សហគមន៍​ចំនួន​១១០​នៅ​កំពង់ស្ពឺ​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍

សហគមន៍​ចំនួន ១១០​ក្នុង​ឃុំ​ចំនួន​២០ នៃ​ស្រុក​សំរោងទង និង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​ព័ត៌មាន​សាធារណៈ និង​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​ដែល​កំពុង​ជួប​ប្រទះ។

ប្រធាន​សហគមន៍​ព្រៃ​ឈើ​ជ្រោះ​ពង្រ នៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច គឺ​លោក ឡេង សារ៉ុម ថ្លែង​ថា បញ្ហា​សំខាន់​បំផុត​នៅ​ក្នុង​សហគមន៍​របស់​លោក​សព្វថ្ងៃ គឺ​បញ្ហា​ដាក់​ថ្នាំ​ពុល​យក​សត្វ និង​ឡ​ដុត​កៅស៊ូ​កង់​ឡាន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព៖ «សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ធ្ងន់ៗ ប៉ះពាល់​សហគមន៍​ហ្នឹង។ សុំ​ឱ្យ​អាជ្ញាធរ​ដែន​ដី​ជួយ​ដោះស្រាយ​ផង។ ឡ​ដុត​កៅស៊ូ​កង់​ឡាន​ចាស់ៗ វា​ហុយ​ដល់​ប្រជាពលរដ្ឋ វា​ជះ​ចំហាយ​ក្លិន​គួរ​ឱ្យ​ខ្លាច។ បើ​នៅ​ជិត​វិញ​ក្អួត។ កៅស៊ូ​កង់​ឡាន​ចាស់ៗ​ហ្នឹង​ចំហុយ​ចេញ​ជា​ប្រេង​វិញ ដុត​ចេញ​ជា​ផេះ​តែ​ម្ដង។ ពី​មុន​ឡ​តែ​មួយ ឥឡូវ​ឡ​ដល់​ទៅ​ពីរ»

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​សហគមន៍​នៅ​ថ្ងៃ​ទី​២៦ មីនា បាន​សរសេរ​ថា ក្រុម​សហគមន៍​ទាំង​១១០ ដែល​ធ្វើ​ការ​លើ​វិស័យ​ខុសៗ​គ្នា បាន​ផ្ដល់​អនុសាសន៍ និង​សេចក្ដី​ស្នើសុំ​សកម្មភាព​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​បញ្ហា​ចំនួន ១០​ចំណុច មាន​ជា​អាទិ គឺ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ មុន​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ឃុំ សុំ​ឱ្យ​អនុវត្ត​ច្បាប់ និង​មាន​ភាព​យុត្តិធម៌។

តំណាង​សហគមន៍​ថ្លែង​ថា ពួក​គេ​រង់ចាំ​មើល​បើ​គ្មាន​ការ​ដោះស្រាយ​បញ្ហា​របស់​អាជ្ញាធរ​ទេ ពួក​គាត់​នឹង​តវ៉ា​ជា​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។