មន្ត្រីអាជ្ញាធរខេត្តកំពត អះអាងនៅថ្ងៃទី២៤ កុម្ភៈ ថា អាជ្ញាធរខេត្តនេះបានបិទស្ពានចាស់ក្នុងក្រុងកំពត សង់តាំងពីជំនាន់អាណានិគមនិយមបារាំង ជាបណ្ដោះអាសន្នសិន ព្រោះខ្លាចអ្នកធ្វើដំណើរឆ្លងកាត់មានគ្រោះថ្នាក់ដល់ជីវិត។
នាយកខុទ្ទកាល័យសាលាខេត្តកំពត លោក ស៊ុំ វុទ្ធា បញ្ជាក់ថា ការបិទចរាចរណ៍លើស្ពានដែលសង់តាំងពីជំនាន់បារាំង មានអាយុកាលជិត ១០០ឆ្នាំមកហើយនោះ គឺជាការបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឆ្លងកាត់ផង និងការពារកុំឲ្យស្ពាននេះទ្រុឌទ្រោមថែមទៀត ដោយរង់ចាំជួសជុលឡើងវិញ។
លោកថា ស្ពាននេះបានបិទតាំងពីសប្ដាហ៍មុនមក ដើម្បីការពារចរាចរណ៍ដ៏ច្រើនកុះករឆ្លងកាត់ពេលបុណ្យចូលឆ្នាំចិន កន្លងមកផង ដែលអាចឲ្យស្ពានជរានេះអាចបាក់បាន។
ស្ពានខេត្តកំពត ដែលសង់ពីថ្ម និងដែក មានក្បាច់រចនាបុរាណគួរឲ្យទាក់ទាញអារម្មណ៍អ្នកទេសចរនានាមកទស្សនាខេត្តជាប់សមុទ្រមួយនេះ។ អ្នកខេត្តកំពត តែងនិយមហៅស្ពាននេះថាស្ពានឥន្ទធនូ នោះ ព្រោះមានបង្កាន់ដៃរាងកោងជាកង់ៗដូចឥន្ទធនូ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត លោក លឹម សំបូរ បញ្ជាក់ថា ស្ពាននេះមានប្រវែងជាង ៣០០ម៉ែត្រ ឆ្លងកាត់ព្រែកដៃសមុទ្រក្នុងក្រុងកំពត។ លោកថា ទោះជាអាជ្ញាធរបានចាក់គ្រឹះបេតុង និងដាក់រនាំងដែកបិទច្រកឡើងស្ពានក៏ដោយ ក៏នៅមានអ្នកធ្វើដំណើរខ្លះនៅឆ្លៀតធ្វើចរាចរឆ្លងកាត់ដោយមិនដឹងគ្រោះថ្នាក់ទៀត។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ឈប់ឆ្លងកាត់ស្ពាននេះ ហើយឆ្លងស្ពានថ្មីវិញទើបមានសុវត្ថិភាព៖ «បើមិនបិទគេលួចរត់ចុះរត់ឡើងលើហ្នឹង អ៊ីចឹងដល់ពេលដួលនរណានេះទៅ អ៊ីចឹងយើងបិទស្ថាពរ ប៉ុន្តែដាក់តែកង់ម៉ូតូ ហើយនៅឡានរត់ទៀតផងនៅរត់ម្ដងម្កាលផង បានសេចក្ដីថា ប្រជាពលរដ្ឋយើងខ្វះការចូលរួមហើយ អ៊ីចឹងយើងជួយផ្សព្វផ្សាយបន្ថែមទៀត ដើម្បីគាត់យកចិត្តទុកដាក់ពីសុវត្ថិភាពការធ្វើដំណើររបស់គាត់»។
លោកឲ្យដឹងថា ស្ពាននេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩២២ កាលពីជំនាន់បារាំង ត្រួតត្រាស្រុកខ្មែរ តែត្រូវបានពួកខ្មែរក្រហមដាក់មីនបំផ្លាញអស់មួយផ្នែកធំ ពេលសង្គ្រាមក្នុងទសវត្សឆ្នាំ១៩៧០ ហើយត្រូវបានជួសជុលឡើងវិញនៅទសវត្សឆ្នាំ១៩៨០ ដោយក្រាលដែកបន្ទះ ក៏ប៉ុន្តែមកដល់ពេលនេះ ដែកនោះពុកផុយស្ទើរអស់ទៅហើយ។
ទោះយ៉ាងណា លោក ស៊ុំ វុទ្ធា ឲ្យដឹងថា អាជ្ញាធរខេត្តនឹងជួសជុលស្ពាននេះឡើងវិញនៅពេលឆាប់ៗនេះ តែនឹងបើកឲ្យប្រើប្រាស់សម្រាប់តែថ្មើរជើង និងអ្នកធ្វើដំណើរដោយកង់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
