បាតុកម្មទាមទារឲ្យវៀតណាម សុំទោសជាសាធារណៈនៅលើកទី៣ នៅថ្ងៃទី១៣ ខែសីហា នេះ សម្រេចផ្អាកបណ្ដោះអាសន្នហើយ។ តំណាងក្រុមបាតុករបញ្ជាក់ថា ការផ្អាកធ្វើបាតុកម្មបណ្ដោះអាសន្ននេះ គឺដើម្បីយកកម្លាំងត្រិះរិះពិចារណារកមធ្យោបាយផ្សេងៗ ដើម្បីដាក់គំនាបឲ្យស្ថានទូតវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រខ្មែរ។
បាតុកម្មនៅថ្ងៃទី១៣ ខែសីហា បិទបញ្ចប់បណ្ដោះអាសន្ន ដោយបាតុកររួមគ្នាច្រៀងចម្រៀងបីបទ។ បទចម្រៀងដំបូងមានចំណងជើងថា នែអាយួន និពន្ធទំនុកច្រៀងថ្មី។ បទនេះរិះគន់វៀតណាម ថាមានបំណងបំភ្លៃប្រវត្តិសាស្ត្រ ហើយទាមទារឲ្យវៀតណាម សុំអភ័យទោស។ បទទី២ ជាបទចម្រៀងរបស់គណបក្សប្រឆាំង ដែលយុវជនតែងលើកយកមកច្រៀងក្នុងពេលជួបជុំគ្នា។ បទនោះមានចំណងជើងថា ជនជាតិខ្មែរ។ បន្ទាប់មក បាតុករក៏ច្រៀងបទ ពង្សាវតារខ្មែរ ដើម្បីពង្រឹងកម្លាំងសាមគ្គីភាព៖ «សំឡេង»។
បន្ទាប់ពីច្រៀងចប់ ក្រុមបាតុករក៏សម្រេចផ្អាកបាតុកម្ម ហើយប្រកាសអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលអនុញ្ញាតឲ្យធ្វើបាតុកម្ម អរគុណកងកម្លាំងប្រដាប់អាវុធ ព្រមទាំងស្នើឲ្យពលរដ្ឋខ្មែរទាំងអស់ ឈប់ប្រើទំនិញវៀតណាម។
តំណាងក្រុមបាតុករ លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី ថា បាតុកម្មនេះនឹងកើតឡើងជាលើកទី៤ ទៀត ហើយអាចនឹងមានរូបភាពកាន់តែប្លែក។ លោកបន្តថា បាតុករមិនទាន់ទទួលដំណឹងពីស្ថានទូតប្រទេសមហាអំណាចទាំង៥ និងសហគមន៍អឺរ៉ុប ដែលបាតុករបានដាក់ញត្តិស្នើសុំអន្តរាគមន៍នៅឡើយទេ។ ប៉ុន្តែ លោកនឹងតាមដាន ដើម្បីស្នើសុំអន្តរាគមន៍លើបញ្ហានេះ។ លោក ថាច់ សេដ្ឋា ក៏ស្នើឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន ប្រាប់ឲ្យវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រខ្មែរនៅពេលដែលប្រធានរដ្ឋសភារូបនេះ ទៅទស្សនកិច្ចនៅប្រទេសវៀតណាម នៅថ្ងៃទី១៨ ខែសីហា ខាងមុខ៖ «សំឡេង»។
ក្រុមបាតុកម្ម ប្រឆាំងនឹងសម្ដីអ្នកនាំពាក្យស្ថានទូតវៀតណាម ចាប់ផ្ដើមនៅវេលាម៉ោងជាង ៧ព្រឹក។ បាតុករចែកចេញជាពីរផ្លូវ ម្ខាងនៅចាំនៅខាងមុខស្ថានទូតវៀតណាម និងម្ខាងទៀតជួបជុំនៅទីលានប្រជាធិបតេយ្យ។ អ្នកដែលនៅទីលានប្រជាធិបតេយ្យ ជាក្រុមយុវជន ព្រះសង្ឃ និងពលរដ្ឋ ដែលហែក្បួនដាក់ញត្តិតាមបណ្ដាស្ថានទូតមួយចំនួន ដូចជា ស្ថានទូតសិង្ហបុរី ស្ថានទូតម៉ាឡេស៊ី និងស្ថានទូតថៃ។ ស្ថានទូតទាំងអស់សុទ្ធតែចាត់តំណាងឲ្យចេញមកទទួលញត្តិពីបាតុករ លើកលែងតែស្ថានទូតថៃ មួយគត់ ដែលមិនចង់ទទួលញត្តិ។ មន្ត្រីស្ថានទូតថៃ ដែលចេញមកជួបបាតុករ បដិសេធមិនប្រាប់អត្តសញ្ញាណរបស់ខ្លួន បន្ទាប់មកបាតុករក៏មិនដាក់ ក៏យកញត្តិចេញវិញ។ លោក ថាច់ សេដ្ឋ លើកឡើងថា ថៃ និងវៀតណាម មានបំណងលេបត្របាក់ទឹកដីកម្ពុជាដូចគ្នា៖ «សំឡេង»។
បាតុកម្មលើកនេះ មានមនុស្សចូលរួមប្រមាណជិត ១ពាន់នាក់។ បាតុករស្រែកច្រៀងថ្លែងសារនយោបាយ សមាធិ ហើយព្រះសង្ឃសូត្រធម៌ជយន្តោ លើករាសីឲ្យបាតុករថែមទៀត។ លើសពីនោះ ក៏មានយុវជនខ្លះឡើងអានសៀវភៅប្រវត្តិសាស្ត្រ និងមានអ្នកចេញពន្យល់បកស្រាយពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោមផងដែរ។ ទន្ទឹមនឹងនោះ ក៏មានសប្បុរសជនជាច្រើន ផ្តល់ចំណីអាហារបាយទឹក នំនែក រហូតដល់ទិញមួកស្លឹកត្នោតចែកឲ្យបាតុករទៀត។ ប៉ុន្តែអ្នកចូលរួមបាតុកម្មទាំងអស់ មានជំហរមិនដូចគ្នាទេ។ អ្នកខ្លះមិនត្រឹមតែចង់ឲ្យវៀតណាម សុំទោសជាសាធារណៈទេ តែពួកគេចង់ឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំយន្តការច្បាប់ទាមទារទឹកដីកម្ពុជាក្រោមពីវៀតណាម មកវិញ។
បាតុករមកពីខេត្តកំពង់ស្ពឺ ម្នាក់ និយាយថា ពួកគាត់រៀបចំខ្លួនមកធ្វើបាតុកម្ម គឺចង់ដេញជនជាតិវៀតណាម ខុសច្បាប់ចេញពីស្រុក និងចង់បានទឹកដីមកវិញ៖ «សំឡេង»។
ទោះជាបែបណាក្តី ប្រទេសកម្ពុជា និងវៀតណាម បានសម្រេចបោះបង្គោលព្រំដែនគោលជិតរួចរាល់ហើយ។ កម្ពុជា និងវៀតណាម ថែមទាំងចុះសន្ធិសញ្ញាបំពេញបន្ថែមជាមួយគ្នា កាលពីឆ្នាំ២០០៥ ហើយសន្ធិសញ្ញានេះ ត្រូវបានសង្គមស៊ីវិលពិពណ៌នាថា ធ្វើឲ្យបាត់បង់កោះត្រល់ខ្មែរទៅឲ្យវៀតណាម។
ក្រុមបាតុករមួយចំនួន ចង់ឲ្យទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១៨ ខែសីហា ខាងមុខនោះ នាំយកក្តីកង្វល់របស់ពលរដ្ឋកម្ពុជា ជជែកដោយស្មើមុខជាមួយភាគីបរទេស ពិសេសទាមទារឲ្យមេដឹកនាំវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។