លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំវេទិកាពិភាក្សាស្ដីអំពី សមាជិកភាព និងគោលការណ៍ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងអង្គការតំណាងប្រជាជាតិ គ្មានអ្នកតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៤។
តំណាងលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោមលោក សឺន ជុំជួន មានប្រសាសន៍ថា វេទិកាសាធារណៈនេះមានបំណង ផ្សព្វផ្សាយឲ្យពលរដ្ឋទូទៅបានដឹង អំពីគោលការណ៍សំខាន់ៗ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងធ្វើ និងដើម្បីបង្ហាញអំពីសកម្មភាពដែលអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាកំពុងអនុវត្ត ព្រមទាំងបញ្ហាប្រឈមផ្សេងៗរបស់ខ្មែរក្រោម៖ «យើងមានការថ្លែងអំពីគោលការណ៍របស់សហព័ន្ធដែលបានចូលជាសមាជិកភាព របស់អង្គការ UNPO ហ្នឹងគឺគណៈកម្មការនាយករបស់សហព័ន្ធនៅក្រៅប្រទេស ហើយនៅកម្ពុជាយើងមានវាគ្មិនមួយចំនួនដែរ ទាក់ទងទៅនឹងសកម្មភាពសំខាន់ៗរបស់សហព័ន្ធ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទាក់ទងរឿងជនជាតិដើម ហើយនឹងយើងមានវាគ្មិន ដែលនិយាយអំពី សកម្មភាពសំខាន់ៗរបស់សហព័ន្ធប្រចាំនៅទ្វីបអឺរ៉ុប ក្នុងហ្នឹងជាការទាក់ទង ការងារជាមួយសហគមន៍អឺរ៉ុប ជាមួយអង្គការ យូ.អិន.ភី.អូ ជាពិសេសជាមួយអង្គការសហប្រជាជាតិ។
វេទិកាសាធារណៈនេះ នឹងរៀបចំឡើងនៅទីស្នាក់ការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិ មនុស្សនិងអភិវឌ្ឍន៍ នៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីម៉ោង៧ ព្រឹកដល់១២ថ្ងៃត្រង់ ដោយមានព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមប្រមាណ១រយនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
