ព្រះសង្ឃ និងប្រជាពលរដ្ឋចាត់ទុកការដាក់ពង្រាយកម្លាំងសមត្ថកិច្ចដើម្បីឃ្លាំមើលការដង្ហែអង្គកឋិនចេញពីវត្តស្ទឹងមានជ័យ ក្រុងភ្នំពេញ ទៅកាន់វត្តដូង នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នោះ ថាជាការគំរាមកំហែង។
អនុប្រធានអង្គការ "ខ្ញុំខ្មែរ" គឺព្រះតេជព្រះគុណ យិន រតនសុធាវី ដែលជាអ្នកផ្តើមបុណ្យ គង់នៅវត្តស្ទឹងមានជ័យ មានថេរដីកាថា ការធ្វើបុណ្យកឋិនដង្ហែទៅវត្តដូង នៅជិតព្រំដែនកាលពីថ្ងៃទី២២ ខែវិច្ឆិកា នោះ គឺដើម្បីបានថវិកាកសាងវត្តផង និងនាំយកគ្រឿងឧបភោគ និងបរិភោគចែកជូនប្រជាពលរដ្ឋក្រីក្រនៅតាមព្រំដែន ដែលរដ្ឋាភិបាលមើលមិនឃើញផង។ ប៉ុន្តែបែរជាមានកម្លាំងអាជ្ញាធរប្រមាណជាង ៥០នាក់ ត្រូវបានដាក់ពង្រាយ ហាក់បីដូចជាពិធីបុណ្យកឋិននោះ បង្កើតចលាចលអ្វីមួយ ហើយត្រៀមបង្ក្រាបភ្លាមៗ។ យ៉ាងណាក៏ដោយ ពុំមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យពិធីបុណ្យនោះផ្អាកដំណើរការឡើយ។
ព្រះតេជព្រះគុណ យិន រតនសុធាវី៖ «គេគំរាមគំហែងដោយសារអាត្មាមិនសំចៃមាត់ក្នុងការនិយាយពីសង្គមពិតៗ ដែលប្រជាពលរដ្ឋខ្វះខាតតោកយ៉ាកលំបាកប្រាណ អត់មានផ្ទះសម្បែងស្នាក់នៅតាមព្រំដែន ហើយក៏អត់មានអ្នកណាទៅកសាងវត្តនៅតាមបណ្តោយខ្សែរក្រវ៉ាត់ព្រំដែនដែរ។ សូម្បីតែអាត្មាហែរពីវត្តស្ទឹងមានជ័យ ទៅហ្នឹង ក៏មានអាជ្ញាធរនៅខណ្ឌមានជ័យ មកកត់លេខឡាន ថតអាត្មា និងសួរនាំពីបច្ច័យបានប៉ុន្មាន ដើម្បីរាយការណ៍ទៅថ្នាក់លើរបស់គេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់ពីអាជ្ញាធរខេត្តស្វាយរៀង បានទេ នៅថ្ងៃទី២៣ ខែវិច្ឆិកា។
កន្លងមក តំបន់ព្រំដែកម្ពុជា-វៀតណាម នៅឃុំដូង ស្ថិតក្នុងស្រុករមាសហែក ធ្លាប់ពើបប្រទះស្ថានភាពតានតឹងដោយសារអ្នកនយោបាយ និងប្រជាពលរដ្ឋរកឃើញថា វៀតណាម បានរំកិលព្រំដែនចូលដីខ្មែរ។ ព្រះសង្ឃប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលកម្ពុជា គប្បីធ្វើការអភិវឌ្ឍនូវរាល់ភូមិស្រុកទាំងអស់ ជាពិសេសវត្តអារាមនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ទាំងព្រំដែនថៃ និងព្រំដែនវៀតណាម ដើម្បីជាបង្គោលព្រំដែនដ៏រឹងមាំសម្រាប់ការពារបូរណភាពទឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
