អាជីវករផ្សាររ៉ុងក្លឿ នៅខេត្តស្រះកែវ ប្រទេសថៃ ព្រមានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាការឆ្លើយតបនឹងសមត្ថកិច្ចចម្រុះរបស់ថៃ ដែលមានបំណងរឹបអូសទំនិញបន្លំម៉ាកយីហោ ឬកម្មសិទ្ធិបញ្ញាពីក្នុងតូបរបស់ខ្លួន។ ការព្រមាននេះ គឺបន្ទាប់អាជីវករប្រមាណ ៥០០នាក់ដែលភាគច្រើនជាអាជីវករខ្មែរ ប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរថៃ នៅមុខផ្សារដំបូលខៀវ។
ឆ្លើយតបនឹងបញ្ហាចម្រូងចម្រាសនេះ ក្រសួងការបរទេសកម្ពុជា អះអាងថា អាជ្ញាធរថៃ ព្រមព្រៀងផ្អាកការត្រួតពិនិត្យទំនិញនោះតាមការស្នើសុំរបស់អភិបាលខេត្តបន្ទាយមានជ័យ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលចេញភ្លាមៗនៅក្រោយបញ្ហាប៉ះទង្គិចគ្នារវាងក្រុមអាជីវករ និងអាជ្ញាធរថៃ នៅព្រឹកថ្ងៃទី៥ ខែមីនា បញ្ជាក់ថា លោករដ្ឋមន្ត្រី ហោ ណាំហុង ណែនាំឲ្យអង្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ និងអភិបាលខេត្តបន្ទាយមានជ័យ ជួបជជែកដោះស្រាយជាមួយអាជ្ញាធរថៃ។ ក្រោយភាគីទាំងពីរជួបប្រជុំគ្នា ភាគីថៃ យល់ព្រមផ្អាកការត្រួតពិនិត្យទំនិញតាមសំណើរបស់កម្ពុជា។
ប្រភពពីអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ នៃខេត្តស្រះកែវ ឲ្យដឹងថា កងកម្លាំងយោធាថៃ បានពង្រាយតាមដងផ្លូវ ច្រកទ្វារព្រំដែនខ្មែរ-ថៃ និងនៅក្បែរផ្សាររ៉ុងក្លឿ តាំងពីព្រលប់ថ្ងៃទី៤ ខែមីនា។ ក្រុមអាជីវករសង្ស័យថា កងកម្លាំងទាំងនេះរង់ចាំអនុវត្តសាលដីការបស់តុលាការថៃ ក្នុងការរឹបអូសទំនិញបន្លំម៉ាកយីហោពីតូបលក់ដូរចំនួន៩ ក្នុងចំណោមតូបជាច្រើនទៀតនៅក្នុងផ្សារដំបូលខៀវ ឬផ្សារស៊ីហ្វា។
អាជីវករម្នាក់ លោក ប៊ុន ណាង មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី៥ ខែមីនា សមត្ថកិច្ចថៃ បម្រុងចូលកាត់សោតូបអាជីវករដើម្បីរឹបអូសទំនិញ ប៉ុន្តែភ្លាមៗនោះ ក្រុមអាជីវករបានផ្អើលមកចាំជួយគ្នា។ ស្ថានការណ៍បានធូរស្រាលទៅវិញ ក្រោយពីអភិបាលក្រុងប៉ោយប៉ែត និងតំណាងយោធាថៃ ជួបជជែកគ្នា ប៉ុន្តែលទ្ធផលនៃជំនួបយ៉ាងណានោះ ក្រុមអាជីវករមិនទាន់ដឹងច្បាស់លាស់នៅឡើយ។
លោកថា ការធ្វើបែបនេះអាជីវករខ្មែរនឹងខាតបង់ប្រាក់ដើមរាប់ពាន់ដុល្លារ ដែលអាជ្ញាធរនៃប្រទេសទាំងពីរ គប្បីទុកពេលពី ៣ ទៅ ៦ខែឲ្យអាជីវករលក់បន្ត ហើយបើលក់មិនអស់ចាំយកមកស្រុកខ្មែរវិញ៖ «នៅច្រកផ្លូវជាតិហ្នឹងដាក់កម្លាំងចាំចាប់ទំនិញមួយជាន់ទៀត គេអត់ឲ្យយកទំនិញហ្នឹងចេញពីប្រទេស ហើយចង់កាត់សោយកទំនិញនៅផ្សាររ៉ុងក្លឿ។ សំណូមពរថា ឲ្យមានការចរចាគ្នាពន្យារពេលលក់ ឬខ្មែរយកអីវ៉ាន់ទៅផ្ទះវិញតាមរបៀបណាមួយ កុំឲ្យមានប្រើអំពើហិង្សាមកកាត់សោ បើសិនជាមានការកាត់សោអ៊ីចឹង អាជីវករទាំងអស់សុំបិទផ្លូវច្រកប៉ោយប៉ែត វិញម្ដង»។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសដដែលឲ្យដឹងថា អាជ្ញាធរ និងអគ្គកុងស៊ុលកម្ពុជា អំពាវនាវដល់អាជីវករខ្មែរឈប់លក់ដូរទំនិញកម្មសិទ្ធិបញ្ញា ឬបន្លំម៉ាកយីហោ ហើយសុំឲ្យអាជីវករយកទំនិញទាំងអស់នោះមករក្សាទុកនៅក្នុងទឹកដីកម្ពុជា វិញ ដើម្បីឲ្យស្របទៅតាមការកំណត់របស់អាជ្ញាធរថៃ។ សេចក្ដីជូនដំណឹងមិនបានបញ្ជាក់ពីរយៈពេលនៃការផ្អាកចុះត្រួតពិនិត្យទំនិញពីសំណាក់អាជ្ញាធរថៃ នោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដែលចុះដោះស្រាយបញ្ហានេះ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី៥ ខែមីនា ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
អាជ្ញាធរមានសមត្ថកិច្ចថៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទំនិញលួចកម្មសិទ្ធិបញ្ញា ឬបន្លំម៉ាកយីហោ នៅផ្សាររ៉ុងក្លឿ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦។ នៅអំឡុងពេល នៃការចុះត្រួតពិនិត្យនោះ ក្រុមអាជីវករបានប៉ះទង្គិចជាមួយសមត្ថកិច្ចថៃ មួយប្រាវបណ្ដាលឲ្យឡាន ១គ្រឿងខ្ទេច ដោយសារអាជីវករព្រួតគ្នាវាយ។ ក្រោយមកអាជីវករពីរនាក់ ត្រូវតម្រួតថៃ ចាប់បញ្ជូនទៅវិនិច្ឆ័យទោសនៅតុលាការ។
អាជីវករឲ្យដឹងថា បច្ចុប្បន្នតូបលក់ដូរប្រមាណ ៨០ភាគរយនៅក្នុងផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ នៅបន្តបិទទ្វារលក់ដូរបណ្ដោះអាសន្ននៅឡើយ ព្រោះខ្លាចសមត្ថកិច្ចថៃ ចាប់យកទំនិញរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
