ក្រុមស្ត្រីជនជាតិកូរ៉េ កម្ពុជា និងយុវជននៃសមាគមស្ត្រីគ្រីស្ទាននៅកម្ពុជា និងស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានសហការគ្នាធ្វើយុទ្ធនាការសម្អាតផ្លូវ នៅថ្ងៃទី២៨ តុលា។
ភរិយាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា អ្នកស្រី គីម មីហេ (Kim Mi hae) ដែលជាប្រធានសមាគមស្ត្រីគ្រីស្ទានកម្ពុជា ថ្លែងតាមរយៈអ្នកបកប្រែថា សមាគមនេះបង្កើតឡើងដើម្បីធ្វើការងារសប្បុរសធម៌ និងដើម្បីភាពស្រស់ស្អាត។ អ្នកស្រីបន្តថា ក្រុមស្ត្រីជនជាតិកូរ៉េ ស្រឡាញ់ភ្នំពេញ ស្រឡាញ់ភាពស្រស់ស្អាត ទើបបង្កើតកម្មវិធីសម្អាតទីក្រុង និងធ្វើអនាម័យតាមដងផ្លូវនេះ ដោយភ្ជាប់ទៅនឹងសារអប់រំដល់ប្រជាពលរដ្ឋទៀតផង។
អ្នកស្រី គីម មីហេ៖ «ថ្ងៃនេះកម្មវិធីរបស់យើងមានគោលបំណងតែមួយគត់ គឺការសម្អាតតាមដងផ្លូវ។ ខ្ញុំបានសុំខាងអាជ្ញាធរនៅសង្កាត់នេះរួចហើយ អ៊ីចឹងនៅថ្ងៃនេះ យើងសម្អាតតែតំបន់បឹងកេងកងមួយទេ គឺយើងចាប់ផ្ដើមពីទីនេះដល់ផ្សារបឹងកេងកង ខ្ញុំនឹងធ្វើការសម្អាតតាមដងផ្លូវ ហើយនិងជួបជាមួយប្រជាពលរដ្ឋ ឬក៏បងៗរស់នៅតាមដងផ្លូវហ្នឹង ពន្យល់ប្រាប់ពួកគាត់ថា តើយើងត្រូវទុកសំរាមបែបណា បង្រៀនពួកគាត់ឲ្យយល់ពីការបោះចោលសំរាម ហើយទម្លាប់ឲ្យពួកគាត់បោះចោលសំរាមក្នុងធុងសំរាម»។
យុទ្ធនាការរើសសំរាមនេះ បានធ្វើចាប់ពីផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់បឹងកេងកង១ រហូតដល់ផ្សារបឹងកេងកង។ ក្រៅអំពីយុទ្ធនាការនេះ ក្រុមស្ត្រីជនជាតិកូរ៉េ កម្ពុជា និងយុវជននៃសមាគមស្ត្រីគ្រីស្ទាន ក៏មានសកម្មភាពអប់រំមួយចំនួនទៀត ដូចជា ចុះអប់រំដល់ប្រជាពលរដ្ឋ និងនិស្សិតនៅតាមសាកលវិទ្យាល័យ ឲ្យឃ្លាតឆ្ងាយពីគ្រឿងស្រវឹង បោះបង់ចោលការជក់បារី និងរក្សាអនាម័យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
