ពលរដ្ឋ​នៅ​ព្រំដែន​ជ្រៃធំ​ត្អូញត្អែរ​ថា​ជនជាតិ​វៀតណាម​ចូល​មក​ដណ្ដើម​ការងារ​ធ្វើ

ពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល រិះគន់​អាជ្ញាធរ​ថា​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​ដណ្ដើម​ការងារ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ។ សកម្មភាព​នេះ ពួក​គាត់​អះអាង​ថា បាន​កើត​ឡើង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​កំពុង​តែ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ការ​ចោទ​ថា​ជនជាតិ​វៀតណាម ចូល​មក​ធ្វើ​ការ​ច្រើន​នៅ​ក្នុង​ទឹក​ដី​ស្រុក​កោះធំ នោះ ត្រូវ​បាន​មេ​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រាន​ចោល។
ដោយ អ៊ុក សាវបូរី
2014.01.29

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ជ្រៃធំ ខេត្ត​កណ្ដាល អះអាង​ថា បាន​បាត់​បង់​ការងារ​ជា​កម្មករ​លី​សែង​ឥវ៉ាន់ ដោយសារ​កម្មករ​វៀតណាម សម្រុក​ចូល​មក​ធ្វើ​ការ​តាម​ឃ្លាំង​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ដោយ​សេរី។

បុរស​អាយុ ២៧​ឆ្នាំ ឈ្មោះ បញ្ញា នៅ​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤ ថា ជនជាតិ​វៀតណាម ចូល​មក​ដណ្ដើម​ការងារ​ពី​ពលរដ្ឋ​ខ្មែរ​បាន​កើន​ឡើង ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​សម្ពោធ​ការដ្ឋាន​សង់​ស្ពាន​ជ្រៃធំ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា។ លោក​ថា ឪពុក​ម្តាយ​គាត់​ក្រ គាត់​រៀន​បាន​តិចតួច។ នៅ​ពេល​មាន​គ្រួសារ គាត់​នៅ​តែ​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ។ ចំណែក​ឪពុក​ម្តាយ​គាត់ ដី​កសិកម្ម​មាន​តិច មិន​អាច​ចែក​ដី​ឲ្យ​កូន​ធ្វើ​ស្រែ​ដាច់​ដោយ​ឡែក​បាន។ បញ្ហា​នេះ ធ្វើ​ឲ្យ​គាត់​ចាប់​យក​មុខ​របរ​ស៊ី​ឈ្នួល​លី​បាវ​ស្ករ បាវ​ជី ដាក់​ទូក ដឹក​យក​ទៅ​វៀតណាម ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ។ ប៉ុន្តែ កម្រៃ​នោះ​មិន​បាន​រាល់​ថ្ងៃ​ទេ ដោយសារ​តែ​កម្មករ​វៀតណាម សម្រុក​ចូល​មក​ធ្វើ​ការ​តាម​ឃ្លាំង​ច្រើន​ពេក។

លោក បញ្ញា៖ «មាន​ជនជាតិ​វៀតណាម មក​ធ្វើ​ការងារ​នៅ​ស្រុក​ខ្មែរ​យើង​ច្រើន​ណាស់ ភ្លូក​ទឹក ភ្លូក​ដី​តែ​ម្តង ចាប់​ពី​ពេល​ដែល​សម្ដេច ហ៊ុន សែន មក​សម្ពោធ​នៅ​ឆ្នេរ​ក្បាល​ជ្រោយ នៅ​កន្លែង​ជ្រៃធំ ហ្នឹង ចាប់​ពី​គាត់​មក​ហើយ ជនជាតិ​វៀតណាម ឡើង​មក​ធ្វើ​ការ​ច្រើន​មែន​ទែន។ ខ្ញុំ​បើ​ថា​រាប់ គឺ​រាប់​អត់​អស់​ទេ ដែល​មក​ធ្វើ​ការ​ភ្លូក​ទឹក​ភ្លូក​ដី​ហ្នឹង​នោះ។ រាល់​ថ្ងៃ​ស្រុក​ខ្ញុំ​នេះ បើ​ថា​ការងារ​មាន​តែ​ការងារ ធ្វើ​ជា​កម្មករ​លី​សែង​ឲ្យ​គេ​ទេ គេ​គិត​បាវ ក្នុង​មួយ​បាវ ៣០០​រៀល តែ​គ្រាន់​តែ​ថា ឃ្លាំង​ពួក​ខ្ញុំ​សម្រាប់​តែ​ខ្មែរ​សុទ្ធ​អ៊ីចឹង ពួក​វៀតណាម នៅ​ក្រោម​ហ្នឹង គេ​តែង​តែ​បន្ថុច​បង្អាក់​ខ្លាំង ដូច​ថា​ការងារ ដឹក​ជា​ប្រចាំ​អ៊ីចឹង ២​ថ្ងៃ​អី​បាន​ឲ្យ​ដឹក​ម្តង ព្រោះ​អី​គេ​សម្រាប់​ឲ្យ​តែ​ឃ្លាំង​ណា​ដែល​មាន​កម្មករ​យួន គេ​ឲ្យ​ដឹក​ជា​ប្រចាំ​រាល់​ថ្ងៃ​តែ​ម្តង»

បុរស​អាយុ ៤៥​ឆ្នាំ ឈ្មោះ ប៊ុន តន ថ្លែង​ថា ក្នុង​ឃុំ​សំពៅពូន គេ​អាច​រក​ប្រាក់​ចំណូល​បាន ដូច​ជា នេសាទ ធ្វើ​ស្រែ និង​លី​សែង​ទំនិញ​ចុះ​ទូក​ទៅ​វៀតណាម។ ប៉ុន្តែ យុវជន​នៅ​ភូមិ​ព្រែកសឹង្ហ ព្រែកស្បូវ កោះទាវ ជាដើម បែរ​ជា​ចំណាក​ស្រុក​ស្ទើរ​តែ​អស់ ព្រោះ​តែ​វៀតណាម ចូល​មក​ដណ្ដើម​ការងារ។ លោក​ថា ឈ្មួញ​វៀតណាម អាច​សម្រេច​តម្លៃ​ស្រូវ​ឲ្យ​ចុះ​ថោក ដែល​មិន​អាច​សង​ថ្លៃ​ជី​កសិកម្ម​វិញ​បាន។ ទី​២ វៀតណាម ចូល​មក​ដណ្ដើម​នេសាទ​ចាប់​យក​ត្រី​តូច​ធំ​អស់​ពី​ឡូ​នេសាទ ដោយ​គេ​ចេះ​ប្រើ​ស្បៃ​មុង។ ទី​៣ ឃ្លាំង​ស្តុក​ឥវ៉ាន់​មាន​ជាង ៣០​ឃ្លាំង​នៅ​ជ្រៃធំ គួរ​តែ​សម្បូរ​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើ។ ប៉ុន្តែ កម្មករ​ខ្មែរ​មិន​អាច​សុំ​ធ្វើ​ការ​បាន ព្រោះ​ម្ចាស់​ឃ្លាំង​ជា​ជនជាតិ​វៀតណាម គេ​ប្រើ​មេការ​វៀតណាម ឲ្យ​ប្រើ​កម្មករ​វៀតណាម លី​ឥវ៉ាន់​ដឹក​ទៅ​វៀតណាម ទៀត។

លោក​ថា កម្មករ​ខ្មែរ​អាច​ធ្វើ​ការ​លី​សែង​បាន​តែ​ឃ្លាំង​២ ដែល​ម្ចាស់​ឃ្លាំង​ជា​ខ្មែរ ក្នុង​ចំណោម​ឃ្លាំង​ជាង ៣០​នោះ។ កម្មករ​ខ្មែរ​អាច​លី​ឥវ៉ាន់​ពី​ឡាន​ដឹក​ស្ករ​ពី​ថៃ មក​ចូល​ឃ្លាំង​ខ្មែរ​ប៉ុណ្ណោះ។ ការងារ​លី​សែង​នោះ ដណ្ដើម​គ្នា​ទៀត ព្រោះ​ឥវ៉ាន់​មាន​តិច ឯ​អ្នក​ស្វែង​រក​ការងារ​ធ្វើ​មាន​ច្រើន មក​សុំ​លី​ឥវ៉ាន់​នោះ។ លោក​ថា ឃ្លាំង​ក្រៅ​ពី​នោះ​ជាង ៣០​ទៀត វៀតណាម គេ​យក​កម្មករ​គេ​មក​ធ្វើ។ លោក​បញ្ជាក់​ថា កម្មករ​វៀតណាម បាន​ចូល​មក​លី​សែង​ច្រើន​បាន​កើន​ចំនួន​កម្មករ ក្រោយ​ពី លោក ហ៊ុន សែន ទៅ​សម្ពោធ​ការដ្ឋាន​សង់​ស្ពាន​ជ្រៃធំ សូម្បី​តែ​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន និង​វៀតណាម ទៅ​ហើយ ក៏​កម្មករ​វៀតណាម មិន​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ​ដែរ។

លោក ប៊ុន តន៖ «រឿង​រដ្ឋាភិបាល​គេ​មិន​ដែល​គិត​ពី​បញ្ហា​ជីវភាព​ប្រជាពលរដ្ឋ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​ក្រ​យ៉ាង​ម៉េច​ក្រ​ទៅ តែ​យួន អន្តោប្រវេសន៍​ចូល​មក គេ​មិន​ដែល​គិតគូរ​ពី​រឿង​ច្បាប់​ទម្លាប់​អី​ត្រឹមត្រូវ​ទេ គេ​គ្រាន់​តែ​ឲ្យ​បង់​លុយ​ឲ្យ​គេ​ទៅ គេ​ឡើង​មក​ធ្វើ​អ៊ីចឹង​ទៅ​ហ្នឹង​ហើយ​ដែល​ថា រដ្ឋាភិបាល​ខ្មែរ​ក្រោម​ការ​គ្រប់គ្រង​របស់​យួន ក្រោម​អំណាច​របស់​យួន គឺ​វា​អ៊ីចឹង»

ប្រជាពលរដ្ឋ​ឃុំ​សំពៅពូន លោក ងិន ផេង អាយុ ៥០​ឆ្នាំ ថ្លែង​ថា កម្មករ​វៀតណាម ចូល​មក​ទឹក​ដី​ខ្មែរ​មក​ដណ្ដើម​ការងារ​កម្មករ​ខ្មែរ ធ្វើ​ឲ្យ​ជនជាតិ​ខ្មែរ​បាត់​ចំណូល គឺ​ព្រោះ​តែ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ មិន​ទាន់​ត្រូវរ៉ូវ​គ្នា អាច​បញ្ចប់​ជម្លោះ​នយោបាយ​បាន។ លោក​បន្ត​ថា ដោយសារ​បញ្ហា​នេះ បច្ចុប្បន្ន​ជនជាតិ​វៀតណាម ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ធ្វើ​អី​ស្រេច​ចិត្ត គ្មាន​ប៉ូលិស​អន្តោប្រវេសន៍ និង​អាជ្ញាធរ​ភូមិ ឃុំ ចាប់ និង​ឆែក​រក​លិខិត​ស្នាម​ពី​ជនជាតិ​វៀតណាម ដែល​ចូល​មក​ស្រុក​ខ្មែរ​នោះ​ទេ។

លោក ងិន ផេង៖ «ឥឡូវ​ហ្នឹង​អស់​ការងារ​ធ្វើ​ហើយ បើ​យើង​ចង់​ធ្វើ ទាល់​តែ​សួរ​មេការ​វៀតណាម ទៀត។ វៀតណាម ហ្នឹង​ឥឡូវ​គេ​មក​ដណ្ដើម​ការងារ​យើង​ធ្វើ ហើយ​គេ​ធ្វើ​មេការ​យើង​ទៀត បើ​យើង​ចង់​បាន​ការងារ​ធ្វើ ទាល់​តែ​ស្គាល់​គេ បើ​គេ​ឲ្យ​ការ​ធ្វើ ធ្វើ បើ​អត់​បាន​ធ្វើ គឺ​អត់​ទេ។ បើ​និយាយ​ទូទៅ​ហើយ ក្នុង​ឃុំ​សំពៅពូន មាន​ភូមិ​លេខ​៧ ហ្នឹង ឃ្លាំង​ចូល​២០ ទៅ ៣០​ឃ្លាំង​ហ្នឹង គឺ​មាន​តែ​ឃ្លាំង ២​ទេ ដែល​អត់​មាន​វៀតណាម ធ្វើ​មាន​ឃ្លាំង សុង ពៅ មួយ ហើយ​និង សាន ធី មួយ​ទេ ក្រៅ​ពី​ហ្នឹង សុទ្ធ​តែ​វៀតណាម ទាំងអស់ មក​លី​ស្ករ លី​ជី មក​លី​ម្សៅ​ស ឡើង​ទៅ​ភ្នំពេញ​វិញ សាឡង់​មក​ចត​នៅ​កន្លែង​ឧកញ៉ា សីហា ហ្នឹង ប៉ុន្មាន​ថ្ងៃ​ហ្នឹង​គគ្រឹកគគ្រេង​ណាស់​ម៉ូតូ​រាប់​សិប​ម៉ូតូ​តែ​ហ្មង។ ហើយ​ខ្ញុំ​ឆ្ងល់​ច្បាប់​ខ្មែរ​អី ក៏​ធូរ​រលុង​ម្ល៉េះ បើ​ខ្មែរ​ទៅ​ស្រុក​គេ​ម៉េច​ក៏​គេ​ឆែក​រក​សំបុត្រ​ស្នាម»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​សំពៅពូន លោក អ៊ុក ស្រ៊ន ថ្លែង​ថា ការ​លី​សែន​ឥវ៉ាន់​ដាក់​ឡាន គឺ​ត្រូវ​ការ​ធ្វើ​ឲ្យ​ទាន់​ពេល។ បើ​កម្មករ​ណា​ធ្វើ​ការ​យឺត គេ​យក​អ្នក​ថ្មី​មក​ធ្វើ​ការ​ជំនួស ព្រោះ​ឈ្មួញ​គេ​ត្រូវ​ការ​ដឹក​ជញ្ជូន​ឥវ៉ាន់​ឲ្យ​ទាន់​តម្រូវ​ការ។ លោក​ច្រាន​ចោល​ការ​ចោទ​ថា មាន​កម្មករ​វៀតណាម ចូល​មក​ដណ្ដើម​ការងារ​ធ្វើ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ៖ «យើង​ក៏​មិន​ត្រូវ​ដល់​ថ្នាក់​អី​បោះ​បង់​យុវជន​របស់​ឯង ទៅ​យក​យុវជន​គេ​មក​ធ្វើ​ការងារ​ដែរ អ៊ីចឹង​មាន​កិច្ច​ការងារ​ឲ្យ​គាត់​មក​ជួប​ខ្ញុំ»

ប្រជាពលរដ្ឋ​ភូមិ​ព្រែកស្បូវ ថ្លែង​ថា យុវជន​នៅ​ស្រុក​កោះធំ ភាគ​ច្រើន​មិន​សូវ​បាន​រៀន​បញ្ចប់​ថ្នាក់​បណ្ឌិត​ទេ ព្រោះ​ឪពុក​ម្តាយ​ជាច្រើន​តែង​ពឹង​លើ​កម្លាំង​កូន គឺ​ឲ្យ​កូន​រៀន​ត្រឹម​តែ​ចេះ​អាន​ល្មមៗ​ឲ្យ​កូន​ធ្វើ​ការ ជួយ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ។ យុវជន​ខ្លះ​ម៉ែ​ឪ​ឆាប់​រៀប​ការ​ឲ្យ​កូន​មាន​គូស្រករ​នៅ​អាយុ​ក្មេង​ពេក ហើយ​មិន​មាន​ដី​ស្រែ​ចម្ការ​ចែក​ឲ្យ ទើប​កូន​ចៅ​ខ្លះ​បែក​រក​មុខ​របរ​លក់​ដូរ។ ខ្លះ​ក៏​រក​ស៊ី​លក់​អន្សម​អាំង ដំឡូង​អាំង ចេក​អាំង ពោត​ស្ងោរ ជាដើម ដែល​ទំនិញ​ទាំង​នោះ​លក់​ដាច់​ម្តង​ម្កាល មិន​សូវ​មាន​គេ​ចូល​ចិត្ត​ទិញ​ជាប់​លាប់​ទេ។ នៅ​ពេល​លក់​យូរៗ​ទៅ​អស់​ដើម​ទុន ក៏​ចាប់​ផ្ដើម​ទៅ​សុំ​ធ្វើ​ការងារ​លី​សែង​តាម​ឃ្លាំង។ នៅ​ពេល​កំពុង​តែ​បាន​ចំណូល​ពី​ពលកម្ម​លី​សែង ក៏​មាន​ជនជាតិ​វៀតណាម មក​ដណ្ដើម​របរ​នោះ​ទៀត។ ពួក​គេ​ក៏​នាំ​គ្នា​ចំណាក​ស្រុក​ខ្លះ​ទៅ​ប្រទេស​ថៃ ខ្លះ​ទៅ​ខេត្ត​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​បាត់​ចំនួន​មនុស្ស​នៅ​ក្នុង​ឃុំ តែ​គេ​បាន​ឃើញ​មនុស្ស ជនជាតិ​ផ្សេង​មក​បំពេញ​កន្លែង​ខ្វះ ដោយ​ការ​ចូល​មក​តាំង​លំនៅ និង​មក​រក​ស៊ី​ជំនួស​ខ្មែរ ដែល​ចេញ​ពី​ស្រុក។

លោក​ថា អ្នក​ចំណាក​ស្រុក​នោះ​ទៀត រង​នូវ​ការ​ឆបោក​ពី​មេ​ខ្យល់ បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​នៅ​មូលដ្ឋាន​ក្រ​បន្ថែម​ទៀត ព្រោះ​ខ្ចី​លុយ​ឲ្យ​កូន​ទៅ​រក​ការងារ​ធ្វើ​ជំពាក់​គេ​គ្មាន​លុយ​សង។ លោក​បន្ទោស​ថា បញ្ហា​ទាំង​នេះ គឺ​ព្រោះ​តែ​រាជ​រដ្ឋាភិបាល​គ្មាន​ជួយ​ជ្រោមជ្រែង​ប្រជាពលរដ្ឋ​ខ្លួន​ឯង មក​ពី​អ្នក​ដឹក​នាំ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គាំទ្រ​វៀតណាម៖ «គេ​ខ្សែ​រយៈ​ទាក់ទង​ទៅ​ខ្សែ​យួន មក​ពេញៗ​ទាំងអស់ ដណ្ដើម​ការងារ​ខ្មែរ​យើង​ធ្វើ​ហ្នឹង ឥឡូវ​ខ្មែរ​យើង​រត់​ទៅ​ថៃ អស់​រលីង​ហើយ​ហ្នឹង»

ជំទប់​ទី​២ ឃុំ​សំពៅពូន លោក កៃ ច្រាយ ថ្លែង​ថា ក្នុង​ភូមិ​ទាំង​១១ នៃ​ឃុំ​សំពៅពូន គឺ​យុវជន​ស្ទើរ​តែ ៨០% បាន​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ​ធ្វើ​ក្រៅ​ភូមិ ព្រោះ​របរ​កសិកម្ម​នេសាទ និង​លី​សែង មិន​អាច​រក​ប្រាក់​ចំណូល​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។