កម្មករ​រោងចក្រ​ក្បាលកោះ​បន្ត​រង់ចាំ​ដំណោះស្រាយ​មួយ​សប្ដាហ៍​ទៀត​ពី​សាលា​រាជធានី​ភ្នំពេញ

កម្មករ​រោងចក្រ​ក្បាលកោះ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ថៅកែ​រត់​ចោល ហើយ​ខ្វែង​គំនិត​គ្នា​ក្នុង​រឿង​លក់​ឡាយឡុង​របស់​របរ​សេសសល់​នៅ​រោងចក្រ​នោះ ព្រមព្រៀង​គ្នា​រង់ចាំ​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ រយៈ​ពេល​មួយ​សប្ដាហ៍​ទៀត។

ការ​ព្រម​បន្ត​ការ​រង់ចាំ​មួយ​សប្ដាហ៍​ទៀត​នេះ គឺ​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​ចរចា​រវាង​ភាគី​កម្មករ ដែល​សម្របសម្រួល​ដោយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ។

តំណាង​ក្រុម​កម្មករ​ដែល​ជំទាស់​នឹង​ការ​លក់ឡាយឡុង គឺ​អ្នកស្រី អុល វណ្ណា ថ្លែង​ថា ការ​រង់ចាំ​នេះ​តាម​ការ​ពន្យារ​របស់​អាជ្ញាធរ​ខណ្ឌ៖ «ពន្យារ​ពេល​មួយ​អាទិត្យ​ទៀត​ដើម្បី​ដាក់​ពាក្យ​ហ្នឹង​ទៅ​សាលាក្រុង​ជួយ​ដោះស្រាយ។ នៅ​រង់ចាំ​ការ​សម្រេច ប៉ុន្តែ​ព្រឹក​មិញ​យើង​ប្រជុំ​ខាង​អភិបាល​ហ្នឹង ខាង​ភ្ញៀវ​ទិញ​គេ​ឲ្យ​ថែម​បាន ១៣​ម៉ឺន​ដុល្លារ។ ដំបូង​គេ​ឲ្យ ១២​ម៉ឺន ៥​ពាន់ គេ​ថែម ៥​ពាន់​ទៀត។ គេ​ថា ធ្វើ​សម្បទាន​ឲ្យ​កម្មករ អាណិត​កម្មករ។ តែ​ក្នុង​ហ្នឹង​ក៏​ខ្ញុំ​ជំទាស់​ដែរ។ ខ្ញុំ​ថា​អត់​ទទួល​យក ដោយសារ​តែ​មិន​គ្រប់គ្រាន់​នឹង​ប្រាក់ខែ​ចុង​ក្រោយ​ពួក​ខ្ញុំ​ផង។ ខ្ញុំ​ជំទាស់​រហូត​ថា ខ្ញុំ​អត់​លក់​ទេ»

កម្មករ​រោងចក្រ​នេះ ខ្វែង​គំនិត​គ្នា​ក្នុង​រឿង​លក់​ឡាយឡុង​របស់​របរ​សេសសល់​នៅ​រោងចក្រ​នោះ ដើម្បី​យក​លុយ​ទូទាត់​ប្រាក់​ឈ្នួល​ចុង​ក្រោយ​របស់​ពួក​គាត់​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៦ ដែល​ថៅកែ​មិន​បាន​បើក​ឲ្យ។

ក្រុម​កម្មករ​ដែល​អះអាង​ថា មាន​ចំនួន ៨០០ ទៅ ៩០០​នាក់ សម្រេច​លក់​របស់របរ​សេសសល់​នេះ ពួក​គាត់​កំពុង​ត្រូវ​ការ​លុយ​សម្រាប់​បង់ថ្លៃ​បន្ទប់​ជួល និង​ចំណាយ​ផ្សេងៗ។ ពួកគាត់​ថា មិន​អាច​រង់ចាំ​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ​ការ​ទេ ពីព្រោះ​ស៊ី​ពេល​យូរ។ ប៉ុន្តែ​កម្មករ​មួយ​ក្រុម​ទៀត លើក​ហេតុផល​ថា ពួក​គាត់​ចង់​បាន​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​ការ​ទូទាត់​សំណង ៥​ចំណុច ដែល​មាន​ជា​អាទិ ប្រាក់​ឈ្នួល​ចុង​ក្រោយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦ និង​ប្រាក់​អតីតភាព​ការងារ ដែល​គាត់​បាន​ធ្វើ​ការ​នៅ​រោងចក្រ​នេះ ១០​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។