ក្រុម​មគ្គុទ្ទេសក៍​ខ្មែរ​និយាយ​ភាសា​កូរ៉េ ​នៅ​ខេត្ត​សៀមរាប ព្រមានធ្វើកូដកម្ម

ក្រុម​មគ្គុទ្ទេសក៍​ខ្មែរ ដែល​និយាយ​ភាសា​កូរ៉េ ​នៅ​ខេត្ត​សៀមរាប​ កំពុង​ទាមទារ​ឱ្យ​សមាគម​ទី​ភ្នាក់​ងារ​ទេ​សរណ៍​កូរ៉េ ​តម្លើង​ប្រាក់​ថ្លៃ​ឈ្នួល​ដើរ​ជូន​ភ្ញៀវ​ ឱ្យ​បាន​​៣០​ដុល្លារ​អាមេរិក​ក្នុង​១ថ្ងៃ​។​

0:00 / 0:00

ការ​ទាមទារ​នេះ ​ ​​គឺ​ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​ទំនិញ​ទី​ផ្សារ​ដែល​​កាន់​តែ​ឡើង​ថ្លៃ​ខ្ពស់​ និង​ឱ្យ​បាន​ដូច​គ្នា​នឹង​មគ្គុទ្ទេសក៍​ទេ​ស​ចរណ៍​ភាសា​ដទៃ​ទៀត ​ដែល​បាន​ទទួល​ការ​តម្លើង​ប្រាក់​ថ្លៃឈ្នួល​ប្រចាំ​ថ្ងៃ​​នោះ​ដែរ។

សមាគម​មគ្គុទ្ទេស​ក៍ទេសចរណ៍​ខ្មែរ​ ដែល​និយាយ​ភាសា​កូរ៉េ ​បាន​ព្រមាន​ថា៖​ពួកគេ​នឹង​ផ្អាក​ជូន​ភ្ញៀវ​ដើរ​កំសាន្ត​ នៅ​តាម​កន្លែង​រមណីយ​ដ្ឋាន​នានា​ នៅ​ថ្ងៃទី១​ ខែ​មករា​ ឆ្នាំ​២០១៤​ ខាង​មុខ​ ដើម្បី​តវ៉ា​ទារ​ឡើង​ប្រាក់​ថ្លៃ​ឈ្នួល​ ប្រចាំ​ថ្ងៃ ​ប្រសិន​បើ​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​កូរ៉េ ​មិន​យល់​ព្រម​បន្ថែ​ម​ឱ្យ​ដល់​ចំនួន​៣០​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​ទេ​នោះ​។​

ប្រធាន​សមាគម​ទ្រទ្រង់​ក្ដី​សង្ឃឹម​ នៃ​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្មែរ​ និយាយ​ភាសា​កូរ៉េ គឺ​លោក​ប៉ឹក ថុល​។ ​លោក​បាន​មាន​ប្រសាសន៍​ថា៖​លោក​មាន​គំរោង​ជួប​ជជែក​ជាមួយ​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កូរ៉េ​មួយ​ចំនួន​ នៅ​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ខាង​មុខ​ ដើម្បី​សុំ​តម្លើង​ប្រាក់​ថ្លៃ​ឈ្នួល​ជូន​ភ្ញៀវ​ដើរ​កំ​សាន្ត​ប្រចាំ​ថ្ងៃ ​ដល់​ក្រុម​មគ្គុទ្ទេសក៍​ខ្មែរ​។​

លោក​ ប៉ឹក​ ថុល​ បាន​បញ្ជាក់​ថា៖​ប្រសិន​បើ​ការ​ជួប​ជជែក​នៅ​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ខាង​មុខ​មិន​បាន​លទ្ធ​ផល​ទេ ​គឺ​មគ្គុទ្ទេសក៍​ជនជាតិ​ខ្មែរ​ជា​ច្រើន​នឹង​ផ្អាក​ការ​ជូន​ភ្ញៀវ​ទេសចរណ៍​ដើរ​កំសាន្ដ​៖ «​ប្រាក់​ ហ្គាដ​ (Guide) ខ្មែរ​នោះ​ តាំង​ពីឆ្នាំ​១៩៩៣​ គឺ​បាន​២០​ដុល្លារ ​គឺ​រហូត​មក​ដល់​បច្ចុប្បន្ន​ ប៉ុន្តែ​ខា​ង​សមាគម​ខ្ញុំ​ស្នើ​សុំ​ឱ្យ​តម្លើង​៣០​ដុល្លារ​ ប៉ុន្តែ​លទ្ធផល​នោះ​អត់​បាន​សំរេច​ ខាង​ជនជាតិ​កូរ៉េ​ អត់​ឱ្យ​។ ​ផល​វិបាក ​ដែល​ធ្វើ​ការ​ជាមួយ​ជនជាតិ​កូរ៉េ ​ក្នុង​១ថ្ងៃ​ ករណី​ខ្លះ​ ក៏​ត្រឹម​តែ​១៣​ម៉ោង​ ករណី​ខ្លះ​ក៏​មាន​ដល់​ទៅ​១៦​ម៉ោង​ ហើយ​ម្យ៉ាងទៀត​ ទំនិញ​ក៏​ឡើង​ថ្លៃ​សព្វ​គ្រប់​បែប​យ៉ាង​។​»

​ ប្រធាន​សមាគម​ទ្រទ្រង់​ក្ដី​​សង្ឃឹម​ នៃ​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្មែរ​ដដែល​បាន​បញ្ជាក់ថា៖​ការ​ទាម​ទារ​ ឱ្យ​ក្រុម​ហ៊ុន​កូរ៉េ ​តម្លើង​ថ្លៃ​ឈ្នួល​នោះ​ គឺ​នៅ​ស្របពេល​ដែល​លោក​ដឹង​ថា៖​ មគ្គុទេសក៍​ទេស​ចរណ៍​ខ្មែរ​ និយាយ​ភាសា​ផ្សេង​ទៀត​ ដូច​ជា​ភាសា​ថៃ ​បាន​ឡើង​ថ្លៃ​៤០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ មគ្គុទ្ទេសក៍​ភា​សា​ចិន​បាន​ចំនួន​៥០​ដុល្លារ​ ព្រមទាំង​​មគ្គុទេស​ក៍​ភាសា​អង់គ្លេស​ និង​ភា​សា​អាល្លឺម៉ង់​ ជាដើម​ក៏​ឡើង​ថ្លៃ​ដែរ​។ ​លោក​ ប៉ឹក​ ថុល ​ឱ្យ​ដឹង​ថា​៖​នៅ​ក្នុង​សមាគម​មគ្គុទ្ទេស​ក៏​ខ្មែរ​និយាយ​ភាសា​កូរ៉េ​ គឺ​មាន​សមា​ជិក​ប្រមាណ​២០០​នាក់ ​ហើយ​លោក​កំពុង​ដើរ​ប្រមូល​ស្នាម​មេ​ដៃ​ពី​ពួក​គេ​ ដើម្បី​ធ្វើការ​តវ៉ា​រឿង​នេះ​។​​

ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើរឆ្លងស្ពាន​នៃ​កស្សិណ​ខាងលិច ដើម្បី​ចូល​ទៅទស្សនា​ប្រាសាទអង្គរវត្ត​ កាល​ពី​​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ​២០១៣។
ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើរឆ្លងស្ពាន​នៃ​កស្សិណ​ខាងលិច ដើម្បី​ចូល​ទៅទស្សនា​ប្រាសាទអង្គរវត្ត​ កាល​ពី​​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ​២០១៣។ (RFA/Hang Savyouth)

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ លោក​ ង៉ូវ​ សេងកាក់ ​បាន​មាន​ប្រសាសន៍​ថា​៖លោក​ធ្លាប់​ចូល​រួម​ប្រជុំ​ សម្របសម្រួល​បញ្ហា​នេះ​ ចំនួន​២-៣​លើក​មក​ហើយ​ ដោយ​ខាងភាគី​កូរ៉េ​ធ្លាប់​បាន​សន្យា​ថា​នឹង​យល់ព្រម​តម្លើង​ ប្រាក់​ឈ្នួល​ឱ្យ​មគ្គុទ្ទេសក៍​ជន​ជាតិ​ខ្មែរ​ ចំនួន​៣០​ដុល្លារ​ក្នុង​១​ថ្ងៃ​។​ លោក​ ង៉ូវ សេង​កាក់ ​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​រឿង​នេះ​ នៅ​តែ​មាន​បញ្ហា​ គឺ​លោក​ មាន​​គំរោ​ងនឹង​ជួប​ប្រជុំ​ម្ដង​ទៀត​ នៅ​ដើម​សប្ដាហ៍​ខាង​មុខ​៖ «​ព្រោះ​អាហ្នឹង​វា​មិនមែន​ជា​ការ​កំណត់​របស់​រដ្ឋ​ទេ​ គឺ​ជា​ការ​កំណត់​រវាង​ឯកជន​ និង​ឯកជន​ គឺ​ខ្មែរ​ចង់​សុំ​ឡើង​ថ្លៃ​៣០​ដុល្លារ​ ហើយ​ខាង​កូរ៉េ​ចង់​ឱ្យ​២៥​ អីចឹង​ខ្ញុំថា​ឥឡូវ​ សម្របសម្រួល​គ្នា​ទៅ​ ចាំ​មើល​ខ្ញុំ​ជួប​ប្រជុំ​ថ្ងៃ​ច័ន្ទ​ទៀត​មើល៍​។»

បច្ចុប្បន្ន​​ចំនួន​​ភ្ញៀវ​ទេសចរណ៍​កូរ៉េ​ ដែល​មក​ទស្សនា​ខេត្ត​សៀមរាប​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ ក៏​ប៉ុន្តែ​មគ្គុទ្ទេសក៍​ទេសចរណ៍​ជន​ជាតិ​ខ្មែរ ​ដែល​និយាយ​ភាសា​កូរ៉េ​ នៅ​តែ​អះអាង​ថា៖​ពួកគេ​មិន​ទាន់​ទទួល​បាន​កម្រៃ​សមរម្យ​ពី​សេវា​ជូន​ភ្ញៀវ​ដើរ​កំសាន្ត​នៅ​ឡើយ​ទេ​ ដោយសារ​តែ​មាន​ជន​ជាតិ​កូរ៉េ​ខ្លះ​ ឆ្លៀត​ដើរ​ជូន​ភ្ញៀវ​ ដណ្ដើម​ការងារ​របស់​មគ្គុទ្ទេសក៍​ខ្មែរ​។​​

ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ អាង​ គឹម​ អ៊ាង​ បាន​បង្ហាញ​ឆន្ទៈ​ថា ​លោ​ក​ចង់​ឱ្យ​សមាគម​មគ្គុទ្ទេស​ក៍​ទេសចរណ៍​ខ្មែរ​ ធ្វើ​ការ​ជួប​ចរចា​គ្នា​នៅ​លើ​តុ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ច្រើន​លើក​ច្រើន​សារ ​ប្រសើរ​ជាជាង​ការ​តវ៉ា​ដោ​យ​ផ្អាក​សកម្មភាព​ជូន​ភ្ញៀវ​ដើរ​កំសាន្ត​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។