អាជ្ញាធរ​ខេត្ត​កំពត​ចាប់​ផ្ដើម​ត្រៀម​រៀបចំ​ទីក្រុង​ដើម្បី​ធ្វើ​បុណ្យ​សមុទ្រ​បន្ត​វេន​ពី​ខេត្ត​កោះកុង

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កំពត ចាប់​ផ្ដើម​ត្រៀម​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រារព្ធ​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​២០១៥ នេះ ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាង​ហោច​ណាស់ ៥​សែន​នាក់​ទៅ​កម្សាន្ត​ខេត្ត​ទេសចរណ៍​ជាប់​សមុទ្រ​មួយ​នេះ។

នៅ​ឆ្នាំ​នេះ ខេត្ត​កំពត នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ បន្ត​វេន​ពី​ខេត្ត​កោះកុង ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ពិធី​បុណ្យ​នេះ​កាល​ពី​ឆ្នាំ​ទៅ​មិញ។

នាយក​ខុទ្ទកាល័យ​សាលា​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​ធំធេង​ណាស់​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្ត រួម​ទាំង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ចាប់​ផ្ដើម​ធ្វើ​ការងារ​នេះ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ទើប​បាន។ លោក​ថា ការងារ​ចំពោះ​មុខ គឺ​អាជ្ញាធរ​ខេត្ត​ត្រូវ​រៀបចំ​កែលំអ​ផ្លូវ​គមនាគមន៍​ក្នុង​ក្រុង​ខ្លះ និង​ប្រព័ន្ធ​ភ្លើង​អគ្គិសនី​តាម​សួនច្បារ​សាធារណៈ ជាដើម។

ចំពោះ​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​វិញ លោក​ថា​នឹង​យក​ទីតាំង​តាម​បណ្ដោយ​មាត់​ព្រែក​ក្នុង​ក្រុង ដែល​អាជ្ញាធរ​គ្រោង​នឹង​រៀបចំ​កន្លែង​កម្សាន្ត ដែល​លោក​ថា​នឹង​ធ្វើ​ឲ្យ​ប្លែក​គេ៖ «យើង​ប្រហែល​ជា​រៀបចំ​មាត់​ដៃ​ព្រែក ចាប់​ពី​ស្ពាន​ថ្មី​ហ្នឹង​រហូត​ដល់​ប្រហែល​ជា​ផែ​ត្រី​ឯណោះ ហើយ​យើង​ក៏​បាន​ឈូស​ឆាយ​ផ្លូវ​ព័ទ្ធ​ជុំវិញ​ហើយ​អស់​ដែរ ទម្រាំ​ដល់​ខែ​១២ យើង​អាច​ហើយ ហើយ​ថ្នល់​កៅស៊ូ​ហ្នឹង​រហូត​ជិត​ទៅ​ដល់​ហ្នឹង ហើយ​យើង​នឹង​អាច​រៀប​ខុស​គេ មិន​ដូច​ខេត្ត​ផ្សេង​ទេ យើង​អាច​នឹង​រៀប​នៅ​លើ​ទឹក​ដោយ​មាន​កាណូត​ដាក់​នៅ​ហ្នឹង ដោយ​មាន​ផែ​សិប្បនិម្មិត​អី​ឲ្យ​លេង​អី​នៅ​លើ​ហ្នឹង​តែ​ម្ដង ហើយ​ភ្ញៀវ​យើង​សន្និដ្ឋាន​ថា​យ៉ាង​តិច​ក៏​ពី​ប្រាំ​ម៉ឺន​ឡើង​ដែរ»

កំពត គឺ​ជា​ខេត្ត​ចំណាស់​មួយ​ជាប់​សមុទ្រ​មាន​សំណង់ និង​អគារ​ចាស់ៗ ដូចជា​ផ្ទះ​ស្ពាន​សល់​ពី​ជំនាន់​អាណានិគម​បារាំង មាន​រមណីយដ្ឋាន​ធម្មជាតិ​ទេសចរណ៍​តាម​មាត់​ព្រែក សម្រាប់​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ មើល​ថ្ងៃ​លិច និង​មើល​ទេសភាព​លើ​កំពូល​ភ្នំ​បូកគោ ចម្ការ​ម្រេច ភូមិ​អ្នក​នេសាទ ជាដើម។

ក៏ប៉ុន្តែ មន្ត្រី​អង្គការ​បរិស្ថាន និង​មន្ត្រី​បក្ស​ប្រឆាំង បាន​រិះគន់​ចំពោះ​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​ខេត្ត​នេះ ថា​នៅ​មាន​កម្រិត ជាពិសេស​ការ​រក្សា​អនាម័យ​ក្នុង​ក្រុង ដូចជា​សេវា​រៀបចំ​ប្រមូល​សំរាម​ក្នុង​ក្រុង​នៅ​យឺតយ៉ាវ ជួន​កាល​សំរាម​ត្រូវ​គរ​ទុក​ស្អុយ​បី​បួន​ថ្ងៃ​ក៏​មាន។

មន្ត្រី​អង្គការ​ការពារ​បរិស្ថាន​ប្រចាំ​ខេត្ត​កំពត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ប្រឹង​កែលំអ​បរិស្ថាន​ក្នុង​ក្រុង​បន្ថែម​ទៀត ទើប​សម​ឈ្មោះ​ថា កំពត​ជា​ទីក្រុង​រមណីយដ្ឋាន​ធម្មជាតិ​ពិត​ប្រាកដ​មែន។

ចំណែក​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​កំពត អ្នកស្រី សម ចរិយា ក៏​យល់​ឃើញ​ដូច​គ្នា​ដែរ ជាពិសេស​អ្នកស្រី​សុំ​ឲ្យ​អាជ្ញាធរ​រៀបចំ​កែលំអ​បរិស្ថាន​នៅ​កំពង់ផែ​ក្នុង​ក្រុង និង​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​នៅ​មាត់​ព្រែក ដែល​ជា​ទីតាំង​សម្រាប់​ធ្វើ​ពិធី​បុណ្យ​សមុទ្រ​នេះ​តែ​ម្ដង។

ឆ្លើយ​តប​ចំពោះ​សំណូមពរ និង​កា​រិះគន់​នេះ លោក ស៊ឹម វុទ្ធា អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​កែលំអ​ប្រព័ន្ធ​លូ និង​បរិស្ថាន​នៅ​ក្នុង​ក្រុង​នេះ​ហើយ។

រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​សម្រេច​ប្រារព្ធ​ធ្វើ​បុណ្យ​សមុទ្រ​បី​ឆ្នាំ​មក​ហើយ ដោយ​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​សម្រាប់​ប្រារព្ធ​ពិធី​នេះ ប្ដូរ​វេន​គ្នា​ក្នុង​មួយ​ឆ្នាំ​ម្ដង។ ខេត្ត​ជាប់​សមុទ្រ​ទាំង​នោះ​មាន​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង។ ដោយ​ឡែក​ខេត្ត​កំពត ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​ទី​៤ បន្ត​វេន​ពី​ខេត្ត​កោះកុង នៅ​ខែ​ធ្នូ ឆ្នាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។