សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងសិក្សា ធ្វើការស្នាក់នៅបណ្ដោះអាសន្ន និងអចិន្ត្រៃយ៍នៅប្រទេសអូស្ត្រាលី (Australia) និងណូវែលហ្សេឡង់ដ៍ (New Zealand) នឹងទទួលបានសេវាកម្មគ្រប់ប្រភេទ ដែលអាចធ្វើបាន តាមរយៈស្ថានទូតនៅទីនោះ។
នៅក្នុងលិខិតផ្លូវការពិសេសមួយរបស់ លោក កុយ គួង ដែលជាឯកអគ្គរាជទូតទើបតែងតាំងថ្មីរបស់កម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ដ៍ ចេញផ្សាយនៅថ្ងៃទី៦ កក្កដា បញ្ជាក់ថា ស្ថានទូតនឹងបម្រើជូនសេវាកម្មផ្សេងៗ ដោយឥតគិតថ្លៃ ដែលរួមមានៈ «លិខិតបើកផ្លូវការ ឬលិខិតធ្វើដំណើរបណ្ដោះអាសន្ន ការពន្យារសុពលភាពលិខិតឆ្លងដែន ទិដ្ឋាការប្រភេទខេ ( K) សម្រាប់ពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនអូស្ត្រាលី និងណូវែលហ្សេឡង់ដ៍ លិខិតបកប្រែប័ណ្ណបើកបរ និងឯកសារដទៃផ្សេងទៀត »។
ក្នុងលិខិតនេះបញ្ជាក់ទៀតថា បើក្នុងករណីដែលមានការអនុវត្តផ្ទុយពីសេចក្ដីជូនដំណឹងនេះ សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា អាចទាក់ទងផ្ទាល់ទៅលោក កុយ គួង តាមរយៈលេខទូរស័ព្ទ (+៦១) ៤៦៩៧២ ៣៧៦៧ ឬសារអេឡិកត្រូនិក: koungkoy@gmail.com៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។