ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ បានប្រព្រឹត្តទៅតាមការគ្រោងទុក ក្រោមព្រះរាជអធិបតីភាពព្រះករុណាសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះរាជអគ្គមហេសី មុន្នីនាថ សីហនុ។
ប្រមុខរដ្ឋាភិបាល មន្ត្រីក្រមការគ្រប់ថ្នាក់ រួមនឹងគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានព្រះបរមរាជវាំងអញ្ជើញឲ្យចូលរួមក្នុងពិធីនេះដែរ។ ចំណែកប្រជាពលរដ្ឋទូទៅ គ្រោងនឹងបើកឲ្យចូលគោរពព្រះវិញ្ញាណក្ខន្ធនៅថ្ងៃសៅរ៍ ទី១២ កក្កដា ស្អែកនេះ។
ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ សម្ដេចព្រះ នរោត្តម សីហនុ ប្រារព្ធឡើងនៅវេលាម៉ោងប្រមាណ ៧ព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា។
ព្រះបរមអដ្ឋិ បានដង្ហែចេញពីមហាប្រាសាទទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង តាមព្រះសាលៀងបុស្បុក ដោយមានអ្នកសែង ២៦នាក់ដើរចេញសន្សឹមៗ អមដោយភ្លេងក្លងឆ្នៈ ក្លងខែក និងភ្លេងពិណពាទ្យ ដោយចេញតាមខ្លោងទ្វារជ័យ។
«ភ្លេង»
ចំណែកនៅខាងក្រៅវិញ មានរៀបចំក្បួនដង្ហែយ៉ាងអធិកអធមតាមទំនៀមពីបុរាណតរៀងមក ដែលមានចំនួនមនុស្សក្នុងពិធីនោះជាង ២ពាន់នាក់។ ចំណែកអ្នកចូលរួមជាកិត្តិយសមាន ព្រះសង្ឃ ដូនជី មន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋជាច្រើនពាន់នាក់ផ្សេងទៀត។
នៅពេលចេញមកដល់ខាងក្រៅទ្វារជ័យគងជ័យ និងស្គរជ័យចាប់ផ្ដើមទូងបញ្ចេញសំឡេងឡើងយ៉ាងកងរំពង ព្រមគ្នានឹងការបាញ់កាំភ្លើងធំចំនួន ១០១ណាត់ផង ជាការហែហមព្រះរាជពិធីនេះ។
«សំឡេង»
ក្រុមអាចារ្យវាំង ក្រុមបាគូ ធ្វើពិធីផ្ទេរព្រះបរមអដ្ឋិ ពីព្រះសាលៀងបុស្បុកឡើងទៅព្រះទីនាំងរាជរដ្ឋបុស្បុក ដែលរចនាជារូបគុជសីពណ៌មាសយ៉ាងល្អប្រណិត ដែលមានប្រវែង ១២ម៉ែត្រ។ ព្រះមហាក្សត្រ និងសម្ដេចព្រះវរាជមាតាមុន្នីនាថ សីហនុ នៅគង់ឈរទតមើលពិធីនេះ រហូតក្បួនដង្ហែចេញនៅម៉ោងប្រមាណ៧ និង ៣០នាទីព្រឹក ដោយព្រះភ័ក្ដ្រស្រពាប់ស្រពោន។
ក្បួននេះនាំមុខដោយកងកិត្តិយស និងព្រះទីនាំងរាជសីហ៍ដ៏ធំ ដែលមានតាំងរូបព្រះឆាយាល័ក្ខណ៍របស់ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ នៅលើនោះ ដោយចេញតាមផ្លូវសុធារស ទៅជើង រហូតដល់ផ្លូវព្រះធម្មលិខិតអ៊ុក ជាប់ព្រះបរមរាជវាំង ឆ្ពោះទៅវិមានឯករាជ្យ និងកន្លែងតាំងព្រះបរមរូប ដើម្បីធ្វើពិធីបង្សុកូល ដោយមានព្រះសង្ឃប្រមាណ ៩០អង្គនៅទីនោះ រួចទើបបន្តមកតាមផ្លូវសុធារស ពីត្បូងមកជើង រហូតដល់ព្រះបរមរាជវាំងវិញ។
ព្រះមហាក្សត្រ និងព្រះវរាជមាតាគង់ចាំក្បួនត្រឡប់មកវិញនៅម៉ោងប្រមាណ១០ និង ៣០នាទី នៅព្រះពន្លាជ័យដែលសង់នៅមុខព្រះបរមរាជវាំង និងបានយាងចូលរួមដង្ហែព្រះបរមអដ្ឋិ ចូលទៅតម្កល់នៅព្រះវិហារព្រះកែវមរកត។
នៅមុនព្រះរាជពិធីចាប់ផ្ដើមនៅព្រឹកព្រលឹមថ្ងៃដដែលនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានប្រកាសហេតុ និងថ្វាយព័ត៌មានស្ដីពីការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ យាងព្រះទីនាំងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង ទៅតម្កល់នៅលើកំពូលប្រាង្គព្រះចេតិយគន្ធបុប្ផា៖ «ជាព្រះរាជឋានប្រកបដោយព្រះបរមសុខដ៏ក្សេមក្សាន្ត...»។
ព្រះចេតិយនេះស្ថិតក្នុងបរិវេណឧបោសថរតនារាមព្រះកែវមរកត ទៅតាមព្រះរាជបណ្ដាំចុងក្រោយរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ កាលពីដើមខែមករា ឆ្នាំ២០១២។
សម្រាប់កម្មវិធីថ្ងៃទី៣ ជាថ្ងៃបញ្ចប់ព្រះរាជពិធី ប្រធាននាយកដ្ឋានកងអង្គរក្ស លោក ទូច ណារ៉ុថ បានឲ្យដឹងថា ព្រះបរមរាជវាំងគ្រោងនឹងបើកទូលាយឲ្យប្រជាពលរដ្ឋទូទៅ បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅថ្ងៃសៅរ៍ ទី១២ កក្កដា៖ «សំឡេង»។
លោកអោយដឹងទៀតថា នៅថ្ងៃបញ្ចប់ព្រះរាជពិធី ជាពិសេសនៅពេលព្រឹក នៅពេលយាងព្រះអដ្ឋិទៅតម្កល់នៅព្រះចេតិយគន្ធបុប្ផា នោះ នឹងមានបាញ់កាំភ្លើង ១០១ណាត់ទៀត និងមានព្រះរាជពិធីតាមសាសនាទំនៀមទម្លាប់ព្រះបរមរាជវាំងជាច្រើនទៀតជាកិច្ចបញ្ចប់បុណ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
