករ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អេភី​ធីអែសអ៊ី​ដែល​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ឲ្យ​សង​ប្រាក់​វិញ

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ បាន​មក​តវ៉ា​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ តុលា។ ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន​ឈ្មោះ អេភី ធីអែសអ៊ី & ស៊ី ខេមបូឌា រីសសស៍ (AP TSE & C Cambodia Resources) បាន​បោកប្រាស់​យក​ប្រាក់​ពី​ពួក​គាត់​ម្នាក់ៗ​អស់​រាប់​រយ​ដុល្លារ ដោយ​សន្យា​ថា​នឹង​រក​ការងារ​ឲ្យ​ពួក​គាត់​ធ្វើ​នៅ​ប្រទេស​ថៃ បាន​កម្រៃ​ខ្ពស់។

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៦ ដែល​អ្នក​ខ្លះ​មក​ពី​ខេត្ត​ព្រះសីហនុ កោះកុង តាកែវ ព្រៃវែង កំពង់ធំ និង​ខេត្ត​កំពត បាន​នាំ​គ្នា​មក​ទាមទារ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​ដល់​ពួក​គាត់​វិញ ដោយ​ពួក​គាត់​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​រក​ការងារ​ឲ្យ​ពួក​គាត់​បាន​ធ្វើ​តាម​ការ​សន្យា​ឡើយ។

ក្រុម​អ្នក​ទាមទារ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ចំណាយ​ប្រាក់​ម្នាក់ៗ​ចាប់​ពី ២៥០​ដុល្លារ​ឡើង​ទៅ ហើយ​ពួក​គាត់​ភាគ​ច្រើន​បាន​ចង​ការ​ប្រាក់​គេ។ បន្ទាប់​ពី​បាន​បង់​ប្រាក់​ហើយ ក្រុមហ៊ុន​បាន​ហៅ​ពួក​គាត់​ឲ្យ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ជាច្រើន​លើក​ច្រើន​សា ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

លោក មន សុភី មក​ពី​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង ថ្លែង​ថា លោក​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​ក្រុមហ៊ុន​ពី​បទ​ឆបោក៖ «ខ្ញុំ​បាន​ចុះ​ឈ្មោះ​ធ្វើ​ការ​ទៅ​ប្រទេស​ថៃ។ ដល់​ពេល​រួច​ហើយ បែរ​ជា​ប្រែ​ក្រឡាស់​វិញ​អត់​បាន​ទៅ​ធ្វើ​វិញ ព្រោះ​ថា​គេ​និយាយ​អត់​ស្មោះត្រង់។ គេ​សន្យា​ថា​រយៈ​មួយ​ខែ​កន្លះ​ទៅ​ពីរ​ខែ តែ​ឥឡូវ​មាន​បង​ប្អូន​ខ្លះ​ឡើង​រហូត​ដល់ ៥-៦​ខែ​ក៏​មិន​ទាន់​បាន​ទៅ​ដែរ។ ដូច្នេះ ខ្ញុំ​អត់​ទុក​ចិត្ត ក៏​ខ្ញុំ​សម្រេច​ចិត្ត​ដក​ពាក្យ​វិញ ហើយ​ដល់​ពេល​ខ្ញុំ​ដក​ពាក្យ​វិញ គេ​កាត់​លុយ​ខ្ញុំ​ចំនួន ១៥០​ដុល្លារ។ ទាំងអស់ ២៥០​ដុល្លារ គេ​ដក ១៥០​ដុល្លារ នៅ​សល់ ១០០​ដុល្លារ ហើយ ១០០​ដុល្លារ​ហ្នឹង​ក៏​គេ​មិន​ទាន់​ឲ្យ​ដែរ​រយៈពេល​ខែ​១១ ថ្ងៃ​ទី​១០ បាន​គេ​ឲ្យ»

ចំណែក​យុវជន​ដែល​បាន​ទៅ​ដល់​ប្រទេស​ថៃ ហើយ​ទើប​តែ​ត្រឡប់​មក​វិញ​ជាមួយ​គូកន​មួយ​ចំនួន លោក វន សៅ រស់នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ អះអាង​ថា តម្លៃ​ពលកម្ម និង​លក្ខខណ្ឌ​ការងារ​មិន​ដូច​ការ​ដែល​ក្រុមហ៊ុន​សន្យា​ទេ គឺ​ពុំ​មាន​ការងារ​អ្វី​ប្រាកដ​ប្រជា​សម្រាប់​ពួក​គាត់​ឡើយ។ លោក វន សៅ ប្ដឹង​ក្រុមហ៊ុន​ពី​បទ​ឆបោក និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម៖ «ក្រុមហ៊ុន​អត់​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ពួក​ខ្ញុំ។ អត់​យក​ចិត្ត​ទុក​ដាក់ ក៏​អត់​មាន​មើល​ការ​ខុស​ត្រូវ​ឲ្យ​បាន​ជាប់​លាប់។ ពេល​ពួក​ខ្ញុំ​ធ្វើ​ការ​ហើយ​បាន​ចំនួន ១០​ថ្ងៃ​ហ្នឹង ឲ្យ​ពួក​ខ្ញុំ​សម្រាក អត់​មាន​ការងារ​ធ្វើ។ ពេល​ក៏​មាន​រួច​ទៅ​ហៅ​ទៅ​ធ្វើ​កន្លែង​ផ្សេង មួយ​ថ្ងៃ​អ៊ីចឹង​មក​ក៏​សម្រាក អ៊ីចឹង​ពួក​ខ្ញុំ​ក៏​អត់​ព្រម​ក៏​មក​តវ៉ា»

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ដែល​បដិសេធ​មិន​ឲ្យ​ថត​សំឡេង បាន​បញ្ជាក់​នៅ​ខាង​មុខ​ក្រុមហ៊ុន​ថា គ្មាន​ករណី​ដូច​ការ​លើក​ឡើង​នេះ​ទេ។

ក្រុមហ៊ុន អេភី ធីអែសអ៊ី & ស៊ី ខេមបូឌា រីសសស៍ មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៧ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ក្នុង​បុរី​ពិភព​ថ្មី​២។ នៅ​លើ​ស្លាក​ក្រុមហ៊ុន មាន​សរសេរ​ថា ទីស្នាក់ការ​ជ្រើស​រើស និង​បញ្ជូន​ពលករ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់។

ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ហៅ​កាត់​ថា ស៊ីអិលអ៊ីស៊ី (CLEC) លោក ឌីខេ ហូយ៉ា មាន​ប្រសាសន៍​ថា សកម្មភាព​របស់​ក្រុមហ៊ុន​គ្មាន​ចំណុច​ណា​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ស្រប​ច្បាប់​នោះ​ឡើយ៖ «អ្នក​ដែល​មក​ពី​កំពង់ធំ កោះកុង អី​ផ្សេងៗ​ហ្នឹង គឺ​ខាង​ក្រុមហ៊ុន​ណាត់​គាត់​ថា​ត្រូវ​ចេញ​យប់​ហ្នឹង ក៏ប៉ុន្តែ​ពេល​មក​ដល់​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​ប្រាប់​ថា​គ្នា​តិច​ពេក​អត់​បាន​ចេញ​ទេ ហើយ​ក៏​គាត់​ត្រឡប់​ទៅ​វិញ។ នេះ​ជា​ការ​ធ្វើ​ការ​របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​នេះ​មិន​មែន​ត្រឹម​តែ​រឿង​ប៉ុណ្ណឹង​ទេ បើ​តាម​ខ្ញុំ​យក​ព័ត៌មាន និង​សាកសួរ​អ្នក​ជិត​ខាង​ហ្នឹង គេ​ថា​មាន​មនុស្ស​ដែល​តវ៉ា​ច្រើន​ណាស់​ទាក់ទង​នឹង​ការ​បញ្ជូន​ទៅ​មិន​សម​បំណង យក​ទៅ​ដាក់​ចោល​ក៏​ដូច​ជា​សន្យា​ថា​នឹង​នាំ​ទៅ ប៉ុន្តែ​មិន​បាន​នាំ​ទៅ​អី​អ៊ីចឹង​ទៅ ហើយ​មាន​ករណី​ដូច​ជា​ថា​នាំ​ទៅ​ស្រប​ច្បាប់ ក៏ប៉ុន្តែ​មិន​បាន​ស្រប​ច្បាប់​អី​ទេ ទៅ​ក្រៅ​ផ្លូវ​ការ ហើយ​មិន​មាន​ប៉ាសស្ព័រ​អី​អ៊ីចឹង​ជាដើម​បាទ»

លោក ឌីខេ ហូយ៉ា បាន​ផ្ដាំ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ មាន​ការ​ប្រយ័ត្ន​ប្រយែង និង​ស្វែង​យល់​ឲ្យ​បាន​ច្បាស់ មុន​នឹង​ពួក​គាត់​ជឿ​ទុក​ចិត្ត ហើយ​ពឹងពាក់​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ជួយ​រក​ការងារ​ឲ្យ​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។