អ្នកយកព័ត៌មានឲ្យកាសែតមនសិការខ្មែរ គ្រោងដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តបន្ទាយមានជ័យ ដោយប្ដឹងចោទប្រកាន់ម្ចាស់បនល្បែងខុសច្បាប់ម្នាក់ នៅក្រុងប៉ោយប៉ែត ពីបទគំរាមកំហែង និងអំពើហិង្សាទៅលើអ្នកសារព័ត៌មាន។
ម្ចាស់បទល្បែងនោះ ត្រូវគេស្គាល់ឈ្មោះថា អ៊ឹង ឈី។ កាលពីថ្ងៃទី១២ កុម្ភៈ បានបើករថយន្តរបស់ខ្លួនទៅកាក់មុខរថយន្តអ្នកកាសែត ហើយចុះទៅចាប់ក្របួចកអាវអ្នកកាសែត ទាញចេញពីក្នុងរថយន្ត និងគំរាមកំហែងដោយពាក្យសម្ដីយ៉ាងធ្ងន់ធ្ងរ។
ការប្រើហិង្សាយ៉ាងកម្រោលពីសំណាក់ម្ចាស់បនល្បែងនៅក្រុងប៉ោយប៉ែត ទៅលើអ្នកយកព័ត៌មាននេះ កើតមានឡើងកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវមួយកន្លែង កណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្នាក់ងារសារព័ត៌មានមនសិការខ្មែរ ប្រចាំក្រុងប៉ោយប៉ែត លោក អ៊ុង ថាប់រាំង បញ្ជាក់នៅថ្ងៃទី១៤ កុម្ភៈ ថា កន្លងទៅថ្មីៗនេះ លោកបានសរសេរអត្ថបទព័ត៌មានមួយចុះផ្សាយពីការបើកបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងលំនៅឋានរបស់បុគ្គលឈ្មោះ អ៊ឹង ឈី៖ «ខ្ញុំមានបំណងទៅជួបចៅសង្កាត់ផ្សារកណ្ដាល ទេ ប៉ុន្តែពេលនោះខ្ញុំក៏បានទៅឈប់កន្លែងបទល្មើសរបស់ លោក អ៊ឹង ឈី។ ខ្លួនខ្ញុំហ្នឹងអត់បានទៅថតរូបភាពអីទេនៅកន្លែងត្រង់នោះ គឺលោក សែម ចិន្ដា ជាអ្នកថតទេ។ អ៊ីចឹង លោក ឈី គាត់ខឹងកន្លងមកខ្ញុំធ្លាប់ចុះផ្សាយគាត់ពីបទល្មើសហ្នឹង។ គាត់បើកឡានមកពាំងពីមុខខ្ញុំ។ ខ្ញុំចុចកញ្ចក់ចុះសួរគាត់ថា មានការអី? ស្រាប់តែគាត់ថា ហ៊ឺអញឈាមពេញភ្នែកអាបារាំង ស្រាប់តែក្របួចកអាវខ្ញុំ គាត់ថា ហ្អែងហ៊ានចុះផ្សាយអីហ្អែងរឿងជាមួយអញ»។
លោកថា នេះជាការប្រើហិង្សា និងជាការគំរាមកំហែងទៅអ្នកសារព័ត៌មាន។ លោកបន្តថា នៅដើមសប្ដាហ៍ក្រោយនេះ លោកនឹងដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តបន្ទាយមានជ័យ ប្រឆាំងនឹងបុគ្គលឈ្មោះ អ៊ឹង ឈី។
វិទ្យុអាស៊ីសេរី បានទូរស័ព្ទសុំការបញ្ជាក់ពី លោក អ៊ឹង ឈី ជុំវិញការប្រើអំពើហិង្សា និងគំរាមទៅលើអ្នកកាសែតនេះ ប៉ុន្តែលោកបានបដិសេធថា ពុំបានប្រព្រឹត្តនោះឡើយ។
ទោះជាយ៉ាងនេះក្តី ចាងហ្វាងកាសែតមនសិការខ្មែរ លោក ដាំ សិទ្ធិ ថ្លែងថា ក្រោយពីកើតហេតុភ្លាមៗ លោកបានអន្តរាគមន៍ទៅសមត្ថកិច្ចកងរាជអាវុធហត្ថ អោយជួយចាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ អ៊ឹង ឈី ដែលបានប្រើអំពើហិង្សា និងគំរាមទៅលើអ្នកកាសែត។ ប៉ុន្តែ សមត្ថកិច្ចកងរាជអាវុធហត្ថ ពុំបានចាត់វិធានការនោះឡើយ៖ «រឿងនេះខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងទៅលើបុគ្គលឈ្មោះ អ៊ឹង ឈី ទៅយកតួនាទីខ្លួនឯងទៅប្រើផ្ទុយពីផ្លូវច្បាប់ នៅតាមទីធ្លាសាធារណៈ មកលើអ្នកសារព័ត៌មាន ប្រើអំពើកម្រោលចូលជួជាតិហ្នឹង អំពើឃោរឃៅព្រៃផ្សៃរបៀបហ្នឹងនៅតាមទីសាធារណៈ»។
ប្រភពពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បញ្ជាក់ថា លំនៅឋានរបស់ឈ្មោះ អ៊ឹង ឈី ជាកន្លែងបើកបនល្បែងស៊ីសងយ៉ាងធំនៅក្រុងប៉ោយប៉ែត។ បនល្បែងនេះ ពួកគាត់អះអាងថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីសាលាក្រុងប៉ោយប៉ែត ថែមទៀត។ ចំណែកក្រុមអ្នកចូលទៅលេងល្បែងនៅទីនោះ មានទាំងមន្ត្រីសាលាក្រុងប៉ោយប៉ែត និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត៖ «គោលដៅហ្នឹងជាកន្លែងប្រមូលផ្គុំទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ។ ក្នុងនោះមាន លោកចៅហ្វាយក្រុងផង ហើយនៅទីហ្នឹងវាទល់មុខនឹងសាលាសង្កាត់ ហើយវាមានចម្ការមួយដែលសម្បូរទៅដោយក្រុមអ្នកមានអំណាច មានលុយ ហើយ អ៊ឹង ឈី ហ្នឹងធ្លាប់អះអាងថា ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ប៉ុន្តែមិនដឹងជានៅអង្គភាពណាទេ។ នៅកន្លែងហ្នឹងអត់មានអ្នកណាហ៊ានបង្ក្រាបទេ ដោយសារល្បែងអ្នកធំ ហើយមួយដៃចាប់ពី ៣ពាន់បាត ទៅ ៤ពាន់បាត»។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឱ បូរិន បានបដិសេធថា បុគ្គលឈ្មោះ អ៊ឹង ឈី ពុំមែនជាមន្ត្រីកងរាជអាវុធហត្ថនៅក្នុងខេត្តបន្ទាយមានជ័យ នោះឡើយ។ លោកបន្តថា ករណីបើកល្បែងស៊ីសងនៅលំនៅឋានរបស់បុគ្គលឈ្មោះ អ៊ឹង ឈី កន្លងមក លោកពុំបានទទួលបានព័ត៌មាននោះឡើយ។ ប៉ុន្តែករណីនេះ សមត្ថកិច្ចនឹងមានវិធានការទប់ស្កាត់៖ «អ្វីបើសិនជាមាន ចាំខ្ញុំធ្វើការ អានេះជាពន្លឺមួយសម្រាប់ខ្ញុំធ្វើការងារ ប៉ុន្តែឈ្មោះនេះមិនមែននៅបន្ទាយមានជ័យ ទេ ខ្ញុំទើបមកថ្មីមែនពិត ប៉ុន្តែកម្លាំងចាស់ខ្ញុំក្ដាប់បានទាំងអស់»។
ទោះយ៉ាងនេះក្ដី អ្នករស់នៅក្រុងប៉ោយប៉ែត បញ្ជាក់ថា លំនៅឋានរបស់ឈ្មោះ អ៊ឹង ឈី នេះបានបើកបនល្បែងស៊ីសងអស់រយៈជាយូរយារណាស់មកហើយ។ បុគ្គលឈ្មោះ អ៊ឹង ឈី ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីសាលាក្រុងប៉ោយប៉ែត។ ការឃុបឃិតគ្នាបើកល្បែងស៊ីសង គឺបានផ្ទុយពីគោលការណ៍ភូមិឃុំមានសុវត្ថិភាព ដែលរដ្ឋាភិបាលដាក់អាជ្ញាធរមូលដ្ឋានអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
