សមត្ថកិច្ច​ខេត្ត​កំពង់ធំ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប្រើ​ហិង្សា​លើ​បុរស​ពីរ​នាក់

ដោយ​ សូត សុខប្រាថ្នា
2017-07-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​កំពង់ធំ។
ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

សមត្ថកិច្ច​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ សម្ដែង​ការ​សោកស្ដាយ​ដោយសារ​ក្រុម​ប្រជាពលរដ្ឋ​បាន​វាយ​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រៃវែង ពីរ​នាក់ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់។ បុរស​ទាំង​ពីរ​នាក់​នោះ គឺ​ត្រូវ​គេ​វាយ​ដោយ​គ្រាន់តែ​ជា​មនុស្ស​ចម្លែក​ចូល​ក្នុង​ភូមិ ហើយ​សង្ស័យ​ថា ជា​ក្រុម​មនុស្ស​ចាប់​ក្មេង ដូច​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។

​អធិការ​នគរបាល​ស្រុក​បារាយណ៍ លោក សួន ថេន មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ កក្កដា ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ករណី​វាយ​តប់​បុរស​ទាំង​ពីរ​នាក់​នោះ ដោយ​គ្រាន់តែ​ជឿ​លើ​ពាក្យ​បំផុស​បំផុល​ប៉ុណ្ណោះ ខណៈ​ក្រុម​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ដែរ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​មិន​ព្រម​ស្ដាប់។ លោក​បញ្ជាក់​ថា ហេតុការណ៍​ដំបូង​ឡើយ គឺ​មាន​ព្រះសង្ឃ​នៅ​វត្ត​គ្រើល ឃុំ​អណ្ដូងពោធិ៍ បាន​ហៅ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ថា ឃើញ​មនុស្ស​ចម្លែក​ជិះ​ម៉ូតូ​ពីរ​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​សមត្ថកិច្ច​បាន​ចេញ​ទៅ​ជួប​ពួកគេ មិន​ទាន់​នឹង​បាន​សួរ​នាំ​ផង ក៏​ស្រាប់​តែ​មាន​ក្រុម​ពលរដ្ឋ​ផ្អើល​ឈូឆរ ហើយ​វាយ​អ្នក​ទាំង​ពីរ​នាក់​នោះ​តែម្ដង ដោយ​សង្ស័យ​ថា ជា​ក្រុម​ចាប់​ក្មេង។

ក្រុម​ពលរដ្ឋ​បាន​តាម​វាយ​បុរស​ទាំង​ពីរ​នាក់ រហូត​ដល់​ឃុំ​ច្រនៀង ដោយ​មិន​ព្រម​ស្ដាប់​សមត្ថកិច្ច​ឡើយ៖ «ខ្ញុំ​គ្រាន់​តែ​មើល​ឃើញ​ពី​សកម្មភាព​ជាក់ស្ដែង​ក៏​ដូចជា​ផ្លូវ​ច្បាប់​ដែរ។ យើង​ត្រូវ​រក​ឱ្យ​ឃើញ​ពី​កំហុស ពី​សកម្មភាព ហើយ​ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​អី​ផង គ្រាន់​តែ​ឃើញ​មនុស្ស​មិន​ស្គាល់»

​អធិការ​ស្រុក​ដដែល​មិន​ទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ​បុរស​ទាំង​ពីរ​នាក់​នោះ​បាន​ទេ គ្រាន់តែ​បញ្ជាក់​ថា ពួកគេ​មក​ពី​ខេត្ត​ព្រៃវែង ពីព្រោះ​សមត្ថកិច្ច​រវល់​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ទាំង​ពីរ ដោយ​បាន​បញ្ជូន​ពួកគេ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ជឿ​ទុក​ចិត្ត​លើ​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​មិន​ត្រូវ​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​ទេ ព្រោះ​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ។ បន្ថែម​ពី​នេះ ប្រសិនបើ​មាន​គ្រួសារ ឬ​ជនរងគ្រោះ​ពិត​ប្រាកដ សុំ​មេត្តា​ដាក់​ប្ដឹង​មក​សមត្ថកិច្ច​គ្រប់​ពេល​វេលា។ លោក​នៅ​តែ​អះអាង​មក​ទល់​ពេល​នេះ គ្មាន​ករណី​ចាប់​ក្មេង​ទេ ហើយ​គឺ​ជា​រឿង​មិន​ពិត ម្យ៉ាង​គ្មាន​ជនរងគ្រោះ និង​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​មក​ប្ដឹង​ករណី​បាត់​ក្មេង​ដូច​ការ​បំផុស​បំផុល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល