ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះវររាជព្រះមាតាជាតិខ្មែរ សម្ដេចព្រះមហាក្សត្រី មុនីនាថ សីហនុ នៅព្រឹកថ្ងៃទី៦ សីហា យាងកាត់ខ្សែបូសម្ពោធអគារព្យាបាលជំងឺសាងសង់ថ្មីមួយនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អគារថ្មីដែលព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជព្រះមាតាជាតិខ្មែរ យាងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាអគារនៃមណ្ឌលថែទាំ និងព្យាបាលមនុស្សចាស់ជរាលើកទីមួយនៅប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងថា ការសាងសង់អគារនៃមណ្ឌលព្យាបាលមនុស្សចាស់ព្រះសីហនុរាជ គឺជាការផ្ដួចផ្ដើមរបស់សម្ដេចព្រះមហាក្សត្រី មុនីនាថ សីហនុ ព្រះវររាជព្រះមាតាជាតិខ្មែរ ហើយបានសាងសង់អស់ទឹកប្រាក់ជិត ៣លានដុល្លារសហរដ្ឋអាមេរិក។
សម្ដេចព្រះមហាក្សត្រី មុនីនាថ សីហនុ ទ្រង់មានព្រះសវនីយ៍ថា ថវិកាទាំងនេះបានមកពីព្រះមហាក្សត្រ ប្រមុខរដ្ឋាភិបាល និងសប្បុរសជននានា៖ «ថវិកាដែលបានចំណាយលើការសាងសង់អគារព្យាបាលមនុស្សចាស់នេះ បានមកពីព្រះមហាក្សត្រ និងដង្វាយរបស់សប្បុរសជនជាតិ និងអន្តរជាតិ ដែលបានចូលជាវិភាគទានក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ព្រះករុណាព្រះនរោត្ដម សីហនុ ព្រះករុណាព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅពេលកន្លងទៅ និងបន្តបន្ទាប់ ជាពិសេស សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថម្ភថវិកាយ៉ាងច្រើន អាចឲ្យការសាងសង់អគារនេះមានដំណើរការទាន់ពេលវេលា»។
ទន្ទឹមគ្នានឹងគោលបំណងសម្រាប់ថែទាំព្យាបាលជំងឺមនុស្សចាស់ អគារនេះត្រូវបានប្រសិទ្ធិនាមថា អគារនៃមណ្ឌលព្យាបាលមនុស្សចាស់ព្រះសីហនុរាជ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីជាការរំឭកដល់ព្រះករុណាមហាវីរក្សត្រ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលមន្ទីរពេទ្យនេះជាសមិទ្ធផលនៃស្នាព្រះហស្តរបស់ព្រះអង្គនៅឆ្នាំ១៩៦០។ សម្ដេចព្រះមហាក្សត្រី ចាត់ទុកមណ្ឌលនេះថាអាចជួយសម្រាលទុកលំបាករបស់ប្រជារាស្ត្រផង និងជាការអភិវឌ្ឍវិស័យសុខាភិបាលផង។
រដ្ឋមន្ត្រីអមក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា អគារមណ្ឌលព្យាបាលមនុស្សចាស់ដែលមានកម្ពស់ ៤ជាន់នេះ ជាកន្លែងបណ្ដុះបណ្ដាលឯកទេសថ្មីក្នុងការថែទាំព្យាបាលមនុស្សចាស់។
ទេសរដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ដែលទទួលបន្ទុកសាងសង់ បញ្ជាក់ថា អគារនេះបំពាក់ដោយឧបករណ៍ទំនើប៖ «គ្រប់គ្រែទាំងអស់របស់អ្នកជំងឺ សុទ្ធតែមានបំពាក់ដោយប្រព័ន្ធអុកស៊ីហ្សែន ប្រព័ន្ធខ្យល់ និងប្រព័ន្ធបឺតបំពង់ដង្ហើម ប្រព័ន្ធហៅជំនួយ និងទូដាក់សម្ភារៈ»។
ទន្ទឹមគ្នានោះដែរ មន្ត្រីផ្ដល់សេវាថែទាំមនុស្សចាស់តាមសហគមន៍ នៃអង្គការធម្មយាត្រាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រំពឹងថា មណ្ឌលថែទាំមនុស្សចាស់ដែលទើបសម្ពោធនេះ គឺជាការចាប់ផ្ដើមរបស់ថ្នាក់ជាតិ ក្នុងការជួយដល់មនុស្សចាស់៖ «មណ្ឌលថែទាំមួយជាថ្នាក់ជាតិរបស់ហ្នឹង គឺខ្ញុំសប្បាយចិត្តមែនទែននោះណា ព្រោះខ្ញុំគិតថា ប្រហែលជារដ្ឋាភិបាលចាប់ពីថ្ងៃហ្នឹងទៅ គាត់អភិវឌ្ឍនូវសេវាថែទាំមនុស្សចាស់ហ្នឹង ហើយយកចិត្តទុកដាក់ទៅលើមនុស្សចាស់រឹតតែខ្លាំងជាងបច្ចុប្បន្នទៀត នេះជាគំនិតរបស់ខ្ញុំ»។
ទោះជាយ៉ាងនេះក្ដី ទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងនាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មិនបានបញ្ជាក់ឲ្យដឹងនៅឡើយទេថា មណ្ឌលថែទាំព្យាបាលមនុស្សចាស់នេះ មានគ្រូពេទ្យជំនាញឯកទេសខ្មែរ និងបរទេសប៉ុន្មាននាក់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
