ពលរដ្ឋ​ខ្មែរ​ក្រោម​ភៀស​ខ្លួន​នៅ​ថៃ​បារម្ភ​ខ្លាច​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​បាន​រត់​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី​៣ តាម​រយៈ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អ៊ិន.អេច្ឆ.ស៊ី.អ (UNHCR) ហើយ​ដែល​ប័ណ្ណ​សម្គាល់​ជន​ភៀស​ខ្លួន​របស់​ពួក​គេ​ចេញ​ដោយ យូ.អ៊ិន.អេច្ឆ.ស៊ី.អ បាន​ផុត​កំណត់​ហើយ​នោះ កំពុង​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​រដ្ឋាភិបាល​យោធា​ថៃ ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា ហើយ​អាច​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​បញ្ជូន​បន្ត​ទៅ​កាន់​ប្រទេស​វៀតណាម វិញ។ ពួក​គេ​កំពុង​ស្វែងរក​អន្តរាគមន៍​ការពារ​ពី យូ.អ៊ិន.អេច្ឆ.ស៊ី.អ និង​ស្នើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ចេញ​ប័ណ្ណ​សម្គាល់​ជន​ភៀស​ខ្លួន​ឲ្យ​ពួក​គេ​បន្ត​ទៀត។

ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ កំពុង​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ត្រឡប់​មក​កម្ពុជា វិញ​ជា​ហូរហែ​នោះ ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ ក៏​កំពុង​ស្វែងរក​ការ​ការពារ​ពី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីនោះ​ដែរ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ លឹម សំណាន ដែល​រត់​ទៅ​កាន់​មណ្ឌល​ជន​ភៀស​ខ្លួន​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ក្រុង​បាងកក ថា លោក និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ២០​នាក់​ផ្សេង​ទៀត កំពុង​ស្នើសុំ​អង្គការ​សហប្រជាជាតិ អនុញ្ញាត​ឲ្យ​ពួក​គាត់​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្ដោះអាសន្ន ដើម្បី​គេច​ផុត​ពី​ការ​តាម​ចាប់​របស់​ក្រុម​យោធា​ថៃ។

លោក លឹម សំណាន ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ហើយ​ដែល​បាន​រត់​មក​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០០៧ ក្រោយ​ពី​ចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម ហើយ​ក្រោយ​មក បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ប្រទេស​ថៃ នៅ​ឆ្នាំ​២០០៨ ថ្លែង​ថា ក្រុម​លោក​មិន​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ផ្តល់​សិទ្ធិ​ជ្រក​កោន​នៅ​បរទេស​ឡើយ ព្រោះ​អង្គការ​សហប្រជាជាតិ ថា ពួក​លោក​មិន​មាន​ឯកសារ​គ្រប់គ្រាន់។ លោក សំណាន ថា​អ្វី​ដែល​ជា​ភាព​គ្រោះថ្នាក់​សម្រាប់​ពួក​លោក​នៅ​ពេល​នេះ គឺ​ប័ណ្ណ​សម្គាល់​ជន​ភៀស​ខ្លួន​ដែល​ចេញ​ដោយ​អង្គការ​សហប្រជាជាតិ លើក​មុន​នោះ បាន​ផុត​កំណត់​ហើយ។ ប្រការ​នេះ លោក​ថា ពួក​លោក​អាច​ត្រូវ​បាន​យោធា​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ ប្រសិន​បើ​អង្គការ​សហប្រជាជាតិ មិន​ព្រម​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ថ្មី​ឲ្យ​ពួក​លោក។

លោក លឹម សំណាន៖ «បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ទុក្ខ​លំបាក​ណាស់ ឲ្យ​អង្គការ​ចេញ​ក្រដាស​ផង បើ​ថា​មិន​មាន​ក្រដាស​ទេ ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ជួល​ផ្ទះ​សម្បែង​អី ក៏​អត់​ឲ្យ​ជួល​ដែរ ហើយ​ទាហាន​យោធា​ថៃ នឹង​ចាប់​បញ្ជូន​ទៅ​ឲ្យ​វៀតណាម វិញ បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ភាគ​ច្រើន អ្នក​ដែល​រត់​ចោល​ស្រុក​ហើយ ចូល​មាតុភូមិ​វិញ គឺ​ភាគ​ច្រើន​នៅ​មិន​សុខ​នឹង​កុម្មុយនីស្ត​ទេ ព្រោះ​វា​ជាប់​ពន្ធនាគារ។ ដូច្នេះ​អ្នក​រត់​ចោល​ស្រុក​ទៅ​កម្ពុជា​ក្រោម វិញ គឺ​ភាគ​ច្រើន​ត្រូវ​ជាប់​គុក។ សូម​ឲ្យ​អង្គការ​សហប្រជាជាតិ ហ្នឹង ជួយ​ឲ្យ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​បាន​ក្រដាស​កាន់​គ្រប់​គ្នា ហើយ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្មែរ​កម្ពុជា​ក្រោម»

លោក លឹម សំណាន ថ្លែង​បន្ត​ថា ពួក​គាត់​ទាំងអស់​គ្នា​ប្ដេជ្ញា​ថា នឹង​មិន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ឬ​ប្រទេស​វៀតណាម វិញ​ឡើយ ព្រោះ​លោក​ជឿជាក់​ថា នៅ​ពេល​ត្រឡប់​មក​កម្ពុជា វិញ អាជ្ញាធរ​កម្ពុជា នឹង​ចាប់​ខ្លួន​ពួក​លោក​បញ្ជូន​បន្ត​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម។ លោក​ថា អង្គការ​សហប្រជាជាតិ អនុញ្ញាត​ឲ្យ​ពួក​លោក​ស្នាក់​នៅ​ក្នុង​មណ្ឌល​របស់​ពួក​គេ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ទាន់​ឆ្លើយ​តប​ថា​នឹង​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ជន​ភៀស​ខ្លួន​ឲ្យ​ពួក​លោក​ជា​ថ្មី​ឡើង​វិញ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដំណោះស្រាយ​ក្នុង​តំបន់ នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​ទីក្រុង​បាងកក លោក យ៉ូកូ អ៊ីវ៉ាសា (Yoko Iwasa) បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២០ មិថុនា។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ច័ន្ទឫទ្ធិ ដែល​អង្គការ​លោក​ជា​ញឹកញយ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ មាន​ប្រសាសន៍​ថា នេះ​ជា​កង្វល់ និង​ជា​ការ​ព្រួយ​បារម្ភ​ធំធេង​មួយ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ។ លោក​ថា ពួក​គេ​អាច​ប្រឈម​នឹង​ការ​បញ្ជូន​ឲ្យ​ត្រឡប់​មក​កម្ពុជា វិញ៖ «ទាក់ទង​ការ​ផ្តល់​លិខិត​អី​នោះ គឺ យូ.អ៊ិន (UN) គេ​នឹង​សម្រេច​ពិចារណា​ទៅ​តាម​នីតិវិធី​របស់​គេ។ ដូច្នេះ យើង​មិន​អាច​បង្ខំ​គេ ឬ​ក៏​យ៉ាង​ណា​ទេ ប៉ុន្តែ​វា​អាច​ជា​លក្ខណៈ​មួយ​ប៉ះពាល់​ដល់​ខ្មែរ​ក្រោម​ទាំង​ឡាយ​ណា ដែល​មិន​មាន​ក្រដាស​ក្នុង​ករណី យូ.អ៊ិន មិន​ទាន់​ចេញ​ឲ្យ ហើយ​មាន​អាជ្ញាធរ​ថៃ គេ​ចាប់​បញ្ជូន វា​អាច​ជា​បញ្ហា​សម្រាប់​ពួក​គាត់ ហើយ​ពេល​មក​ដល់​ប្រទេស​កម្ពុជា យើង​អត់​អាច​ធានា​ដល់​សុវត្ថិភាព​ពួក​គាត់​ថា គួរ​តែ​មាន​សុវត្ថិភាព ឬ​យ៉ាង​ណា​ទេ ព្រោះ​ដោយសារ​បទពិសោធន៍​កន្លង​មក​ហ្នឹង គឺ​អាជ្ញាធរ​ខ្មែរ​មិន​អាច​ការពារ​សេរីភាព ឬ​ក៏​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថែម​ទាំង​ចាប់​បញ្ជូន​ទៅ​ប្រទេស​វៀតណាម»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មិន​មាន​តួលេខ​ពិត​ប្រាកដ​អំពី​ចំនួន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី​៣​ឡើយ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រត់​ទៅ​នោះ ភាគ​ច្រើន​ធ្លាប់​បាន​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​វៀតណាម។ ដូច្នេះ ពួក​គេ​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ជា​ថ្មី នៅ​ពេល​ពួក​គេ​វិល​ត្រឡប់​មក​វិញ។

ត្រង់​ចំណុច​នេះ លោក អាង ច័ន្ទឫទ្ធិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​គោរព​តាម​ការ​សន្យា ដែល​ខ្លួន​បាន​បញ្ជាក់​ជាមួយ​អង្គការ​សហប្រជាជាតិ ដែល​ថា​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​នៅ​កម្ពុជា គឺ​ជា​ពលរដ្ឋ​ខ្មែរ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ការ​ការពារ​សុវត្ថិភាព​សម្រាប់​ខ្មែរ​ក្រោម ហើយ​មិន​ត្រូវ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ឡើយ។ បើ​តាម លោក ច័ន្ទឫទ្ធិ មូលហេតុ​សំខាន់​មួយ​ដែល​អង្គការ​សហប្រជាជាតិ ទម្លាក់​ចោល​សំណើ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម កាល​ពី​ពេល​កន្លង​មក ដោយសារ​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ថា ពួក​គេ​អាច​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។